ក្រុង​ឡុង​ដ៍​: ក្រុម​មេឃ​ខៀវ Manchester City និង​ហង្ស​ក្រហម Liverpool មើលទៅ​ទំនងជា​ធ្លាក់​​ចូលទៅក្នុង​ការប្រកួត​ប្រជែង​ដ៏​តាន​​តឹង ដើម្បី​បាន​កា្ល​យ​ជា​ជើងឯក បន្ទាប់ពី​មានជ័យ​ជម្នះ​រៀងៗ​ខ្លួន កាលពី​ចុង​សប្ដាហ៍​កន្លងមក​។​

​ជាមួយគ្នានេះ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្កើន​ក្ដីសង្ឃឹម​របស់ខ្លួន សម្រាប់​ការរង់ចាំ​ដ៏​យូរ ក្នុងការ​បាន​វិល​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League វិញ ខណៈ​ក្រុម Burnley កំពុងមាន​ក្ដី​សុបិន ក្នុងការ​បាន​រួចខ្លួន​ពី​ការធ្លាក់​ដ៏​សែន​អស្ចារ្យ​។​

AFP ផ្នែក​កីឡា មើលឃើញ​រឿងរ៉ាវ ៣​ ចំណុច ពី​ការប្រកួត នៅ​ក្របខ័ណ្ឌ Premier League កាលពី​ចុង​​សប្ដាហ៍​កន្លងទៅនេះ​។​

Rodri សម្ដែង​ការអបអរ ក្រោយស៊ុត​ឱ្យ​ Man City នាំមុខ Watford ៣-០ អំឡុងការប្រកួត នៅ Premier League កាលពីថ្ងៃសៅរ៍។ AFP

-Man City រះ​ឡើង​យ៉ាង​ត្រចះ​-​ត្រចង់ ខណៈដែល Liverpool បង្ហាញ​ភាពក្លាហាន

​ខណៈពេលដែល​ក្រុម​កំពុងមាន​ពិន្ទុ​នាំមុខ Manchester City បានបង្ហាញ​នូវ​ទេពកោសល្យ​ប្រយុទ្ធ​របស់​ពួកគេ ដោយ​ការបំបាក់​ក្រុម Watford ឥត​ប្រណី ៥-១ នោះ ក្រុម Liverpool ឯណោះ​វិញ ត្រូវ​ប្រើ​អស់កម្លាំង​កាយ​​ចិត្ត ក្នុង​រយៈពេល ២៤ ​ម៉ោង​ក្រោយមក ដើម្បី​បញ្ចប់​ជំនួប «Merseyside Derby» (​ការ​ប៉ះគ្នា​រវាង​ក្រុម នៅ​ក្រុង​តែ ១) ជាមួយនឹង​ជ័យជម្នះ ២-០ លើ​ក្រុម Everton​។​

​ក្រុម Man City របស់លោក Pep Guardiola បាន​បង្កើត​បញ្ហា​ប្រឈម​ឱ្យ​ក្រុម Liverpool ជាមួយនឹង​ជោគ​​ជ័យកាលពី​ថ្ងៃ​សៅរ៍ ដោយ​នាំ​មុខដាច់​​បណ្ដោះអាសន្ន ៤​ ពិន្ទុ នៅ​ទី​កំពូល​តារាង ហើយ​សម្រាប់​ ៦២ ​នាទី នៃ​ការ​​ប្រកួត នៅឯ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ វា​ទំនង​ហាក់ដូចជា​ក្រុម​ Everton អាច​នឹង​ជួយផ្ដល់​ភាព​​ចំណេញ​យ៉ាង​ធំ​ឱ្យ​ក្រុម​មេឃ​ខៀវ ខណៈដែល​ពួកគេ​ធ្វើឱ្យ​ក្រុម​ម្ចាស់​​ផ្ទះ​ហង្ស​ក្រហម ចាប់ផ្ដើម​មិន​ស្រួលក្នុង​ចិត្ត ដោយសារ​មិនអាច​បំបែក រនាំង​ការពារ​បាន​។​

