ក្រុង​ឡុងដ៍​: ក្រុម Everton ​រក្សា​ក្តី​សង្ឃឹម​របស់​ពួកគេ ក្នុង​ការ​បាន​រស់​រាននៅ​ក្របខ័ណ្ឌ Premier League បន្ត​ទៀត ដោយ​ការ​​ធ្វើ​ឱ្យ​ក្រុម​តោខៀវ Chelsea ស្រឡាំង​កាំង ជាមួយ​នឹង​ការ​យក​ឈ្នះ ១-០ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​តែ​នាំ​មុខ ២ ​ពិន្ទុ លើ​​ក្រុម​មាន់ខ្នាយមាស Tottenham Hotspur (Spurs) ក្នុង​ការ​ប្រជែង​ដណ្ដើម​សិទ្ធិ​ទៅ​លេង នៅ​ក្របខ័ណ្ឌ Champions League នា​រដូវកាល​ក្រោយ​។

ក្រុម Arsenal បាន​ដំណើរ​ទៅ​យក ៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ West Ham ជាមួយ​នឹង​ជ័យម្នះ ២-១ ដើម្បី​ត្រលប់​ឡើង​​ទៅ​​នៅ​ចំណាត់​ថ្នាក់​លេខ ៤ វិញ បន្ទាប់​ពី​ត្រូវ​ក្រុម​ Spurs ដណ្ដើម​យក​ នៅ​មុន​ហ្នឹង ដោយសារ​​​ឈ្នះ​ក្រុម​ភ្ញៀវ Leicester ៣-១ ក្នុង​នោះ​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូរ៉េខាង​ត្បូង Son Heung-min ស៊ុត​បញ្ចូល​ទីបាន ២ គ្រាប់​។

ការ​ទទួល​បាន​ជ័យជម្នះដ៏​មាន​សារសំខាន់​របស់​ក្រុម Everton ដោយសារ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Richarlison នៅដើម​វគ្គ​ទី ១ ក្នុង​​កីឡដ្ឋាន Goodison Park ដែល​ពេញ​ដោយ​សំឡេង​ខ្ញៀវខ្ញារ​នោះ​ មាន​ន័យ​ថា ក្រុម​របស់​លោក Frank Lampard មាន​គម្លាត​ត្រឹម​តែ ២​ពិន្ទុ​ប៉ុណ្ណោះ ពី​ក្រុម​នៅ​ទី​សុវត្ថិភាព ហើយ​មាន​សល់​ការ​ប្រកួត ១​លើក ក្នុង​ដៃ ដែល​ជា​ឱកាស ដើម្បី​រំកិល​ឡើង​ទៅ​នៅ​ពី​លើ​ក្រុម Leeds និង Burnley។

អតីត​គ្រូបង្វឹក​របស់​ក្រុម Chelsea ផ្ទាល់ លោក Lampard ដែល​ចូល​មក​ជំនួស​តំណែង​លោក Rafael Benitez នៅ​ចុង​​ខែ​មករា បាន​ប្រឹង​ប្រែង​យ៉ាង​លំបាក​ ក្នុង​ការស្ដារ​ឡើង​វិញ​នូវ​​ជោគជតា​របស់​ក្រុម​យក្ស នៅ​តំបន់ Merseyside ដែល​លេង​លើក​ចុង​ក្រោយ ខាង​ក្រៅ​លីគ​កំពូល​ កាល​ពី​រដូវកាល ១៩៥៣-១៩៥៤​។ តែ​លោក​មាន​ការ​ពេញ​ចិត្ត​នឹង​ភាព​ក្លៀវ​ក្លា​ ដែល​បង្ហាញ​ចេញ​ពី​កីឡាករ និង​អ្នក​គាំទ្រ​។​​​

Gabriel (កណ្ដាល) ធ្វើការអបអរជាមួយ​មិត្ត​រួម​ក្រុម ក្រោយ​ស៊ុត​បញ្ចូល​ទី​ឱ្យ Arsenal នាំមុខ West Ham ២-១ អំឡុងការប្រកួត នៅ Premier League កាលពីថ្ងៃ​អាទិត្យ​។

