ក្រុង​មេន​ឆេ​ស្ទ័​រ​: គ្រូបង្វឹក​របស់​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola (Pep) បាន​និយាយថា គាត់​ត្រូវតែ​រំឭក​ដល់​កីឡាករ​របស់គាត់​ថា ពួកគេ​បានឈ្នះ​ក្រុម​អធិរាជ​ស Real Madrid ៤-៣ ក្នុងការ​ប្រកួត​ដ៏​គួរឱ្យ​ជក់ចិត្តនៅ​ក្របខ័ណ្ឌ Champions League កាល​​ពីថ្ងៃ​អង្គារ បើទោះបីជា​មានការ​​ខកចិត្ត ដែល​មិនអាច​បញ្ចប់​ដំណើរ​គូប្រកួត ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័តនៅ​កីឡដ្ឋាន Etihad នេះ​ក៏ដោយ​។​

​កីឡាករ Kevin De Bruyne, Gabriel Jesus, Phil Foden និង Bernardo Silva ធ្វើបាន​យ៉ាង​ល្អ សម្រាប់​ក្រុម​របស់លោក Pep ដែល​បានធ្វើការ​នាំមុខ ២ ​គ្រាប់ ៣ ​លើក​។ តែ ២ ​គ្រាប់​របស់ Karim Benzema និង ១​ គ្រាប់ ពី​ការប្រើ​បច្ចេក​​ទេស​ផ្ទាល់ខ្លួន​យ៉ាង​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ Vinicius Junior ផ្ដល់​ក្ដីសង្ឃឹម​ដល់​ក្រុម Real សម្រាប់​លទ្ធភាព​វាយបក ១ ​ទៀត នៅ Champions League ក្នុង​កីឡដ្ឋាន Santiago Bernabeu នា​ថ្ងៃទី ​៤ ខែឧសភា​។​

​លោក Pep បាន​រអ៊ូរទាំ ដែល​ក្រុម​របស់លោក បាន​បណ្ដោយឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool នៅមាន​សង្ឃឹម ក្នុងការ​ប្រជែង​ជើងឯកនៅ​ក្របខ័ណ្ឌ Premier League ដោយ​លេង​ស្មើ ២-២ នៅ​ទឹកដី Etihad នេះ កាលពី ៩​ ថ្ងៃមុន ហើយនឹង​មានការ​សោកស្ដាយ​ស្រដៀង​គ្នា​នេះ បន្ទាប់ពី​ការបើកឆាក​ដ៏​ក្ដៅគគុក ដែល​អាច​នឹង​ឃើញ​ក្រុម Man City ទំនងជា​នាំមុខ​ដល់​ទៅ ៤-០ ក្នុង​រយៈពេល​កន្លះ​ម៉ោង​។​

«​ខ្ញុំ​ចង់​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​របស់ខ្ញុំ​ថា យើង​បានឈ្នះ​ការប្រកួត ហើយ​យើង​ត្រូវធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Bernabeu ដោយ​ការលេង​ឱ្យ​ដូច ដែល​យើង​ធ្វើបាន​នៅថ្ងៃនេះ​។ វា​មិន​សំខាន់​ទេ​ថា តើ​យើង​នឹង​ឈ្នះ​ត្រឹមតែ ១​ គ្រាប់ ឬក៏ ៤ ​គ្រាប់​នោះឡើយ នៅ​ទឹកដី Bernabeu អ្នក​ត្រូវតែ​បង្ហាញថា អ្នកជា​នរណា បើ​មិន​ដូច្នេះ​ទេ វា​គ្មាន​ឱកាស​ឡើយ​។ វា​គឺជា​តេស្ត​សាកល្បង​ដ៏​ល្អ ១ សម្រាប់​ពួកយើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Pep​។​

Benzema​ សម្ដែងការអបអរ ក្រោយស៊ុតឱ្យ Real តាម City ៤-៣​។ AFP

​ក្រុម Real ដែល​បាន​គ្រង​ពាន នៅ​អឺរ៉ុប​នេះ ជា​កំណត់ត្រា ១៣ ​សម័យកាល កំពុងធ្វើការ​ប្រកួតនៅ​វគ្គ ៤ ​ក្រុម​ចុង​ក្រោយនេះ ជា​លើក​ទី​៣០ ខណៈ​ក្រុម​មេឃ​ខៀវ ទើប​លេង​ជា​លើក​ទី៣ តែ​ក្រុម​ជើងឯក​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ត្រូវបាន​ចាត់​​ទុកជា​ក្រុម​មាន​សិទ្ធិ​ខ្ពស់​ជាងគេ នៅ​ខាងដើម​នៃ​ការប្រកួត​នេះ​។​

​គ្រូបង្វឹក​របស់​ក្រុម​ភ្ញៀវ Real លោក Carlo Ancelotti បាន​លើកឡើងថា​៖ «​យើង​ចាប់ផ្ដើម​ហ្គេម​មិនល្អ​ទាល់តែសោះ យើង​មាន​ភាព​ធូររលុង​ពេក​ណាស់ សម្រាប់​ការ​របូត​គ្រាប់​បាល់​ទាំង​​នោះ​។ បន្ទាប់ពីនោះ ក្រុម​បានបង្ហាញ​នូវ​អ្វី ដែល​ពួកគេ​បានបង្ហាញ​ឱ្យឃើញថ្មីៗ​នេះ ពោលគឺ​ជាការ​តបត​យ៉ាង​អស្ចារ្យ​»​។​

«​យើង​ត្រូវតែ​ការពារ​ឱ្យបាន​ល្អ​ជាង​នេះ​។ បើ​យើង​ការពារ​បានល្អ​ជាង​នេះ នៅ​ជើង​ទី​២ នោះ យើង​នឹង​ឈ្នះ​។ ប្រសិន​​បើ​យើង​មិនអាច​ការពារ​បានល្អ​ទេនោះ យើង​នឹង​ធ្លាក់​»​។ អ្នក​​ចាត់ការ​សញ្ជាតិ​អ៊ី​តា​លី លោក Ancelotti បាន​បន្ថែម​ដូច្នេះ​។​

​កីឡាករ Benzema បាន​ជួយ​ទាញ​ក្រុម Real ចេញពី​ការ​​ស្លាប់ ដោយ​ការជូន​ដំណើរ (​ទម្លាក់​) ក្រុម Paris Saint-Germain និង Chelsea នៅ ២​ ប្រកួត​មុននេះ ហើយ​ម្ដងទៀត កីឡាករ​អន្តរជាតិ​បារាំង ជួយសង្គ្រោះ​ក្រុម​របស់ខ្លួនឱ្យ​នៅមាន​ដង្ហើម​ដក​ទៀត មុន​ចប់​វគ្គ​ទី​១ ជាមួយ​គ្រាប់​បាល់​ទី​៤០ នៃ​រដូវ​កាល​របស់ខ្លួន​។​

«​យើង​មិន​ចុះ​ញ៉ម​ឡើយ​។ ពេលខ្លះ អ្នក​ត្រូវតែ​ញញឹម​ទទួល​​យក​វា ហើយ​ប្រឹង​សម្រេច​ឱ្យបាន​។ Man City ជា​ក្រុម​ដ៏​អស្ចារ្យ តែ​យើង​ប្រឹងប្រែង​យ៉ាង​​ខ្លាំង ហើយ​អាច​ស៊ុត​បញ្ចូល​ទី ៣ ​គ្រាប់​»​។ នេះ​ជា​សម្ដី​របស់ Benzema៕ AFP/VN