​ក្រុង​មី​ឡាន​: លោក Jose Mourinho ត្រូវ​ត្រឡប់​ទៅកាន់​អង់គ្លេស​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អម​ជាមួយនឹង​អារម្មណ៍​សុទិដ្ឋិនិយម ខណៈដែល​ក្រុម​ដ៏​រីករាយ Roma ត្រៀមខ្លួន សម្រាប់​ការប្រកួត ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​អឺរ៉ុប​ជា​លើក​ទី​៣ របស់​ពួកគេក្នុង​រយៈពេល ៥​ រដូវ​កាល ដោយមាន​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ នៅ​ពីក្រោយ​អ្នកចាត់ការ​សំណព្វ​​ចិត្ត​របស់​ពួកគេ​។​

​រយៈពេល​របស់លោក Mourinho នៅ​ក្រុម Tottenham ដែលជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​ ២០០២ ជា​កន្លែង ដែល​គាត់​បាន​ចាក​ចេញពី​ក្លិប ដោយ​មិន​ឈ្នះ​ពានរង្វាន់​នោះ បានធ្វើឱ្យ​មាត្រដ្ឋាន​របស់​បុរស ដែល​ត្រូវ​បានឱ្យ​រហស្សនាម​ថា «The Special One» ធ្លាក់​ដល់​កម្រិត​ទាប​មួយ​ជា​កំណត់ត្រា​។​

​ក្រុម​គ្រូបង្វឹកដែលមាន​គំនិត​លេង​បែប​ប្រយុទ្ធធ្វើឱ្យ​លោក Mourinho ត្រូវបាន​គេ​បំភ្លេច​​ចោល ខណៈដែល​គាត់​ឈាន​សន្សឹមៗ​ចូល​វ័យ ៦០​ ឆ្នាំ តែ​កំពុង​ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​របស់គាត់​ឡើងវិញ ក្នុងប្រទេសដែល​កីឡាករ​ឆ្នើមៗ​របស់គាត់ មិន​បាត់បង់​ឈ្មោះ​ឡើយ ដោយសារ​ការ​ឈ្នះ​ពាន​ ៣ ជា​ប្រវត្តិសាស្ត្រ ដែល​គាត់​ដឹកនាំ​ក្រុម Inter Milan ឱ្យសម្រេចបាន​ជិត ១២​ ឆ្នាំមុន​។​

​ការរង​បរាជ័យ កាលពី​ថ្ងៃ​សៅរ៍ នៅឯ​ផ្ទះ​របស់​ក្រុម​ជើងឯក​លី​គ​កំពូលអ៊ី​តា​លី Inter បានបញ្ចប់​ដំណើរ​ផ្លូវនៃ​ការ​​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ចំនួន ១២ ​ប្រកួតនៅ​ក្របខ័ណ្ឌ Serie A និង​បំផ្លាញ​ក្ដីសង្ឃឹម​របស់​ក្រុម​លេខ​ ៥ Roma ក្នុងការ​បាន​ទៅលេងនៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​ពួកគេ​ត្រូវ​ធ្វើបាន​ប្រសើរ​ជាង សម្រាប់​ហ្គេមនៅឯ​កីឡដ្ឋាន San Siro ដោយ​ក្រុម​កំពូល ដែល​ត្រូវបាន​គេ​ជឿជាក់​យ៉ាង​​ខ្លាំង​ថា នឹង​អាច​រក្សា​តំណែង​ជើងឯក​បានតែ​ការ​ចាញ់ ៣-១ មិនបាន​បញ្ចប់​ភាព​រីករាយ នៅ​ក្រុង​រ៉ូម មុន​ការធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់​ក្រុម Leicester សម្រាប់​ជំនួប​ជើង​ទី​១ នៃ​ក្របខ័ណ្ឌ European Conference League ក្នុង​វគ្គ ១/២ ផ្តាច់​​ព្រ័ត្រ​របស់​ពួកគេ នា​ថ្ងៃ​ព្រហស្បតិ៍​នេះឡើយ​។​