«​អ្នក​គាំទ្រ កំពុង​ស្ថិត​នៅ​ក្នុង​ចំណោម នៃ​រឿង​នេះ (ការ​ប្រឹង​ប្រែង​ដើម្បី​គេច​ពីការ​កាត់​ចោល)​។ ខ្ញុំ​មាន​ការ​រីក​រាយ​ ដែល​កីឡាករ​ទាំង​អស់ អាច​មើល​រក​ឃើញ​ផ្លូវ ដែល​មាន​ន័យ​ចំពោះ​អ្នក​គាំទ្រ​។ ពួក​គេ​ដឹង​ច្បាស់​ពី​រឿង​​នោះ និង​យល់​​ពី​វាច្បាស់​។ ពួក​គេ​នៅ​ពី​ក្រោយ​ពួក​យើង​​ ពោល​គឺ​ទី​នេះ នឹង​ត្រូវ​ជា​កន្លែង​ដ៏​ពិបាក​មួយ នា​ពេលខាង​មុខ​ជា​មិន​ខាន​»​។ លោក Lampard បាន​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Sky Sports​។

ដោយ​ឡែក​ក្រុម Arsenal កំពុង​ស្ថិត​នៅ​លើ​ផ្លូវ ក្នុង​ការ​​បាន​បញ្ចប់​ការ​អវត្តមាន​​ រយៈ​ពេល ៥​ ឆ្នាំ​ ពី​​ Champions League បន្ទាប់​ពី​មាន​ជ័យជម្នះ ជាមួយ​នឹង​​គ្រាប់​បាល់ ២គ្រាប់ ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ការពារ​កណ្ដាល​ទាំង ២ ​រូប គឺ​ Rob Holding និង Gabriel Magalhaes។

តែ​យ៉ាង​ណាក្ដី គោល​បំណង​របស់​ក្រុម​កាំភ្លើង​ធំ​នោះ មិន​ដឹង​ត្រូវ​បាន​សម្រេច​ឬយ៉ាង​នោះ​ទេ នៅ​ពេល​ដែល​ក្រុម Spurs ឯនោះ ក៏​តាម​មក​ប្រកៀក​ៗ ដែល​ធ្វើ​ឱ្យ​​ការ​ប្រជែង​កៅ​អី ដើម្បី​ទៅ​ប្រកួត​ប្រជែង នៅ​អឺរ៉ុប កាន់​តែ​មាន​ភាពតាន​តឹង​ឡើង​ៗ ខណៈ​ដែល​ក្រុម​គូ​ប្រជែង​រួម​ក្រុង​ឡុងដ៍​ទាំង ២ ត្រូវ​ប្រឈម​គ្នា​នៅ​ថ្ងៃ​ទី ១២ ខែ​ឧសភា​នេះ​។​​​

លោក Lampard សម្ដែង​ការ​អប​អរ ពេល Everton នាំ​មុខ Chelsea អំឡុងការប្រកួត នៅ Premier League កាលពីថ្ងៃ​អាទិត្យ​។

គ្រាប់​បាល់​នាំ​មុខ ដែល​ទម្លុះ​សំណាញ់​ទី​ដោយ​ខ្សែប្រយុទ្ធ Harry Kane និង ២គ្រាប់​បន្ថែម​ដោយ​កីឡាករ Son បាន​ធ្វើ​ក្រុម​របស់​លោក Antonio Conte មានប្រៀប​ទាំង​ស្រុង​លើ​ក្រុម Leicester ដែល​ស៊ុត​បាន ១ គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធ Kelechi Iheanacho និង​ដែល​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ជម្រើស​ដំបូង​យ៉ាង​ច្រើន ដោយសារ​ត្រៀម​ខ្លួន​សម្រាប់​ហ្គេម​ជើង​ទី ២ នៅ​ក្របខ័ណ្ឌ Europa Conference League វគ្គ ៤​ក្រុម​ចុង​ក្រោយ ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Roma នៅ​អ៊ីតាលី​។

«​គ្មាន​នរណា​ម្នាក់ អាចធ្វើ​ការ​ស្រមៃ​បាន​នោះ​ទេ នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់ ក្នុង​ខែ​វិច្ឆិកា ដែល​ពួក​យើង អាច​នៅ​ក្នុង​ការប្រជែង​​នេះ​នៅ​ឡើយ តែ​កីឡាករ​ទាំង​អស់ ស័ក្ដិ​សម​នឹង​ ប្រយុទ្ធ ដើម្បី​បាន​ចំណាត់​ថ្នាក់​ដ៏​សំខាន់​បែប​នេះ​។ វា​មិន​មែន​រឿង​ស្រួល​នោះ​ឡើយ ក្នុង​ការ​ដណ្ដើម​សិទ្ធិ​ សម្រាប់ Champions League នៅ​ប្រទេស​អង់គ្លេស​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Conte ដែល​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC​៕ AFP/VN