ក្រុង​វីឡា​រៀល​: «​ខ្ញុំ​និយាយថា តើ​ក្រុម Villarreal នៅឯ​​ណា​?»​។ នេះ​ជាការ​ពន្យល់​របស់​កីឡាករ Etienne Capoue ដែល​ពណ៌នា​ថា វា​ដូចជា​រូបគេ​កំពុងធ្វើការ​ត្រួតពិនិត្យ​ចំពោះ​ផែនទី​ពិភពលោក ហើយ​ចង្អុល​ម្រាមដៃ​ចុះក្រោម​។​

«​ខ្ញុំ​ត្រូវបាន​ប្រាប់ថា មានការ​ងារ​ហើយ ក្បែរៗ​ក្រុង Valencia ពោលគឺ​គ្រាន់តែ​ប៉ុណ្ណឹង​។ អ៊ីចឹង ខ្ញុំ​ក៏​និយាយថា ល្អ តោះ​ទៅ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Capoue ដែល​ការលេង ២​ ហ្គេម​ចុង​​ក្រោយ​របស់គេ សម្រាប់​ក្រុម​ចាស់ Watford គឺ​នៅឯ​លី​គ​កម្រិត​ទី២ របស់​ប្រទេស​អង់គ្លេស ទល់នឹង​ក្រុម Norwich និង Huddersfield​។​

​រូបគេ​បាន​ចាកចេញនៅ​ខែមករា ឆ្នាំ​ ២០២១ ហើយ​ការប្រកួត ២ ​លើកចុងក្រោយ​របស់គេ ក្នុង​រដូវ​កាលនោះ សម្រាប់​ក្រុម​ថ្មី Villarreal គឺ​ការជួប​ជាមួយ​ក្រុម​យក្ស Real Madrid និង​ក្រុម​បិសាច​ក្រហម Manchester United​។ ក្រុម Villarreal បាន​យកឈ្នះ​ក្រុម Man United ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ដើម្បី​កា្ល​យ​ជា​ជើងឯកនៃ​ក្របខ័ណ្ឌ Europa League នាពេលនោះ ហើយ Capoue ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំការ​ប្រកួត​។​

​នៅ​ថ្ងៃ​ពុធនេះ ក្រុម Villarreal ដែលជា​ក្លិប​របស់ Capoue អត់​ដឹង​អ្វី​ទាំងអស់ ត្រូវ​ជួប​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool សម្រាប់​ការប្រកួត​ជើង​ទី​១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ Champions League​។ ក្រុមនៅ​ទីក្រុង​តូច​មួយ ដែលមាន​សភាព​ស្ងាត់ជ្រងំ នៅឯ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​​អេ​ស្ប៉ា​ញ ឥឡូវនេះ មិន​ស្ថិត​ក្នុងចំណោម​ក្រុម ដែល​ត្រូវបាន​ឡើង​គ្រង​បល្ល័ង្ក​របស់​អឺរ៉ុប​ទេ​។​

«​ការ​ឈ្នះ​ជើងឯក នៅ Champions League ឬ​? យើង​មិនមាន​ភាព​គឃ្លើន ក្នុងការ​និយាយថា យើង​អាច​នឹង​ឈ្នះ​ពាន នៅ Champions League នោះឡើយ​។ យើង​ជា​ក្លិប​តូចតាច​ជាងគេ​បំផុត ក្នុង​វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​នេះ​។ យើង​ជា​ក្លិប​តូច​​តាច​ជាងគេ​បំផុត ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ​កន្លងមក​។ យើង​គ្រាន់​តែ​ធ្វើដំណើរ​ដោយ​រីករាយ​លើផ្លូវ​របស់​យើង ព្រោះ​យើង​គ្មានអ្វី​ត្រូវ​ចាញ់​នោះឡើយ​»​។ ខ្សែបម្រើ​សញ្ជាតិ​បារាំង Capoue បាន​និយាយប្រាប់​មក AFP អម​ជា​មួ​យ​នឹង​សំណើច​។​