​តែ​ក្រុម​របស់លោក Jurgen Klopp ចុងក្រោយ ក៏បាន​ទម្លុះ​ទម្រង់​ការពារដ៏​រឹង​របស់​ក្រុម​ភ្ញៀវ​សម្រេច ដោយសារ​ខ្សែការពារ Andrew Robertson មានឱកាស​តែ​ត​បញ្ចូល​ទី ពេល​ខ្សែប្រយុទ្ធ Mohamed Salah លើក​បាល់​កាត់​ចូលមក​តំបន់​គ្រោះថ្នាក់ ហើយ​នៅ​ប្រមាណ​ជា ៥​ នាទី ដែល​ហ្គេម​ត្រូវ​ចប់ កីឡាករ​បម្រុង Divock Origi បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី៦ របស់ខ្លួន ទល់​​នឹង​ក្រុម Everton ដើម្បី​ជួយ​ឱ្យ​ក្រុម Liverpool ឈ្នះ ១២ ​លើក ក្នុងចំណោម ១៣​ ហ្គេម​ចុងក្រោយ នៅ​លី​គ​របស់ខ្លួន​។​

​ជាមួយនឹង​ការ​នៅសល់ ៥ ​ហ្គេម ក្រុម Man City នាំមុខ ១ ​ពិន្ទុ លើ​ក្រុម​លេខ ២ Liverpool​។ មនុស្ស​តិចតួច​ណាស់នឹងមាន​ការជំទាស់​ថា ក្រុម​ទាំង ២ នេះ គឺជា​ក្រុម​កំពូល​ជាងគេ​លើ​លោក នាពេលនេះ ដូច្នេះវា​ជា​រឿង​សម​ហេតុផល​ណាស់ ដែល​ពួកគេកំពុង​បង្កើតឱ្យមាន​នូវ​ការប្រកួតប្រជែង​ដ៏​តឹង​ចង្អៀត​មួយ ក្នុង​រយៈកាល​ជាច្រើន​ឆ្នាំ​មកនេះ​។​

Xhaka (ឆ្វេង)​ អបអរជាមួយមិត្តរួមក្រុម ក្រោយស៊ុតឱ្យ Arsenal នាំមុខ Man United ៣-១។ AFP

-Arsenal ដើរ​លើផ្លូវ Top4 ដោយ​ទំនុកចិត្ត​

​ក្រុម Arsenal បាន​បោះជំហាន​ដ៏​ធំ​ឆ្ពោះទៅរក​ការ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូងនៅ​ក្របខ័ណ្ឌ Champions League គិត​ចាប់តាំងពី​ឆ្នាំ ២០១៦-២០១៧ ខណៈ​ក្រុម​របស់លោក Mikel Arteta បាន​ពឹង​លើ​សំណាង​របស់ខ្លួន ដើម្បី​យកឈ្នះ​ក្រុម​បិសាច​ក្រហម Manchester United ៣-១​។​

​បន្ទាប់ពី​មានដំណើរ​ផ្លូវ​ដ៏​ឈឺចាប់ ដោយ​ការ​ចាញ់ ៣​ ដង​បន្តបន្ទាប់​គ្នា Arsenal បាន​ឡើង​ត្រឡប់​ទៅកាន់​ចំណាត់ថ្នាក់​លេខ ៤ វិញ ជាមួយនឹង​ជ័យជម្នះ ៤-២ លើ​ក្រុម Chelsea និង​ការ​ដណ្ដើមបាន ៣​ ពិន្ទុ ពី​ក្រុម Man United ដែល​កំពុង​ប្រជែង​ចំណាត់​​ថ្នាក់ ១ ក្នុងចំណោម​ក្រុម នៅ​ទី​កំពូល​ទាំង ៤ (Top4) ជាមួយគ្នា​។​

​ក្រុម Arsenal កំពុង​នាំមុខ ២​ ពិន្ទុ លើ​ក្រុម​គូប្រជែង​រួម​ក្រុង​ឡុង​ដ៍ Tottenham Hotspur ដែល​បាន​ធ្លាក់​មក​នៅ​លេខ ៥ វិញ បន្ទាប់ពី​ប្រកួត​ស្មើដោយ​គ្មាន​គ្រាប់​បាល់​ជាមួយ​ក្រុម​​ម្ចាស់ផ្ទះ Brentford​។​

