​ក្រុង​ឡុង​ដ៍​: កីឡាករ Dillian Whyte បាន​ចោទប្រកាន់​មិត្ត​រួម​ជាតិ​អង់គ្លេស Tyson Fury ពី​ការ​មាន​កលល្បិច​ដ៏​អាក្រក់ អំឡុងពេល​ដណ្ដើមបាន​ជ័យ​​ជម្នះ ពី​ការប្រកួត​ដាក់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​ប្រដាល់​ពិភពលោក (WBC) នៅឯ​ពហុ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​សៅរ៍​។​

​កីឡាករ Fury ការពារ​ខ្សែ​-​ក្រវាត់​ពិភពលោក​របស់ខ្លួន​បានសម្រេច ដោយ​ការ​វាយ​ឱ្យ​គូបដិបក្ខ Whyte ត្រូវ​បញ្ឈប់ ក្នុង​ទឹក​ទី៦ ជាមួយនឹង​ការ​​ម៉ាត់​សើយ​ដ៏​គ្រោះថ្នាក់​ពី​ដៃស្ដាំ​របស់ខ្លួន​។ តែ​យ៉ាងណាក្ដី អ្នក​ឡើង​ដណ្ដើម​ខ្សែក្រវាត់​អត់​សម្រេច Whyte យល់ថា អាជ្ញាកណ្ដាល គួរតែ​ពិន័យ Fury ចំពោះ​ការ​រុញ​រូបគេ មុនពេល​រូបគេ ដួល​បោក​ក្បាល​ទៅលើ​កម្រាល​។​

«​ខ្ញុំ​មាន​អារម្មណ៍​ច្របូក​​ច្របល់ តែ​ជាក់ស្តែង ខ្ញុំ​កំពុង​ព្យាយាម​ប្រមូល​សតិ​ស្មារតី​របស់ខ្ញុំ​ឡើងវិញ ហើយ​គាត់បាន​រុញ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដួល ហើយ​ក្បាល​របស់ខ្ញុំ​បាន​បោក​នឹង​កម្រាល ដែលជា​ការខុស​​ច្បាប់​។ នេះ​មិនមែនជា​កីឡា​បោកចំបាប់​ទេ វា​ជា​កីឡាប្រដាល់​។ ខ្ញុំ​គួរតែ​ទទួលបាន​ពេលវេលា​បន្ថែម ដើម្បី​សម្រួល​សតិ​ស្មារតី​ឡើងវិញ ហើយ​បន្ទាប់មក បន្ត​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់ Whyte ពេល​និយាយ​ទៅកាន់​ទូរទស្សន៍ Sky Sports កាលពី​ថ្ងៃ​ចន្ទ​។​

Whyte បាន​បន្តថា​៖ «​ខ្ញុំ​ចាប់បាន (​តាម​ទាន់​) ពោលគឺ​គ្មានអ្វី​ត្រូវ​សង្ស័យ​ឡើយ​។ ខ្ញុំ​ចាប់បាន​ដោយសារ​រូបភាព​ដ៏​ច្បាស់​ល្អ​។ ខ្ញុំ​មាន​របួស ខ្ញុំ​បាន​ព្យាយាម​ប្រមូល​សតិ​ស្មារតី​ឡើងវិញ ហើយ​គាត់ (Fury) មាន​កម្លាំង​ពេញ ដោយ​ប្រើ​ដៃ ២ រុញ​ខ្ញុំ​។ វា​មិន​ដូចជា​ដៃ​ម្ខាង​នោះឡើយ​។ ខ្ញុំ​គួរ​មាន​ពេល ដើម្បី​បាន​ពង្រឹងស្មារតី​ឡើងវិញ ដោយ​ដល់ពេល​ត្រូវឱ្យ​ទឹក​ហើយ តែ Fury បាន​រួចខ្លួន ដោយសារ​ចំណុច​ជាច្រើន​»​។​

Whyte បាន​អះអាងថា Fury ទង្គិច​ក្បាល​របស់គេ បន្ទាប់មក​រូបគេ​រង​របួស​រយះ​ត្របកភ្នែក​ស្តាំ ជា​លើកដំបូង​ដែល​អ្នក​ប្រដា​ល់វ័យ ​៣៤​ ឆ្នាំ រងរបួស​បែបនេះ ក្នុងចំណោម​ការឡើង​សង្វៀន​ប្រកួត​អាជីព​ចំនួន ៣១​ លើក​។

«​គាត់​បាន​បន្ត​ឱន​ចុះទៅ​ចំហៀង ហើយ​ដាក់​ក្បាល​ចូល ហើយក៏​ធ្វើ​បែប​នោះ​។ គាត់​ផ្អៀងខ្លួន​មក ហើយ​គាត់​ផ្អឹប​ក្បាល​។ គាត់​ទង្គិច​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​មានការ​បែក​រយះ ហើយ​ប្រាកដ​ណាស់ លោក​អាជ្ញាកណ្ដាល បាន​ប្រាប់​ខ្ញុំ​ឱ្យ​បញ្ឈប់​»​។ Whyte បានបញ្ជាក់​បន្ថែម​៕ AFP/VN