ក្រុងប៉ារីស​: អតីត​អត្ត​ព​លិ​ក​វាយ​កូន​បាល់​លំដាប់​លេខ​ ១ ពិភពលោក​ផ្នែក​បុរស Roger Federer ដែល​ត្រូវ​ញាំញី​ដោយ​បញ្ហា​របួស​ជង្គង់​ម្ដង​ហើយ​ម្ដងទៀត ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​​ក្រោយនេះ នឹងចូលរួម​លេង​ការ​ប្រកួត​ឯកត្តជនក្នុង​កម្មវិធី ATP Basel ដែល​ធ្វើ​ក្នុង​សាល នា​ខែតុលា​នេះ​។ គណៈកម្មការ​រៀបចំ ការប្រកួត​បាន​បង្ហើប​ឱ្យដឹង​ដូច្នេះ​។​

Federer ដែល​មិនបាន​លេង​លក្ខណៈ​ប្រកួតប្រជែង​សោះ ចាប់តាំងពី​ការរង​បរាជ័យ នៅ​ខែកក្កដា ក្នុង​វគ្គ ៨ ​នាក់​ចុងក្រោយ ក្នុង​កម្មវិធី Wimbledon ក្រោម​ថ្វីដៃ​របស់​កីឡាករ Pole Hubert Hurkacz បាន​ឆ្លើយតប​នឹង​ការប្រកាស​លើ​បណ្ដាញ​សង្គម Instagram របស់​អ្នក​​រៀបចំដោយ​សរសេរ​សារ​ថា​៖ «​ទន្ទឹងរង់ចាំ​ការវិល​មកលេង ក្នុងការ​ប្រកួត​នៅផ្ទះ (​ក្នុងប្រទេស​កំណើត​) វិញ​»​។​

​កម្មវិធី​ប្រកួត ដែល​ដូចគ្នា​នឹង​ម្ចាស់​ជើងឯក ១០​ ដង​នេះដែរ នឹង​ត្រឡប់មក​មាន​សកម្មភាព​ឡើងវិញ បន្ទាប់ពី​ត្រូវ​បង្ខំ​ផ្អាករយៈពេល ២ ​ឆ្នាំ ដោយសារ​ការ​​រាតត្បាតនៃ​ជំងឺ​កូ​វីដ ​១៩​។​

«​បន្ទាប់ពី​ផ្អាក ២ ​ឆ្នាំ ដោយ​​សារ​ជំងឺ​រាតត្បាត ការប្រកួត​វាយ​កូន​បាល់ក្នុង​សាល Swiss Indoors Basel នឹង​ត្រឡប់​មកជា​ចំណែក​នៃ​កម្មវិធី​របស់ ATP Tour វិញ ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ នៃ​ឆ្នាំ​២០២២​។ ម្ចាស់​ជើងឯក​ឯកត្តជន ១០ ​សម័យកាល និង​វីរបុរស​របស់​ស្វ៊ី​ស កីឡាករ Roger Federer បានប្រកាស​វិល​មកកាន់​ទីលានក្នុង​កីឡដ្ឋាន St. Jakobshalle​។ ការចាប់​​អារម្មណ៍​ពេញ​ពិភពលោករំពឹងថា នឹង​ខ្លាំង​កា្ល​មិន​ខាន​»​។ នេះ​ជាការ​ប្រកាស​ពី​គណៈកម្មការ​​រៀបចំ​ការប្រកួត​នេះ​។​

​ជាមួយគ្នានេះ Federer ដែល​ត្រូវមាន​វ័យ ៤១ ​ឆ្នាំ ក្នុង​ខែសីហា ក៏​គ្រោង​លេង ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ជា​ក្រុមកម្មវិធី Laver Cup ដែលមាន​រយៈ​​ពេល ៣ ​ថ្ងៃ ជាមួយនឹង​គូប្រជែង​ដ៏​យូរអង្វែង Rafael Nadal នៅ​ទីក្រុង​ឡុង​ដ៍ ក្នុង​ខែកញ្ញា​ផងដែរ ដោយ​កីឡាករ​ឆ្នើម​ទាំង ២ ​រូប បាន​លេង​ជា​ដៃគូ​ជាមួយគ្នា កាលពី​ព្រឹត្តិការណ៍​នេះ កកើត​ដំបូងក្នុង​ឆ្នាំ ​២០១៧​។​

Federer បាន​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកឆ្នាំ​​មុន និង​វះកាត់​ជង្គង់​ជា​លើក​ទី៣ ក្នុង​រយៈពេល ១៨​ ខែ ហើយ​រូបគេ​លេង​បានតែ ១៣​ ប្រកួត​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ​២០២១ ហើយ​ឆ្នាំ​ ២០២០ បាន ៦ ​ដង​។​

Federer ឈ្នះ​ពាន Grand Slam ២០ ​ដង ដោយ​ស្មើ​ជាមួយ Novak Djokovic និង​តាម​ពីក្រោយ Nadal ដែល​លើស ១ ​លើក ក្រោយ​ឈ្នះ​កម្ម​វិធី​ទី​១ ប្រចាំ​រដូវ​កាល Australian Open៕ AFP/VN