​ក្រុង​លី​វើ​រ​ភូ​ល​: លោក Jurgen Klopp បាន​ព្រមាន​ថា ក្រុម​ហង្ស​ក្រហម Liverpool របស់លោកត្រូវតែ​ប្រុងប្រយ័ត្ន ទោះបីជា​កំពុង​ដាក់​ជើង​ម្ខាង​ចូលទៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ជ័យជម្នះ ២-០ លើ​ក្រុម Villarreal ពី​ការប្រកួត​ជើង​ទី​១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេនៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។​

​គ្រាប់​បាល់ ២ ​គ្រាប់ ក្នុង​រយៈ​​ពេល ២ ​នាទី បាន​បំផ្លាញ​គម្រោង​ផែនការ នៃ​ការលេង​ការពារ​របស់​គ្រូបង្វឹក​ក្រុម Villarreal លោក Unai Emery ខណៈដែល​ខ្សែការពារ Pervis Estupinan បាន​យក​ជើង​រារាំង​បាល់ ពី​ការបញ្ជូន​កាត់​ចូលក្នុង​តំបន់​គ្រោះថ្នាក់​របស់​កីឡាករ Jordan Henderson ហើយ​បាល់​ប្លាត​ចូល​ទី​ខ្លួនឯង នៅ​មុនពេល​ខ្សែប្រយុទ្ធ Sadio Mane បន្ថែម​គ្រាប់​ទី២ នៅ​ប្រមាណ​ជា ១​ នាទី​ក្រោយពី​នោះមក​។​

​ក្រុម​ហង្ស​ក្រហមនៅតែ​ស្ថិត​លើផ្លូវនៃ​ការ​ឈ្នះ​ពានរង្វាន់ ៤ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ ដូចជា​ពានរង្វាន់​របស់​ក្រប​ខ័​ណ្ឌ Champions League, Premier League, FA Cup និង League Cup​។​

​ហើយ​ប្រសិនបើ​មិនមាន​ជួប​នូវ​ការខកចិត្ត​ដ៏​ធំ នៅពេលដែល​ក្រុម​ទាំង ​២ ​ជួបគ្នា​ម្តងទៀត នៅ​ភាគខាងត្បូង​ប្រទេស​​អេ​ស្ប៉ា​ញ ក្នុង​រយៈពេល ៦​ ថ្ងៃ​ខាងមុខ នោះ​រដូវ​កាល​របស់​ក្រុម Liverpool នឹង​បញ្ចប់​ជាមួយនឹង​ការប្រកួតក្នុង​វគ្គ​ផ្តាច់ព្រ័ត្រនៅ Champions League ជា​លើក​ទី​៣ ក្នុង​រយៈពេល ៥ ​រដូវ​កាល នៅ​ទី​​ក្រុងប៉ារីស ប្រទេស​បារាំង នា​ថ្ងៃទី ​២៨ ខែឧសភា​។​

«​វា​ដូច​ជាការ​នាំមុខ ២-០ នៅ​វគ្គ​ទី​១ អ៊ីចឹង​។ អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ឱ្យ​មែន​​ទែន ពោលគឺ ១០០​ ភាគរយ ក្នុង​ចង្វាក់​ពេលវេលា​ដ៏​ស័ក្ដិ​​សម ហើយ​លេងក្នុង​វគ្គ​ទី​២ ឱ្យ​ដូចដែល​យើង​បាន​លេងក្នុង​វគ្គ​ទី​១​។ យើង​ដឹង​ច្បាស់​ថា វា​នឹងមាន​បរិយាកាស​តាន​​តឹង​សម្រាប់​ពួកយើង​ជាមិនខាន​»​។ គ្រូបង្វឹក​របស់​ក្រុម Liverpool លោក Klopp​។

​ផ្ទុយស្រឡះពី​ភាព​រំជើប​​រំជួលនៃ​ការប្រកួត​ដ៏​ស្វិត​ស្វា​ញដែល​ក្រុម​មេឃ​ខៀវ Manchester City មានជ័យ​​ជម្នះ ៤-៣ លើ​ក្រុម​អធិរាជ​ស Real Madrid ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ១ ​គូ​ផ្សេងទៀត កាលពី​ថ្ងៃ​អង្គារ ក្រុម​របស់លោក Emery បាន​កូ​ពី​តាម​តាក់​ទិ​កដែល​បាន​ឃើញថា ពួកគេ​បាន​ទម្លាក់​ទាំង​ក្រុម Juventus និង​ក្រុម Bayern Munich ដោយ​ការលេង​បែប​ការពារ​បែបនេះ​។​

​តែ​យ៉ាងណាក្ដី ក្រុម​ដែលមាន​រហស្សនាម «Yellow Submarine» (​នាវាមុជទឹក ពណ៌​លឿង​) ស្ទើរតែ​អាចធ្វើឱ្យ​ក្រុម​របស់លោក Klopp ជួប​បញ្ហា​ទៅហើយ ខណៈដែល​ក្រុម Liverpool ត្រូវ​រង់ចាំ​ឱកាស​ពេលវេលាទម្រាំ​ទទួល​​បាន​ផល​ជា​វិជ្ជមាននៅ​ទីបំផុត ជាមួយនឹង​ទម្រង់​លេង​គ្រប​សង្កត់​របស់​ពួកគេ​។​

​គ្រូបង្វឹក​របស់​ក្រុម Villarreal លោក Emery បាន​និយាយថា​៖ «២-០ គឺ​ច្បាស់​​លាស់​ណាស់ ពោល​គឺជា​លទ្ធផល​ដ៏​សមរម្យ​។ វា​អាច​នឹងមាន​លទ្ធផល​អាក្រក់​ជាងនេះទៀត តែ​យើង​នៅមាន​ឱកាស​។ ខ្ញុំ​ចង់​បង្ហាញថា យើង​មាន​សមត្ថភាព ក្នុងការ​លេង​ហ្គេម​ដ៏​ប្លែក​មួយនៅ​ទឹកដី​របស់​យើង​»​។​

​ជាមួយនឹង ២​ គ្រាប់​នេះ ក្រុម​ហង្ស​ក្រហម ឥឡូវនេះបាន​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​គូបដិបក្ខ​នានា​ចំនួន ១៣៥​ គ្រាប់​ហើយ តែ​សម្រាប់​ការ​​ប្រកួត​នេះ រាងដូចជា​តឹងចិត្ត​បន្តិច​ដែរ ពេលដែល​បញ្ចប់ ៤៥ ​នាទី​ដំបូង ដោយ​មិនមាន​គ្រាប់​បាល់​៕ AFP/VN