ក្រុងឡុងដ៍: កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​និយាយ កាល​ពី​ថ្ងៃ​អាទិត្យ​ថា រូប​គេ​មាន​អារម្មណ៍​ខូច​ចិត្ត បន្ទាប់​ពី​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន លោក Boris Becker ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ កាល​ពី​ដើម​សប្តាហ៍​នេះ ក្នុង​សំណុំ​រឿង​ក្ស័យ​ធន នៅ​ចក្រភព​អង់គ្លេស​។

បុរស​សញ្ជាតិ​អាល្លឺម៉ង់វ័យ ៥៤ ឆ្នាំ Becker ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ​ឆ្នាំ និង ៦ ​ខែ ដោយ​តុលាការ​ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​សុក្រ​ពី​បទ​លាក់​បាំង​ទ្រព្យ​សម្បត្តិ​រាប់សែន​ផោន បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្រកាស​ក្ស័យធន​។

«​គ្រាន់តែ​មាន​អារម្មណ៍​សោកសៅ ខ្ញុំ​មាន​ន័យ​ថា ខូច​ចិត្ត ចំពោះ​គាត់។ គាត់​ជា​មិត្ត​ភក្តិ ​ជា​មិត្ត​ភក្តិ​ដ៏យូរ​ឆ្នាំ ជា​គ្រូ​បង្វឹក​រយៈពេល ៣-៤ ឆ្នាំ ជា​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​ចាត់​ទុក​ថា មាន​ភាព​ស្និទ្ធស្នាល​​ណាស់​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ភាពជោគជ័យ ក្នុង​អាជីព​របស់​ខ្ញុំ​»​។ កីឡាករ Djokovic បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅឯ​ការប្រកួត ក្នុង​កម្មវិធី Madrid Open​។

អ្នក​ទាំង​ ២ បាន​រួម​ការងារ​ជាមួយ​គ្នា​នៅ​ចន្លោះ​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៦ ដោយ​លោក Becker បាន​ដឹកនាំ​ឱ្យ​កីឡាករ Djokovic ឈ្នះ​ពាន​រង្វាន់​លំដាប់ Grand Slam ចំនួន ៦ ក្នុង​ចំណោម​ពាន​ទាំង ២០ របស់​កីឡាករ​សញ្ជាតិ​ស៊ែប៊ី​។

លោក Becker ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ ​ឆ្នាំ និង ៦ ខែ ពី​បទ​លាក់​ទ្រព្យ​សម្បត្តិ​រាប់សែន​ផោន​។

Djokovic បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា គាត់​នឹង​ឆ្លង​កាត់​ដំណាក់​កាល​នេះ ហើយ​នៅ​ពេល​ដែល​គាត់​ចេញ​មក​វិញ គាត់​នឹង​អាច​រស់​នៅ​ដូច ខ្ញុំ​មិន​ដឹង​ថា តើ​យើង​នឹង​ប្រើ​ពាក្យ ធម្មតា បាន ឬ​អត់ ព្រោះ​ជីវិត​ពិត​ជា​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​មិន​ខាន ខ្ញុំ​ចង់​មាន​ន័យ​​ថា សម្រាប់​អ្នក​ណា​ម្នាក់ ដែល​នឹង​ប្រើ​ជីវិត ក្នុង​មន្ទីរ​ឃុំឃាំង​»​។

«​ខ្ញុំ​គ្រាន់តែ​អធិដ្ឋាន សម្រាប់​គាត់​។ ខ្ញុំ​សង្ឃឹម​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ទាំងផ្នែក​សុខភាព​កាយ​របស់​គាត់ និង​សុខភាព​ផ្លូវចិត្ត​របស់​គាត់ ព្រោះ​នោះ​នឹង​ក្លាយ​ជា​ផ្នែក​ដ៏លំបាក​បំផុត​»​។ នេះ​ជា​ការ​បន្ថែម​របស់​កីឡាករ Djokovic​។

Djokovic ដែល​ជាម្ចាស់​ជើងឯក ៣ ដង ក្នុង​ព្រឹត្តិការណ៍ ATP Masters 1000 នៅ​ទី​ក្រុង​ម៉ាឌ្រីដ កំពុង​ស្វះ​ស្វែងរក​ពាន​ដំបូង​របស់ខ្លួន​ក្នុង​រដូវកាល​នេះ បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ Andrey Rublev ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃកម្មវិធី Serbia Open កាល​ពី​សប្តាហ៍​មុន​៕ VN