ក្រុងម៉ាឌ្រីដ: ក្រុមអធិរាជស Real Madrid បានគ្រងជើងឯក នៅក្របខ័ណ្ឌ La Liga ជាលើកទី៣៥ កាលពីថ្ងៃសៅរ៍ ក្រោយយកឈ្នះក្រុម Espanyol ៤-០ ក្នុងទឹកដីខ្លួនឯង ខណៈដែលលោក Carlo Ancelotti បានក្លាយជាគ្រូបង្វឹកដំបូងគេ ដែលឈ្នះពានរង្វាន់ ពីគ្រប់លីគធំៗទាំង៥ នៅអឺរ៉ុប។
ដោយត្រូវការត្រឹមតែ ១ពិន្ទុ ពីការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ ក្រុម Rea មានគ្រាប់បាល់នាំមុខ ២គ្រាប់ តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធ Rodrygo ក្នុងវគ្គទី ១ នៃហ្គេម នៅកីឡដ្ឋាន Santiago Bernabeu នេះ មុនពេលគ្រាប់បាល់ ដែលបំប៉ោងសំណាញ់ទីដោយខ្សែបម្រើ Marco Asensio និងខ្សែប្រយុទ្ធ Karim Benzema នៅវគ្គទី ២ បានមកជួយបង្គ្រប់ជ័យជម្នះយ៉ាងពេញលេញបរិបូរណ៍។
ក្រុមអធិរាជស បានធ្វើពិធីលើកពានរង្វាន់នោះ នៅចំពោះមុខមនុស្សចំនួនជិត ៨០ ០០០នាក់ ខាងក្នុងកីឡដ្ឋាន ហើយការប្រារព្ធការអបអរតាមទម្លាប់ បានបន្តធ្វើ នៅឯកន្លែងបាញ់ទឹក Cibeles ក្នុងរាជធានីរបស់ប្រទេសអេស្ប៉ាញ។
«វាគឺជាលើកទី ១ ដែលខ្ញុំបានឈ្នះ នៅទឹកដី Bernabeu នេះ។ បរិយាកាស គឺពិតជាពិសេសណាស់។ ប្រសិនបើខ្ញុំយំ នៅពេលសំឡេងកញ្ចែចុងក្រោយបន្លឺឡើង វាគឺព្រោះតែខ្ញុំរីករាយសប្បាយចិត្តពេក»។ នេះជាសម្ដីរបស់លោក Ancelotti ដែលប្រាប់ទៅកាន់ទូរទស្សន៍ Movistar Plus។
លោក Ancelotti បានវិលមកកាន់ក្លិប Real វិល កាលពីរដូវក្ដៅកន្លងទៅ ដើម្បីទទួលតំណែងជំនួសលោក Zinedine Zidane ដែលជាលើកទី ២ ក្រោយសម្រេចចែកផ្លូវជាមួយក្រុម Everton។

អ្នកចាត់ការសញ្ជាតិអ៊ីតាលី ក៏បានឈ្នះផងដែរសម្រាប់ជើងឯកលីគធំៗ ៤ផ្សេងទៀត ដូចជា Premier League (អង់គ្លេស) ជាមួយក្រុមតោខៀវ Chelsea, Serie A (អ៊ីតាលី) ជាមួយក្រុមបិសាចក្រហមខ្មៅ AC Milan, Ligue 1 (បារាំង) ជាមួយក្រុមអ្នកមាន Paris Saint-Germain និង Bundesliga (អាល្លឺម៉ង់) ជាមួយក្រុមខ្លាភាគខាងត្បូង Bayern Munich។
ដោយពួកគេបានឈរនៅកំពូលតារាង តាំងពីខែវិច្ឆិកាមក ដូច្នេះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលក្រុម Real បានឈ្នះពាន ក្នុងលីគ ដែលពួកគេបានមានប្រៀបអស់រយៈពេលជាច្រើនខែ តែទម្រង់លេងធ្លាក់ចុះពីក្រុម Barcelona និង Sevilla ក៏ជាការរួមចំណែក ក្នុងការផ្តល់ឱកាសសម្រាប់ការឡើងបានគ្រងជើងឯកដ៏លឿននេះ។
ក្រុម Real បាននាំមុខដាច់ ១៧ពិន្ទុ លើក្រុមលេខ ២ Sevilla ជាមួយនឹងការនៅសល់ ៤ប្រកួតទៀត។ ក្រុមអ្នកមានបុណ្យ Barcelona ដែលឈរនៅទី ៣ មាន ១ហ្គេម ក្នុងដៃ តែមានគម្លាតដល់ទៅ ១៨ពិន្ទុ។
វាជាការឈ្នះជើងឯកលីគកំពូលដ៏លឿនបំផុតរបស់ក្រុម Real ចាប់តាំងពួកគេ ធ្លាប់សម្រេចបាន ជាមួយនឹងការនៅសល់ការប្រកួត ៤លើកទៀត កាលពីរដូវកាល ១៩៨៩-១៩៩០។
សម្រាប់ Benzema បើទោះជាបង្ហាញខ្លួន ក្នុងនាមជាកីឡាករបម្រុង ក៏កីឡាអន្តរជាតិបារាំង នៅធ្វើសម្រេចគ្រាប់បាល់ទី ៤២ របស់ខ្លួនបាន ពីការចូលលេងជាច្រើនហ្គេម នារដូវកាលនេះ គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់ ដើម្បីបញ្ចប់ជ័យជម្នះដាច់ភឹង (ដាច់ឆ្ងាយ) តែម្ដងសម្រាប់ក្រុម Real និងនៅថ្ងៃជាប្រវត្តិសាស្ត្រ សម្រាប់លោក Ancelotti៕ AFP/VN