​ភ្នំពេញៈ ការប្រណាំង​កង់​ភ្នំ WURKZ Mountain Bike Series ជុំ​ទី​១ រដូវ​កាល​ឆ្នាំ​ ២០២២ ដែល​ត្រូវបានធ្វើនៅលើ​ទីលាន មាន​ស្ថានភាព​ផ្លូវ​លំបាក ស្ថិតនៅលើ​ភ្នំ​កកេស ក្នុង​ទឹកដី​ខេត្តកំពត​នោះ បាន​ក្លាយជា​បទពិសោធ នៃ​ការប្រកួតប្រជែង​ដ៏​មាន​សារៈសំខាន់ ចំពោះ​ក្រុម​ជម្រើសជាតិ​ប្រណាំង​កង់​ភ្នំ​កម្ពុជា នៅមុន​ពេល​ពួកគេ ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ខែឧសភា​នេះ​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​កីឡា​​ករ​ជម្រើសជាតិ​កង់​ភ្នំ ទាំង ​៦ ​នាក់​របស់​យើង សុទ្ធតែ​បាន​ចូលរួម ក្នុងការ​ប្រកួត​នេះ អ៊ីចឹង​ការប្រកួត​ជុំ​ទី​១ ​នេះ បានផ្តល់​សារប្រយោជន៍​យ៉ាងសំខាន់​ដល់​ពួកគាត់ ក្នុង​ការវាស់ស្ទង់​កម្រិត​បច្ចេកទេស និង​បាន​ពង្រឹងសមត្ថភាព​បន្ថែមទៀត សម្រាប់​ត្រៀម​ទៅ​ចូល​​រួមការ​ប្រកួត​ស៊ី​ហ្គេមលើក​នេះ ហើយ​តាម​ការវាយតម្លៃ​ពី​ក្រុម​គ្រូបង្វឹក​ជម្រើសជាតិ​រប​ស់​យើងបានឱ្យដឹងថា ការប្រកួត​កង់​ភ្នំជុំ​ទី​១ ​នេះ កីឡាករ​របស់​យើងធ្វើ​បានល្អ និង​មាន​កម្រិត​បច្ចេកទេស​កើនឡើង គួរឱ្យកត់សម្គាល់​»​។​

​វា​មិន​មែនមាន​ត្រឹមតែ​កីឡាករ​ជម្រើសជាតិ​កង់​ភ្នំ សាំង សីហា​, ហួត លយ​រស្មី​, លឹម វិវឌ្ឍន៍​, ចាន់ ឆៃ​ហ្វុ​ង​, ឃឹម ម៉េង​ឡុង និង ឃួន បណ្ឌិត​បុត្រា ប៉ុណ្ណោះ​ទេ ដែល​ទទួលបាន​ប្រយោជន៍​ពី​ការប្រកួត​កង់​ភ្នំ ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ ប៉ុន្តែ​កីឡាករ​ទាំង​អាជីព និង​មិន​អាជីព​ជាង ​៣០០ ​នាក់​ទៀត ក៏បាន​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ ហើយ​អ្នករៀបចំ និង​តំណាង​អ្នក​​ឧបត្ថម្ភ​ផ្តាច់មុខ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) បាន​អះអាងថា ការប្រកួត​ជុំ​ទី​១ ​នេះ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន និង​បញ្ចប់​ដោយ​ជោគជ័យ​។​

​លោក Pierre Yves Catry ស្ថា​និក​កម្មវិធី​ប្រណាំង​កង់​ភ្នំ និង​ជា​តំណាង​អ្នករៀបចំ​កម្មវិធី FLYING BIKES2 បានឱ្យដឹងថា ការប្រកួត​ជុំ​ទី​១ ​នេះ បាន​ទាក់​​ទាញ​ក្រុម​ជម្រើសជាតិ និង​មហា​​ជន ដែល​ស្រឡាញ់​ការ​ជិះ​កង់ ទាំង​ក្មេង ចាស់ និង​បុគ្គលិក​ក្រុម​​ហ៊ុន​ជីបម៉ុង បាន​ចូលរួម​ជាច្រើន សរុប​ចំនួន ​៣២៨​ នាក់ ធ្វើឱ្យ​ការ​​ប្រណាំង​នេះ មាន​ភាពស្វិតស្វាញ និង​ពោរពេញ​ដោយ​ថាមពល​។​

​លោក​បាន​បន្ថែមថា​៖ «​ទីលានប្រណាំង នៅ​កំពត​នេះ មាន​ស្ថានភាព​ផ្លូវ​លំបាក មាន​ផ្លូវ​ទួល ផ្លូវ​ថ្ម ដែល​ទាមទារ​ការប្រើប្រាស់​កម្លាំង​ខ្លាំង និង​ត្រូវមាន​បច្ចេក​ទេស​ជំនាញ​ជិះ​កង់​ខ្លាំង នៅពេល​ប្រណាំង​។ តែ​ទោះបីជា​ស្ថាន​​ភាព​ផ្លូវ​លំបាក​បែបនេះ​ក៏ដោយ ប៉ុន្តែ​ក្រុម​អត្ត​ព​លិ​ក​ជាច្រើន បាន​ចូលរួម ប្រណាំង​យ៉ាង​សប្បាយរីករាយ ហើយ​ថែមទាំង​អាច​ស្វែង​​យល់​គន្លឹះ ក្នុងការ​ជិះ​កង់​ភ្នំ និង​អាច​ពង្រឹង​បទពិសោធ​បច្ចេក​​ទេស​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អ​»​។​

​ចំណែក​អ្នកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​​វើ​រី​ជី​សបាន​ថ្លែងថា​៖ «​ទីលានប្រណាំង ជុំ​ទី​១ ​នេះ ស្ថិតក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​គួរឱ្យ​ទាក់​​ទាញ ធ្វើឱ្យ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង ជាពិសេស​មាន​ពលរដ្ឋ​រស់នៅក្នុង​តំបន់ និង​នៅតាម​បណ្តា​ខេត្ត​នានា បាន​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​ភ្នែក​យ៉ាងច្រើន​កុះករ ដែល​ធ្វើឱ្យ​ជុំ​ទី​១ មាន​ភាព​អ៊ូអរ និង​សប្បាយ​ជាខ្លាំង​»​។

​គួរ​បញ្ជាក់ថា ការប្រណាំង​កង់​ភ្នំ ឆ្នាំ ​២០២២ ​នេះ មានការ​ប្រកួតនៅលើ​វិញ្ញាសា​ចំនួន​ ១៤ ហើយ​ការប្រកួត​រដូវ​កាល​នេះ ត្រូវធ្វើឡើង​ ៥​ ជុំ ដោយបាន​ចាប់ផ្តើម នៅ​ខេត្តកំពត​នេះ រួច​បន្តទៅ​ធ្វើ​ជុំ​ទី​២ នៅ​ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី ​៣ ខែកក្កដា ហើយ​ជុំ​ទី​៣ ធ្វើ​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​ ១៦ ខែតុលា រីឯ​ជុំ​ទី​៤ នឹងត្រូវ​ធ្វើ​នៅ​ព្រែកលៀប នា​ថ្ងៃទី​ ២០ ខែវិច្ឆិកា ខណៈ​ការប្រកួត​ផ្តាច់ព្រ័ត្រ ជុំ​ទី​៥ ត្រូវធ្វើ​នៅ​គិរី​រម្យ​ដដែល នា​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ​ ២០២២៕