​ក្រុង​ឡុង​ដ៍​: លោក Ralf Rangnick និយាយ​យ៉ាង​ទទូចថា គាត់​ចង់​ជួយ​លោក Erik ten Hag ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​ឱ្យ​កាន់តែ​ប្រសើរឡើង នៅក្នុង​តួនាទី​ជាទី​ប្រឹក្សា​របស់គាត់នៅ​ក្លិប Manchester United​។​

​លោក Rangnick គឺ​កំពុងតែ​ស្ថិតក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុង​​ក្រោយ នៃ​រយៈពេល​របស់គាត់ ក្នុងនាម​ជា​អ្នកចាត់ការ​បណ្ដោះ​​អាសន្ន​របស់​ក្រុម​បិសាច​ក្រហម Man United មុនពេល​ប្រគល់​តំណែង​នេះ​ទៅឱ្យ​លោក Ten Hag ដែល​បច្ចុប្បន្ន ជា​គ្រូបង្វឹក​របស់​ក្រុម​នៅ​ហូ​ឡង់ Ajax នា​រដូវ​កាល​ក្រោយ​។​

​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ លោក Rangnick ទំនងជា​អស់​ឱកាស​ហើយ ក្នុងការ​ដឹកនាំ​ក្រុម​លេខ​ ៦ Man United ឱ្យ​ដណ្ដើមបាន​សិទ្ធិ​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ តាមរយៈ​ការបញ្ចប់​ក្នុង​ចំណាត់​​ថ្នាក់ ​១ ក្នុងចំណោម​ក្រុមនៅ​ទី​​កំពូល​ទាំង ​៤ របស់​ក្របខ័ណ្ឌ Premier League​។​

​ក្រុម​បិសាច​ក្រហម ត្រូវតែ​ធ្វើការ​ប្រកួត​នៅ ៤ ​ហ្គេម​ចុង​​ក្រោយ​របស់ខ្លួន ដោយ​ការ​​ទទួលបាន​នូវ​លទ្ធផល​ល្អ​ដែរ បើទោះជា​ក្ដីសង្ឃឹមក្នុងការ​បាន​ទៅលេងនៅ Champions League រលាយបាត់​ស្ទើរ​ទាំងស្រុង​ក៏ដោយ តែ​លោក Rangnick បែរ​ជាមាន​ក្ដីបារម្ភ​ថា ការទាមទារ​ចំពោះ​ការ​បាន​លេង ក្នុង​ក្របខ័ណ្ឌ​នោះ អាច​​នឹង​ក្លាយជា​ឧបសគ្គ​ដល់​លោក Ten Hag សម្រាប់​ការធ្វើ​តួនាទី នៅក្នុង​រដូវ​កាល​ដំបូង​។​

«​វា​អាច​នឹង​ជា​ផលចំណេញ​មួយ (​ការខកខាន​លេងនៅ​អឺរ៉ុប​) តែ​មិន​មានន័យថា យើង​នឹង​បោះបង់ចោល​ការប្រកួត ដែល​នៅសល់ ៤ ​លើក​ទេ​»​។ នេះ​ការលើកឡើង​របស់ Rangnick កាលពី​ថ្ងៃ​ពុធ​។​

​លោក​បាន​បន្តទៀតថា​៖ «​សម្រាប់​ពួកយើង វា​គឺ​ច្បាស់​​លាស់​ណាស់ ហើយ​នេះ​ជា​កាតព្វកិច្ច​របស់​យើង នេះ​ជាការ​ងារ​របស់​ពួកយើង ការងារ​របស់ខ្ញុំ ការងារ​របស់​កីឡាករ ដែល​យើង​ព្យាយាម ដើម្បីឱ្យ​ទទួលបាន​លទ្ធ​ផល​ល្អ​បំផុតតាម​ដែល​អាច ហើយ​បន្ទាប់មក យើង​នឹង​ឃើញនៅ​បញ្ចប់​រដូវ​កាល​ថា តើ​យើង​នឹង​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​ប៉ុន្មាន​?»​។​

​លោក Rangnick ត្រូវ​ចាប់​​ផ្តើម​មុខងារ​ជាទី​ប្រឹក្សារយៈ​​ពេល ២ ​ឆ្នាំ​ជាមួយ​ក្រុម Man United នៅ​បញ្ចប់​រដូវ​កាល​នេះ តែ​បុរស​វ័យ ៦៣​ ឆ្នាំ បានទទួល​​ស្គាល់​ថា យុទ្ធសាស្ត្រ​រៀបចំ​តួនាទី​នេះ នៅ​មិនទាន់​ច្បាស់​​លាស់​ទេ​។ គាត់​រំពឹងថា នឹង​ស្វែងយល់​បន្ថែម ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ដើម្បី​ជួយ​ជា​ជំនួយ​ដល់​លោក Ten Hag តាម​ដែល​គាត់​អាច​ធ្វើបាន​។​

«​មែនហើយ ខ្ញុំ​នឹង​នៅទីនេះ រដូវ​កាល​ក្រោយ​។ ខ្ញុំ​ទន្ទឹងរង់ចាំ ដល់​ការធ្វើ​តួនាទី​ជាទី​ប្រឹក្សា​នោះ ហើយ​ច្បាស់​ណាស់ នឹង​ជួយ​លោក Erik (Ten Hag) ឱ្យបាន​ច្រើន តាម​អ្វីដែល​គាត់​ចង់បាន​»​។ លោក Rangnick បាន​បន្ថែម​។​

​តែ​លោក Rangnick បាន​បញ្ជាក់ថា​៖ «​មកទល់ពេលនេះ យើង​មិនទាន់បាន​និយាយ​ជាមួយគ្នា នៅឡើយ​ទេ ហើយ​យើង​ក៏​មិនបាន​មាន​ទំនាក់ទំនង​ជាមួយគ្នា​ដែរ ដោយ​គាត់​កំពុង​ផ្ដោត​ចំពោះ​ក្រុម Ajax ហើយ​ខ្ញុំ​ផ្ចង់អារម្មណ៍​ចំពោះ​ក្រុម Manchester United​។ តែ​ប្រាកដ​​ណាស់ ខ្ញុំ​លើសពី​មាន​ឆន្ទៈ និង​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការជួយ​ទាំង​លោក Erik និង​អ្នកណា​ក៏ដោយ នៅក្នុង​ក្លិប​នេះ ដើម្បី​កែប្រែ​គ្រប់យ៉ាង​ឱ្យ​ប្រសើរ​ជាងនេះទៀត​»៕ AFP/VN