លោក Mourinho​ របស់​ Roma កំពុងស្រែក​បញ្ជា​​កូន​ក្រុម កន្លងមក។ AFP

​អ្នកគាំទ្របាននិងកំពុង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង ចំពោះ​ពហុ​កីឡដ្ឋាន​អូឡាំពិក​របស់ Roma ក្នុង​ប៉ុន្មាន​ប្រកួត​ថ្មីៗ​នេះ ដោយមាន​អ្នកចូលរួម​ជាង ៦៥ ០០០ ​នាក់ ពេល​មានជ័យ​ជម្នះ​លើ​ក្រុម Salernitana និង Bodo/Glimt ហើយ​ចំនួន ១ ៦០០​ នាក់ នឹង​ក្លាយជា​សំឡេង​លើកទឹកចិត្ត​ដ៏​មានតម្លៃនៅ​កីឡដ្ឋាន King Power​។​

Roma បានឈ្នះ​តែ ១​ លើក ក្នុងចំណោម​ការប្រកួត ២២ ​លើក ដែល​លេង​ក្នុងប្រទេស​​អង់គ្លេស ដោយ​ជ័យជម្នះ​នោះ កើត​មាននៅ​ទឹកដី Anfield ក្នុង​ឆ្នាំ ​២០០១ ដែល​កាលនោះ លោក Fabio Cappello ជា​អ្នកដឹកនាំ​ក្រុម តែ​យ៉ាងណា សរុប​គ្រាប់​បាល់​ទាំង ២ ​ជើង បាន​ចាញ់​ក្រុម Liverpool ២-១ ហើយ​ធ្លាក់​ពី​ការប្រកួតប្រជែង នៅ UEFA Cup ត្រឹម​វគ្គ ១៦ ​ក្រុម​ចុងក្រោយ​។​

​បរាជ័យ ៦-២ នៅ​ក្របខ័ណ្ឌ Europa League ជើង​ទី​១ រដូវ​កាល​មុននៅផ្ទះ​របស់​ក្រុម Manchester United ធ្វើឱ្យ Roma ខាន​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ទ្វីប​ជា​លើកដំបូង តាំងពី​ឆ្នាំ​ ១៩៨៤ មក ដែល​នៅពេលនោះ​ពួកគេ​ត្រូវបាន​ក្រុម Liverpool យកឈ្នះ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ក្នុង​ទឹកដី​ខ្លួនឯង​។​

​តែ​លោក Mourinho បាន​កែប្រែ Roma ឱ្យមាន​ភាព​​រឹងមាំ​ជាង ក្រោម​ការដឹកនាំ​របស់​លោក Paulo Fonseca ហើយ​គាត់​ព្យាយាម​ដោះស្រាយ ដើម្បីឱ្យ​មាននូវ​ភាពស្អិតល្មួត​ឡើងវិញ រវាង​ក្រុម និង​អ្នកគាំទ្រ ដែល​ប្រែប្រួល​ខ្លាំង បន្ទាប់ពី​ក្រុម​របស់​ពួកគេ ឈ្នះ​ពានរង្វាន់​ចុង​​ក្រោយ​បំផុត ក្នុង​ឆ្នាំ ​២០០៨​។​

«​គាត់​បណ្តុះ​គំនិត​ដល់​គ្រប់គ្នា​ថា កុំ​ចុះចាញ់​ឡើយ ដោយ​ប្រឹងប្រែង​បន្ត ហើយ​រួមគ្នា ដើម្បី​ទទួលបាន​លទ្ធផល​។ យើង​មាន​គ្រូបង្វឹក​ម្នាក់ ដែល​ដឹង​ពីអ្វី ដើម្បី​ទទួលបាន​ជោគជ័យ ហើយ​ខ្ញុំ​គិតថា យើង​កំពុង​មានឱកាស​នោះ​»​។ កីឡាករ Nicolo Zaniolo និយាយ​៕ AFP/VN