​ក្រុម Villarreal បាន​ទម្លាក់​ក្រុម​យក្សអ៊ី​តា​លី Juventus ក្នុង​វគ្គ ១៦ ​ក្រុម​ចុងក្រោយ និង​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ក្នុង​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ដែល​ការ​​ឈ្នះ​ជើងឯក​របស់​ក្លិប​ទាំង​ ២ នៅ​អឺរ៉ុប​នេះ រួមបញ្ចូល​គ្នា​មាន​ចំនួន ៨ ​ដង ពោលគឺ ២​ ដង​ស្មើនឹង​ជ័យជម្នះ​របស់​ក្រុម Villarreal ក្នុង​វគ្គ​ចាញ់​ធ្លាក់​។​

​តែ​ការជួប​ជាមួយ​ក្រុម Liverpool នឹង​កា្ល​យ​ជា​បោះជំហាន​ទៅ​ប្រឈម​ជាមួយ​ឧបសគ្គ​ដ៏​ធំ​បំផុត​ថ្មី​មួយទៀត ខណៈដែល​ក្រុម​យក្ស​អង់គ្លេស ក្រោម​ការដឹកនាំ​លោក Jurgen Klopp កំពុងស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​ការ​ឈ្នះ​ជើងឯក​ជា​ប្រវត្តិសាស្ត្រ​ចំនួន​ ៤ ក្នុង ១ ​រដូវ​កាល​។​

​ហើយ​ជាពិសេស ក្នុង​កីឡដ្ឋាន Anfield ដែល​ជាការ​ប្រឈម ​១ ក្នុងចំណោម​ការ​ប្រឈម​ដ៏​គួរឱ្យ​ខ្លាចរអា​បំផុត ក្នុងការ​ប្រកួត ក្នុង​វិ​ស័​បាល់ទាត់​នោះ គឺជា​អ្វីដែល​ខ្សែបម្រើ​ការពារ Capoue ហួស​ពី​ដឹង​ពេក​ណាស់​ហើយ​។ រូបគេ​ធ្លាប់​លេងនៅ​ទីនោះ ៤ ​ដង ដែល​រាល់​លើក ក្រុម Watford របស់គេចាញ់​រហូតជាមួយនឹង​គ្រាប់​សរុប ១៨-១​។​

«​កីឡដ្ឋាន Anfield គឺជា​ឋាន​​នរក (​កន្លែង​គួរឱ្យខ្លាច​) ដោយ​អ្នក​ត្រូវតែ​និយាយថា តើ​ទីនោះមាន​សភាព​យ៉ាងម៉េច​។ វា​គឺ​ឋាន​​នរក​។ វា​ជា​កីឡដ្ឋាន​ដ៏​អាក្រក់ (​គួរឱ្យខ្លាច​) បំផុត ដែល​ខ្ញុំ​ធ្លាប់បាន​ជួបនៅ​អង់គ្លេស​។ មិន​ថា វា​ជា​បរិយាកាស ឬក៏​វិធីសាស្ត្រ ដែល​ពួកគេ​លេង​នោះទេ ពោលគឺ​សម្រាប់​រយៈពេល ៩០ ​នាទី អ្នករស់នៅ​ក្នុង​ឋាននរក​»​។ នេះ​ជាការ​បរិយាយ​របស់​កីឡាករ Capoue​។​

​កីឡាករ​សញ្ជាតិ​បារាំង Capoue បន្ថែមទៀតថា​៖ «​ពួកគេមាន​សមត្ថភាពក្នុងការ​ធ្វើឱ្យ​មានជោគ​ជ័យ​ហួស​ពី​ការ​ស្មាន ដោយ​បង្កបញ្ហា​ដល់​អ្នក​គ្រប់​​ពេល និង​គ្រប់ផ្នែកនៃ​ទីលាន​។ ពួកគេ​មិន​បញ្ឈប់ ពួកគេ​ធ្វើឱ្យ​អ្នក​នៅ​មិន​ស្ងៀម​គ្រប់ពេលវេលា ពួកគេ​គ្រាន់តែ​ចង់​ស៊ុត​បញ្ចូល​ទី​ឱ្យបាន​ច្រើន​គ្រាប់ ហើយ​សូម្បី​​តែ​នៅពេល​ពួកគេ​មាន​គ្រាប់​​បាល់​ហើយ ក៏​ពួកគេនៅតែ​បន្តទៀត​ដែរ​។ ពួកគេ​ចង់​ផ្ដួល​ឱ្យ​អ្នក​តដៃ​មិន​រួច​»៕ AFP/VN