ក្រុង​មី​ឡាន​: ខ្សែការពារ​សញ្ជាតិ​អ៊ី​តា​លី Giorgio Chiellini នឹង​ចូលនិវត្តន៍​ពី​ការ​​ប្រកួត​បាល់ទាត់​លក្ខណៈ​អន្តរជាតិ បន្ទាប់​ពី​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប ធ្វើការ​ប្រកួត​មិត្តភាព ជាមួយ​ក្រុម​គូប្រជែង​ដ៏​ធំ​មកពី​តំបន់​អាមេរិក​ឡាទីន (​អាមេរិក​ខាងត្បូង​) អា​ហ្ស​ង់​ទីន នៅ​ពហុ​កីឡដ្ឋាន Wembley ក្នុង​ខែមិថុនា​។​

​ការខកខាន​របស់​ក្រុម​ជម្រើសជាតិអ៊ី​តា​លី ក្នុងការ​បាន​ទៅ​បង្ហាញខ្លួន នៅឯ​ព្រឹត្តិ​កាណ៍ World Cup ឆ្នាំនេះ នៅ​ប្រទេស​​កាតា ហាក់ដូចជា​បានមក​ជួយ​ព​ន្លឿ​ន​ការ​​សម្រេចចិត្ត​របស់​ខ្សែការពារ​របស់​ក្រុម​សេះ​​បង្កង់ Juventus វ័យ ៣៧ ​ឆ្នាំ ដោយ​ការ​​ប្រកួតទល់នឹង​ក្រុម​អា​ហ្ស​ង់​ទីននៅ​ទី​​ក្រុង​ឡុង​ដ៍ ជា​កន្លែង​ដែល​ក្រុម​រហស្សនាម «Azzurri» (​ពណ៌​ខៀវ​) បានឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប កាលពី​ខែកក្កដា​កន្លង​ទៅនោះ គឺជា​ការចូល​លេង​លើកចុងក្រោយ​របស់គេ​។​

«​ខ្ញុំ​នឹង​និយាយ​លា ចំពោះ​ក្រុម​ជម្រើស​​ជាតិនៅឯ​ពហុ​កីឡដ្ឋាន Wembley ជាទី​កន្លែង ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នូវ​បទ​ពិសោធ​ដល់​កម្រិត​កំពូល​នៃ​អាជីព ដោយ​ការ​ឈ្នះ​ជើងឯក​អឺរ៉ុប​។ ខ្ញុំ​ចង់​និយាយ​ពាក្យ​លា​ដល់​ក្រុម Azzurri ជាមួយនឹង​ការចង​​ចាំ​ល្អៗ​។ ការប្រកួត​នោះ ច្បាស់​ណាស់នឹង​ជា​ហ្គេម​ចុងក្រោយ​របស់ខ្ញុំ​ជាមួយ​ក្រុម​អ៊ី​តា​លី​»​។ នេះ​ជា​សម្ដី​របស់ Chiellini ដែល​និយាយប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN ក្រោយ​ក្រុម Juve មានជ័យ​ជម្នះ ២-១ លើ​ក្រុម Sassuolo កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ដោយ​បង្ហាញខ្លួន ១១៦ ​លើក សម្រាប់​ក្រុម​ជម្រើសជាតិ កីឡាករ Chiellini ជាប់​ចំណាត់​លេខ​រៀង​ទី​៥ ក្នុង​តារាង​កំណត់ត្រា​របស់​ក្រុមអ៊ី​តា​លី ជាមួយ​អតីត​កីឡាករ លោក Andrea Pirlo ដោយ​មានតែ​លោក Daniele De Rossi, Paolo Maldini, Fabio Cannavaro និង Gianluigi Buffon ប៉ុណ្ណោះ ដែល​នាំមុខ​រូបគេ​។​

​តែ​ខ្សែការពារ​ចាស់វស្សា​រូបនេះ ដែល​បាន​ចូល​លេង​ឱ្យ​ក្រុម Juve ក្នុងនាម​ជា​កីឡាករ​​បម្រុង កាលពី​យប់​ថ្ងៃ​ចន្ទ​នេះ មិនទាន់បាន​សម្រេចចិត្ត​ថា តើ​ត្រូវ​បន្តដំណើរ​ជាមួយ​ក្លិប​អាជីព​របស់គាត់ ហួស​ពី​រដូវ​កាល​នេះ ឬ​យ៉ាងណា​នោះទេ​។​

Chiellini ប្រាប់ទៀតថា​៖ «​ចំណង​របស់ខ្ញុំ​ជាមួយ​ក្លិប Juventus មិនទាន់​កាត់ផ្ដាច់​នៅឡើយ​ទេ ហើយ​វា​នឹងមិន​បញ្ចប់​នោះទេ​។ ពិតមែន​ហើយ ចាប់ពីពេលនេះ រហូតដល់​បញ្ចប់​រដូវ​កាល ខ្ញុំ​ត្រូវតែ​ធ្វើការ​វាយតម្លៃ​គ្រប់យ៉ាង ដោយ​ការនិយាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ពីអ្វី ដែល​ល្អ​បំផុត​»​។​

«​ចាំ​បញ្ចប់​ចំណាត់ថ្នាក់​លេខ ​៤ ក្នុង​តារាង​ពិន្ទុ​នៃ Serie A ជាមុន និង​ឈ្នះ​ពាន Coppa Italia សិន ចាំ​បន្ទាប់មក យើង​នឹង​អង្គុយ​ចុះ​និយាយ​ជាមួយ​ក្រុមគ្រួសារ​ទាំង ២ ទាំង​នៅផ្ទះ និង​ទាំង​នៅ​ក្លិប Juventus ដ្បើ​ម្បី​ដឹងថា តើ​អ្វី គឺ​ល្អ​បំផុត សម្រាប់​គ្រប់គ្នា​»​។ កីឡាករ Chiellini បញ្ជាក់បន្ថែម​។​

Chiellini បាន​បន្ថែមថា​៖ «​វា​គឺ​ដូចគ្នា កាលពី​រដូវក្តៅ​មុន​អ៊ីចឹង ខ្ញុំ​ត្រូវការ​ពេលវេលា និង​មិនបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី រហូតដល់​ចប់​ព្រឹត្តិការណ៍ Euro​។ ក្នុង​វ័យ​របស់ខ្ញុំ​នេះ អ្នក​មិនអាច​ស​ម្លឺ​ង​មើល​វែង​​ឆ្ងាយ​ពេក​នោះទេ តែ​វា​គ្រាន់តែ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ពោលគឺ​វា​ល្អ​ទាំងអស់​»​។​

Juve ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​នាំ​មុខដាច់ ៨​ ពិន្ទុ លើ​ក្រុម​លេខ ​៥ AS Roma ជាមួយនឹង​ការ​នៅសល់ ៤​ ហ្គេម​ទៀត សម្រាប់​ការប្រកួតប្រជែង​យក​កៅអី​ ១ ទៅ​ក្របខ័ណ្ឌ Champions League​។ ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម Inter Milan ក្នុង​វគ្គ​​ផ្តាច់ព្រ័ត្រនៃ​កម្មវិធី Coppa Italia នា​ថ្ងៃទី ១១ ខែឧសភា​៕ AFP/VN