​ក្រុង​ឡុង​ដ៍​: កីឡាការិនី Emma Raducanu គ្រោង​នឹង​តែងតាំង​គ្រូបង្វឹក​ទី​៤ របស់​នាង ក្នុង ១​ ឆ្នាំ បន្ទាប់ពី​បានបញ្ចប់​ទំនាក់ទំនង​ជាមួយ​គ្រូ​​បង្ហាត់​លោក Torben Beltz ក្រោយ​ធ្វើដំណើរ​លើផ្លូវ​ជាមួយគ្នា បាន​រយៈពេល​ត្រឹមតែ ៥ ​ខែ​ប៉ុណ្ណោះ​។ កីឡាការិនី​ម្ចាស់​ជើងឯក​ពាន​កម្មវិធី US Open បាន​ប្រាប់ឱ្យដឹង កាលពី​ថ្ងៃ​អង្គារ​។​

​កីឡាការិនី​វ័យ ១៩ ​ឆ្នាំ នឹងត្រូវ​ចូលរួម​ប្រកួត ក្នុង​កម្មវិធី Madrid Open ក្នុង​សប្តាហ៍​នេះ ខណៈ​នាង​ត្រៀមខ្លួន សម្រាប់​កម្មវិធី​លំដាប់ Grand Slam គឺ French Open តែ​បាន​និយាយថា នាង​ទទួល​អារម្មណ៍​ថា នាង​ត្រូវការ​គំរូ​ហ្វឹកហាត់​បែប​ថ្មី​។ សមាគម​កីឡា​វាយ​កូន​បាល់​ថ្នាក់ជាតិ (LTA) នៅ​ចក្រភព​អង់គ្លេស នឹងធ្វើ​ការ​ជាមួយ​កីឡាការិនី Raducanu ដើម្បី​ជួយ​រក​គ្រូបង្ហាត់​បណ្ដោះអាសន្ន នៅ​សប្ដាហ៍​នេះ​។​

​កីឡាក​រិ​នី​សញ្ជាតិ​អង់គ្លេស Raducanu នឹង​ប្រឹងប្រែង​ទាញយក​ផល​ពី​ដំណើរ​ផ្លូវ​របស់​នាង ដែល​ឡើងដល់​វគ្គ ៨ ​នាក់​ចុងក្រោយ ក្នុង​កម្មវិធី Stuttgart Open 2022 ខណៈ​បាន​ធ្លាក់​ដោយសារ​ប្រកួត​ចាញ់ Iga Swiatek ដែលជា​កីឡាការិនី​លេខ ១ ពិភពលោក និង​ដែល​បន្ទាប់មក ឈ្នះ​ជើងឯក ក្នុង​កម្មវិធីនៅ​អាលឺម៉ង់​នេះ​។​

«​ខ្ញុំ​ចង់​និយាយ​ពាក្យ​អរគុណ​ដល់​លោក Torben (Beltz) សម្រាប់​ការបង្ហាត់​របស់គាត់​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​​លះបង់​គ្រប់យ៉ាងក្នុង​រយៈ​​ពេល​កន្លះ​ឆ្នាំ​កន្លងទៅនេះ​។ គាត់​មាន​បេះដូង​ធំធេង (​ទឹក​​ចិត្ត​ទូលំទូលាយ​) ណាស់ ហើយ​ខ្ញុំ​ទទួលបាន​នូវ​ការយល់​​ចិត្ត​យ៉ាងខ្លាំង អំឡុងពេលនៅ​ជាមួយគ្នានេះ​»​។ នេះ​ជាការ​​និយាយ​របស់​កីឡាក​រិ​នី Raducanu ដែល​កាលពី​ថ្ងៃ​ចន្ទ ឡើងដល់​ចំណាត់ថ្នាក់​ខ្ពស់បំផុត ទី​១១ ពិភពលោក​។​

«​ខ្ញុំ​មាន​អារម្មណ៍​ថា ទិសដៅ​ដ៏​ធំ​បំផុត សម្រាប់​ភាព​រីក​ចម្រើន​របស់ខ្ញុំ គឺ​បង្វែរ​ទៅកាន់​គំរូ​ហ្វឹកហាត់​បែប​ថ្មី ជាមួយនឹង​ជំនួយ​គាំទ្រ​របស់ LTA ជា​បណ្ដោះអាសន្ន​»​។ កីឡាការិនី Raducanu បាន​បន្ថែម​។​

​សម្រាប់​លោក Beltz គាត់​ធ្លាប់​ធ្វើជា​គ្រូបង្ហាត់​របស់​អតីត​កីឡាការិនី​លំដាប់​លេខ ​១ ពិភពលោក និង​ជា​មិត្ត​រួម​ជាតិ​​អាល្លឺម៉ង់ Angelique Kerber នៅពេល​នាង​ឈ្នះ​ពាន​​រង្វាន់ ក្នុង​កម្មវិធី Australian Open និង US Open ក្នុង​ឆ្នាំ​ ២០១៦៕ AFP/VN