ក្រុង​ឡុង​ដ៍​: ក្រុម​មេឃ​ខៀវ Manchester City នៅ​បន្ត​រក្សា​ការនាំ​មុខ ១​ ពិន្ទុ ក្នុង​តារាងនៃ​ក្របខ័ណ្ឌ Premier League លើ​ក្រុម​ហង្ស​ក្រហម Liverpool ដដែល ជាមួយនឹង​ការប្រកួត​នៅសល់ ៤ ​លើក បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម Leeds ៤-០ កាលពី​ថ្ងៃ​សៅរ៍ រីឯ​ក្រុម Norwich ត្រូវបាន​ទម្លាក់​ទៅ​លី​គ​ទី​២ ហើយ ក្រោយ​រង​បរាជ័យ ២-០ នៅ​ទឹក​​ដី​របស់​ក្រុម Aston Villa​។​

​ការប្រកួត នៅមុននេះ ក្រុម Liverpool បាន​ឡើង​មកឈរ​នៅ​ទី​កំពូល​តារាង ជាមួយនឹង​ជ័យជម្នះ ១-០ នៅឯ​ទឹកដី​របស់​ក្រុម Newcastle ដោយសារ​គ្រាប់​បាល់​របស់​ខ្សែបម្រើ Naby Keita ក្នុង​វគ្គ​ទី១​។​

​ក្រុម​គូប្រជែង​ដណ្តើម​ជើងឯក​ទាំង ​២ ធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​ចំនួន ៥ ​រូប រៀងៗ​ខ្លួនសម្រាប់​ការប្រកួត​នៅ​សប្ដាហ៍​ទី​៣៤ របស់​ពួកគេ​នេះ ខណៈ​ការធ្វើ​​ដំណើរ​ដ៏​លំបាក​ឆ្ពោះទៅ​ហ្គេម​ជើង​ទី​២ នៅ​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួក​​គេមាន​គម្លាត​ឆ្ងាយ​ប៉ុន្មាន​​ឡើយ​។​

​គ្រូបង្វឹក​របស់​ក្រុម Man City លោក Pep Guardiola នៅ​អាច​ផ្ដល់នូវ​ភាពល្អ​ឥតខ្ចោះ បាន​ដោយ​មិនចាំបាច់​ដាក់​កីឡាករ Kevin De Bruyne ឡើយ ខណៈ​ក្រុម​ជើងឯក បាន​រក្សា​គវាសនា នៃ​ការ​ប្រជែង​ពាននៅក្នុង​ដៃ​របស់​ពួកគេ​។​

«​វា​មិន​ពាក់ព័ន្ធ​នឹង​សម្ពាធ​អ្វី​ទេ ពោលគឺ​វា​ជាធម្មតា​។ យើង​ត្រូវតែ​ឈ្នះ​គ្រប់​ហ្គេម​ទាំងអស់​របស់​យើង ដើម្បី​ក្លាយជា​ជើង​​ឯក​។ ប្រសិនបើ​យើង​មិនអាច​សម្រេច​បានទេ Liverpool នឹង​ក្លាយជា​ជើងឯក​»​។ នេះ​ជាការ​​លើកឡើង​របស់លោក Pep​។​

​គ្រាប់​បាល់​ទាំង ៤ ​គ្រាប់​របស់​ក្រុម Man City នេះ គ្រាប់​ដំបូង​កើតឡើង​ក្នុង​នាទី​ទី​១៣ ដោយ​ខ្សែបម្រើ Rodri គ្រាប់​ទី​២ នៅ​នាទី​ទី​៥៤ ដោយ​ខ្សែការពារ Nathan Ake គ្រាប់​ទី​៣ នាទី​ទី​៧៨ ដោយ​ខ្សែប្រយុទ្ធ Gabriel Jesus និង​គ្រាប់​ទី​៤ នៅ​នាទី​ទី​៩០+៣ ដោយ​ខ្សែបម្រើ​ការពារ Fernandinho​។​

​ចំណែក​ក្រុម Norwich កំពុងធ្វើដំណើរ​ត្រឡប់​ទៅ​ក្របខ័ណ្ឌ Championship វិញ​ហើយ ក្រោយ​ឡើងមក​លី​គ​កំពូល​បានតែ ១​ រដូវ​កាល ដោយសារ​គ្រាប់​​បាល់​ពី​ខ្សែប្រយុទ្ធ Ollie Watkins និង Danny Ings បានសម្រេច​អនាគត​របស់​អ្នក​ចាត់​​ការ លោក Dean Smith នៅ​ថ្ងៃ​វិល​មក​ទឹកដី Villa Park​។​

«​ខ្ញុំ​ខកចិត្ត​នឹង​លទ្ធផល​របស់​ពួកយើង​។ យើង​ធ្វើ​មិន​បានល្អ​គ្រប់គ្រាន់​ឡើយ នា​រដូវ​កាល​នេះ​»​។ នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុម Norwich កីឡាករ Grant Hanley៕ AFP/VN