ក្រុងប៉ារីស: កីឡាការិនី Ada Hegerberg ទទួលបានការចាប់អារម្មណ៍ ខណៈដែលក្រុមគ្រងពាន ៧សម័យកាល Lyon បានជូនដំណើរ (ទម្លាក់) ក្រុមគូប្រជែងនៅបារាំង Paris Saint-Germain (PSG) កាលពីថ្ងៃសៅរ៍ ដើម្បីរៀបចំឱ្យមានការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League របស់នារី ជាមួយនឹងក្រុមការពារជើងឯក Barcelona។
កីឡាការិនី Hegerberg និងប្រធានក្រុម Wendie Renard បានស៊ុតបញ្ចូលទីម្នាក់ ១គ្រាប់ ទាំង ២វគ្គ ពោលគឺនៅចន្លោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Antoinette Katoto ដែលជួយឱ្យក្រុម PSG តាមស្មើ ខណៈដែលការឈ្នះ ២-១ ពីការប្រកួតជើងទី ២ នេះ នាំឱ្យក្រុម Lyon ឆ្លងទៅវគ្គដណ្ដើមពាន ជាមួយនឹងគ្រាប់បាល់សរុបទាំង ២ជើង ៥-៣។
ក្រុមជើងខ្លាំងទៅបារាំងនេះ នឹងត្រូវប្រឈមក្រុមនារី Barca ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃទីក្រុងទូរីនរបស់ប្រទេសអ៊ីតាលី នាថ្ងៃទី២១ ខែឧសភា បន្ទាប់ពីក្រុមជើងឯកលីគកំពូលរបស់អេស្ប៉ាញ បានទម្លាក់ក្រុម Wolfsburg ជាមួយនឹងលទ្ធផល ២ជើង ៥-៣ ដែរ ទោះបីជាជើងទី ២ ពួកគេបានចាញ់ក្រុមរបស់អាល្លឺម៉ង់ ២-០ ក៏ដោយ។
ការប្រកួត ក្នុងវគ្គ ៤ក្រុមចុងក្រោយ នាកីឡដ្ឋាន Parc des Princes នេះ ត្រូវបានទស្សនា ដោយចំនួនមនុស្សជាកំណត់ត្រាថ្មី សម្រាប់ហ្គេមក្លិបបាល់ទាត់នារី ក្នុងប្រទេសបារាំង ៤៣ ២៥៤នាក់ ដែលមានរយៈពេល ១សប្តាហ៍ បន្ទាប់ពីចំនួនកំណត់ត្រាពិភពលោក ៩១ ៦៤៨នាក់ បានចូលមកមើលក្រុម Barca ឈ្នះក្រុម Wolfsburg ពីការប្រកួតជើងទី ១ ក្នុងទឹកដីខ្លួនឯង។
ក្រុម Lyon បានធ្វើដំណើរឆ្ពោះមកកាន់ការប្រកួតជើងទី ២ នេះ ជាមួយការមានប្រៀប ដោយសារមានជ័យជម្នះ ៣-២ នៅផ្ទះខ្លួនឯង ក្នុងជំនួបជើងទី ១ កាលពីសប្ដាហ៍កន្លងទៅ ក្នុងខណៈដែលកីឡាការិនីសញ្ជាតិអាមេរិក Catarina Macario បានស៊ុតម៉ៅម្នាក់ឯង ២គ្រាប់។

សម្រាប់ការប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រ នាខែក្រោយ វានឹងផ្ដល់ឱកាសឱ្យក្រុម Barca ដើម្បីធ្វើការសងសឹក ដែលត្រូវក្រុម Lyon បំបាក់ ៤-១ ក្នុងជំនួបដ៏ធំនេះ ក្នុងឆ្នាំ២០១៩ នៅឯក្រុងប៊ុយដាប៉ែស របស់ប្រទេសហុងគ្រី។
លើសពីនេះទៀត ក្រុមនារីអ្នកមានបុណ្យ ក៏កំពុងរំពឹងដល់ការការពារជើងឯក ដែលពួកគេបានឈ្នះជាលើកដំបូង កាលពីឆ្នាំមុន នៅពេលពួកគេបានបំបាក់ក្រុមតោខៀវនារី Chelsea ៤-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្រុង Gothenburg។
ចំណែកក្រុម Lyon ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅ Champions League ជាលើកទី១០ ក្នុងចំណោម ១៣រដូវកាល ហើយក៏ត្រៀមនឹងដណ្តើមយកជើងឯកលីគកំពូលរបស់បារាំងពីក្រុម PSG មកវិញដែរ ដោយពេលនេះកំពុងនាំមុខដាច់ ៥ពិន្ទុ លើគូប្រជែង ជាមួយនឹងការប្រកួតនៅសល់ ៣ដងទៀត៕ AFP/VN