«​យើង​បាន​ចាញ់ ៣ ​ដង​បន្តបន្ទាប់​គ្នា ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន បានចាប់ផ្ដើម​និយាយ​ពី​យើង​ម្ដងទៀត​។ តែ​សប្ដាហ៍​នេះ បាន​ជួយ​ពួកយើង​ច្រើនណាស់ ការ​បាន ៦ ​ពិន្ទុ ពី​ការ​​ប្រកួត​ទល់នឹង​ក្រុម Chelsea និង Man United បាន​ផ្ដល់នូវ​ទំនុកចិត្ត និង​ថាមពល​យ៉ាងច្រើន សម្រាប់​ហ្គេម​បន្ទាប់​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Granit Xhaka ដែល​បាញ់ ១​ ជើង (​ស៊ុត​យ៉ាង​ពេញកម្លាំង​) ពី​ចម្ងាយ​យ៉ាង​ស្អាត ដើម្បី​បំផ្លាញ​ក្ដី​សង្ឃឹម​របស់​ក្រុម​បិសាច​ក្រហម ក្នុងការ​ប្រជែង​តំណែង Top4​។​

កីឡាកររបស់ Burnley នាំគ្នា​ទះ​ដៃ​អបអរ ក្រោយ​ចប់​ការប្រកួត ដោយ​មាន​ជ័យជម្នះ។ AFP

-Burnley រំកិល​ឡើង​ផុតពី​តំបន់ ដែល​ត្រូវ​ធ្លាក់​ពី​លី​គ​កំពូល​

​ក្រុម Burnley បាន​រំកិល​ឡើង​ផុតពី​តំបន់ ដែល​ត្រូវ​កាត់ចោលជាមួយនឹង​ជ័យជម្នះ ១-០ លើ​ក្រុម Wolverhampton (Wolves) ដែលនាំឱ្យ​គ្រូបង្វឹក​បណ្ដោះអាសន្ន​លោក Mike Jackson និយាយ​បែប​លេងសើច​ថា គាត់​នឹងធ្វើ​ពិធី​អបអរ ដោយ​ផឹកស្រា​បៀរ ១ យប់​ពេញ​។​

​នៅពេលដែល​លោក Jackson ចូលមក​ជំនួស​តំណែង​លោក Sean Dyche ក្រុម Burnley មើលទៅ​ទំនងជា​គ្មាន​សង្ឃឹម​រួចផុត​ពី​ការ​ត្រូវ​ធ្លាក់​លី​គ​ទី​កម្រិត​ទី២ នោះឡើយ តែ​ការប្រឹងប្រែង​រហូតដល់​ស្មើ​ជាមួយនឹង​ក្រុម West Ham ១-១ ហើយ​បន្ទាប់មក ជ័យជម្នះ ២-០ លើ​ក្រុម Southampton និង​មុនពេល​គ្រាប់​​បាល់​នៅ​វគ្គ​ទី២ របស់​កីឡាករ Matej Vydra ជួយ​ឱ្យ​ឈ្នះ​ក្រុម Wolves បាន​នាំឱ្យ​ពួកគេ នាំមុខ ២ ​ពិន្ទុ លើ​ក្រុម​បាត​តារាង​ទី៣ Everton ដែល​នៅសល់ ១ ​ហ្គេមក្នុង​ដៃ​។​

​លោក Jackson បាន​ពោលថា​៖ «​វា​ជា​លទ្ធផល​ដ៏​អស្ចារ្យ ដែល​ពិត​ជាការ​មាននូវ​ទម្រង់​លេង​ដ៏​រឹងមាំ​ម្ដង​​ទៀត​។ វា​ជា​ហ្គេម​ទី៣ ក្នុង ១ ​សប្ដាហ៍ ដូច្នេះ យើង​ត្រូវតែ​ប្រែង​ទាំង​កម្លាំងកាយ និង​ចិត្ត​។ វា​គឺ​ការជំរុញ​ដ៏​ធំ សម្រាប់​ក្រុម​»៕ AFP/VN