ក្រុង​មីឡាន: ភ្នាក់ងារ​របស់​កីឡាករ​បាល់​ទាត់​ដ៏​ល្បីល្បាញ​សញ្ជតិ​អ៊ីតាលី កាត់​ហូឡង់ លោក Mino Raiola ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ តាំង​ពី​ខែ​មករា ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​មុន ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៅ​ប្រទេស​អ៊ីតាលី បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ថា គាត់​បាន​ស្លាប់ តែ​វា​បាន​ក្លាយ​ជា​ព័ត៌មាន​មិន​ពិត ព្រោះ​គាត់​កំពុង​​តែ​តស៊ូ ដើម្បី​រស់ តាម​រយៈ​ការ​អះ​អាង​បញ្ចាក់​ពី​​មន្ទីរពេទ្យ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ចុង​ក្រោយ​នេះ ក្រុម​គ្រួសារ​របស់​លោក Raiola ដែលជា​អ្នក​មើល​ថែ​ប្រយោជន៍​របស់​កីឡាករ​ល្បី​ៗ​ជាច្រើន ក្នុង​នោះ​រួម​មានខ្សែប្រយុទ្ធ Erling Haaland ខ្សែបម្រើ Paul Pogba និង​ខ្សែប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic ឥឡូវនេះ បាន​បញ្ជាក់​ពី​មរណភាព​របស់គាត់​ហើយ​។

ក្រុម​គ្រួសាររបស់​លោក Raiola បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «​យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​ភ្នាក់ងារ​របស់​កីឡាករ​បាល់​ទាត់​ដ៏​អស្ចារ្យ​បំផុតមួយ​រូប​មិន​ធ្លាប់​មាន បាន​លាចាក​លោក​នេះ​ហើយ​​។ ​លោក ​Mino (Raiola) បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​រឹង​មាំ រហូត​ដល់​វិនាទី​ចុង​ក្រោយ ដូច​ដែល​គាត់​ធ្វើ​ការ​ចរចា ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កីឡាករ​អ៊ីចឹង​។ លោក Mino បាន​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព ហើយ​គាត់​មិន​ធ្លាប់​រឭក​ដល់​រឿង​នេះ​ឡើយ​»​។

«Mino បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ ដើម្បី​ជា​ប្រយោជន៍ ដល់​កីឡាករ​ជា​ច្រើន​រូប ហើយ​បាន​សរសេរ​ប្រវត្តិសាស្រ្ត​ថ្មី ក្នុង​វិស័យ​បាល់ទាត់​សម័យ​ថ្មី​។ គាត់​នឹង​ក្លាយ​ជា​បុគ្គល ដែល​ត្រូវ​បាន​ចង​ចាំ​ជា​រៀង​រហូត»​។ នេះ​ជា​ការ​បន្ត​ឱ្យ​ដឹង​ពី​សេចក្ដី​ប្រកាស​របស់​ក្រុម​គ្រួសារ​របស់​លោក​ Raiola ដែល​លាចាក​លោក​នេះ ក្នុង​វ័យ ៥៤ ​ឆ្នាំ​។

សេចក្ដី​ប្រកាស​ បាន​បន្ថែម​ចុង​ក្រោយ​ថា​៖ «​ភារកិច្ច​របស់​លោក Mino ដែល​ធ្វើ​ឱ្យ​បាល់ទាត់​កាន់តែ​ប្រសើរ​ឡើង សម្រាប់​កីឡាករ នឹង​ត្រូវ​បាន​ធ្វើ​បន្ត​។ យើង​សូមថ្លែង​អំណរ​គុណ​ដល់​អ្នក​ទាំងអស់​គ្នា សម្រាប់ការ​ផ្ដល់​កម្លាំង​ចិត្ត​ដ៏លើស​លប់ ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ ហើយ​យើង​សុំ​នូវ​ភាព​ឯកជន​របស់​ក្រុម​គ្រួសារ​នៃ​សព និង​មិត្តភក្តិ​ជិតស្និទ្ធ ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ​នេះ​»​៕ AFP/VN