​ក្រុង​មី​ឡាន​: ក្រុម Inter Milan មិនអាច​ដណ្តើម​ចំណាត់​​ថ្នាក់​កំពូល​តារាងនៃ​ក្របខ័ណ្ឌ Serie A បាន​នោះឡើយ កាល​​ពីថ្ងៃ​ពុធ បន្ទាប់ពី​កំហុស​ដ៏​ធំ​មិនគួរ​កើតមាន​របស់​អ្នកចាំទី​បម្រុង Ionut Radu បានធ្វើឱ្យ​ក្រុម​របស់គេ រង​បរាជ័យ ២-១ នៅ​ទឹកដី​របស់​ក្រុម Bologna​។​

​ដោយ​ក្រុម​ទាំង​ ២ ជាប់គាំងក្នុង​លទ្ធផល​ស្មើគ្នា នៅ​នាទី​ទី​៨១ អ្នកចាំទី Radu មិនដឹង​យ៉ាងម៉េច បានកៀស​បាល់​ប្លាត​តម្រង់​ទៅរក​ទី​ខ្លួនឯង នៅពេល​ព្យាយាម​ទាត់​ផ្ដាច់​ចេញពី​តំបន់​គ្រោះថ្នាក់ ខណៈដែល​កីឡាករ Nicola Sansone រត់​ទៅ​ទាត់​បន្ថែម​តែ​បន្តិច​បញ្ចូល​ទី ដែលជា​គ្រាប់​បាល់​ជួយផ្ដល់​ផល​​ចំណេញ​ដល់​ក្រុម AC Milan ក្នុងការ​ប្រកួតប្រជែង​ជើងឯក​។​

​កីឡាករ​សញ្ជាតិ​រូ​៉​ម៉ា​នី​រូបនេះ បាន​ចាក​ចេញពី​ទីលាន អមដោយ​ការខកចិត្ត បន្ទាប់ពី​ការ​​ប្រកួតនៅ​លី​គ​លើកដំបូងនៃ​រដូវ​កាល​របស់​រូបគេ បានបញ្ចប់​ដោយ​ភាពអាម៉ាស់ ដោយសារ​កំហុស ដែល​អាច​ប៉ះពាល់​ដល់​យុទ្ធនា​ការការពារ​តំណែង​ជើង​​ឯក​ពាន Scudetto (Serie A) របស់​ក្រុម Inter យ៉ាងធ្ងន់ធ្ងរ​។​

​តែ​គ្រូបង្វឹក​របស់​ក្រុម Inter លោក Simone Inzaghi នៅតែ​និយាយ​ការពារ​កំហុស​របស់​អ្នកចាំទី​រូបនេះ​ថា​៖ «​វា​ជា​កំហុស ដោយសារ​សំណាង​មិនល្អ តែ​រឿង​បែបនេះ ត្រូវតែ​កើតមានឡើង​។ Radu គឺជា​អ្នក​ចាំ​​ទី​ដ៏​ល្អ​ម្នាក់ ដោយ​អនាគត​ភ្លឺស្វាង កំពុង​រង់ចាំ​រូបគេ​»​។​

​ក្រុម Inter ដែល​បាន​នាំមុខ តាំងពី​នាទី​ទី​៣ ដោយ​ការ​ស៊ុត​យ៉ាង​ពេញកម្លាំង​ពី​ខ្សែប្រយុទ្ធ Ivan Perisic កំពុងមាន​គម្លាត ២​ ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Milan ជាមួយនឹង​ការ​​នៅសល់ ៤ ​ហ្គេម​ទៀត​។​

​បរាជ័យ​សម្រាប់​ក្រុម​របស់លោក Inzaghi កាលពី​រាត្រី​ថ្ងៃ​ពុធ​នេះ អាច​នឹង​ក្លាយជា​ចំណុច​សំខាន់​ដល់​ការ​ប្រជែង​ពាន Scudetto ខណៈដែល​ការ​​ប្រកួត​នេះ គឺជា​ការ​សល់ ១ ​ហ្គេម ក្នុង​ដៃ​របស់​ក្រុម Inter ដែល​មិនបាន​លេងក្នុង​ខែមករា ក្រោយ​មានការ​ផ្ទុះ​ឡើងជា​គំហុក​នូវ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ Serie A និង​ប្រទេស​អ៊ី​តា​លី ​ទាំងមូល​៕ AFP/VN