ក្រុង​ម៉ាឌ្រី​ដ​: ម្ចាស់​ជើងឯក​ពានក្នុង​កម្មវិធី US Open កីឡាការិនី Emma Raducanu បានធ្វើ​ដំណើរ​ទៅ​ជុំ​ទី៣ នៃ​ការប្រកួត​វាយ​កូន​បាល់ក្នុង​កម្មវិធី Madrid Open កាលពី​ថ្ងៃអាទិត្យ ក្រោយ​ទម្លាក់​កីឡាការិនី Marta Kostyuk ដោយ​ការយក​ឈ្នះ ក្នុង​លទ្ធផល ៦-២ និង ៦-១ ខណៈដែល​កីឡាការិនី​សញ្ជាតិ​អេ​ស្ប៉ា​ញ Sara Sorribes Tormo បាន​បញ្ឈប់​ដំណើរ​ម្ចាស់​ជើងឯក​ពាន​ធំៗ ៤​ សម័យកាល គឺ​កីឡាការិនី Naomi Osaka ជាមួយនឹង​ជ័យជម្នះ ៦-៣ និង ៦-១​។​

​កីឡាការិនី Raducanu វ័យ ១៩ ​ឆ្នាំ បានឈ្នះ​ការប្រកួត​ដល់​ទៅ​ចំនួន ១១​ លើក ក្នុង​ចំណោម ១២ ​លើកចុងក្រោយ ពី​ការលេង​ទល់នឹង​កីឡាការិនី​អ៊ុយ​ក្រែ​ន Kostyuk ដើម្បី​ជាការ​ដណ្ដើម​ជ័យជម្នះ​ជាច្រើន​ហ្គេម​ជាប់ៗ​គ្នា​ជា​លើក​ទី​២ ក្នុង​កម្មវិធី​ប្រកួត​ផ្សេងៗ នា​រដូវ​កាល​នេះ​។​

«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ជាមួយនឹង​ទម្រង់​លេង​របស់ខ្ញុំ នៅថ្ងៃនេះ​។ Marta (Kostyuk) គឺជា​គូប្រកួត​ដ៏​រឹងមាំ យើង​ប្រកួត​ជាច្រើន​ដង កាលពី​នៅ​កម្រិត​យុវជន ហើយ​បន្ទាប់មក ម្តងទៀត កាលពី​ឆ្នាំមុន​»​។ ខ្ញុំ​ដឹងថា វា​តែងតែ​ជា​សមរភូមិ (​ការប្រកួត​​ប្រជែង​) ដ៏​ស្វិតស្វាញ​ជានិច្ច ដូច្នេះហើយ ខ្ញុំ​បាន​ចេញទៅ​ទីនោះ ដោយ​ព្យាយាម​វាយ​​សម្រុក​ទាំងស្រុង ហើយ​វា​ពិតជា​ទទួលបាន​ផល​មែន​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Raducanu​។​

​កីឡាការិនី Raducanu នឹង​ឡើងទៅ​ប្រឈម​ជាមួយ​គូ​​ប្រកួត​សញ្ជាតិ​អ៊ុយ​ក្រែ​ន ១​​ រូប​ផ្សេងទៀត គឺ​កីឡាការិនី Anhelina Kalinina នៅ​ជុំ​​បន្ទាប់ នៃ​កម្មវិធី​ប្រកួត​លើ​ទីលាន​ដីឥដ្ឋ នៅ​ក្រុង​ម៉ាឌ្រី​ដ របស់​ប្រទេស​អេ​ស្ប៉ា​ញ​នេះ បន្ទាប់ពី​កីឡាការិនី​វ័យ ២៥​ ឆ្នាំ​រូបនោះ បាន​ទម្លាក់​គូបដិបក្ខ កីឡាការិនី Garbine Muguruza ដែលមាន​ចំណាត់​លេខ ៩ ពិភពលោក ដោយ​យកឈ្នះ ៦-៣ និង ៦-០​។​

​រីឯ​កីឡាការិនី​សញ្ជាតិ​ជប៉ុន Osaka បាន​ប្រឹងប្រែង ដើម្បី​រកឱ្យឃើញ​ចង្វាក់​លេង​របស់ខ្លួន ពេល​ត្រូវបាន​គ្រប​សង្កត់​ដោយ​គូបដិបក្ខ Sorribes Tormo ដែល​ដណ្តើមបាន​ជ័យជម្នះ​លក្ខណៈ​អាជីព​ជា​លើក​ទី​២ លើ​អតីត​កីឡាការិនី​លេខ​​ ១ ពិភពលោក​។​

​ក្រោយ​ធ្លាក់​ពី​កម្មវិធី​នេះ កីឡាការិនី Osaka មិនសូវ​ជាមាន​ការបារម្ភ​ពេក​នោះទេ ចំពោះ​បញ្ហា​របួស​ម្ដុំ​កជើងតែ​អះអាងថា នាង​នឹង​អាច​ដោះ​​ស្រាយ​ឱ្យមាន​ភាពប្រសើរ​ជាង​នេះ ដោយ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ឱ្យបាន​លឿន​ជាង​ដែល​នាង​ធ្លាប់ធ្វើ​កន្លងមក​។​

«​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​មិនអាច​លេង​បាន​តាម​វិធី ដែល​ខ្ញុំ​ចង់​លេង​នោះឡើយ ពោលគឺ​ដូចជា​ខ្ញុំ​ត្រូវ​បានដាក់​ដែន​កំណត់​។ ដូច្នេះ វា​មាន​ចំណុច​ផ្សេងៗ​ជាច្រើន ដែល​ខ្ញុំ​គិតថា ខ្ញុំ​អាច​នឹងធ្វើ​បានល្អ​ជាង​ការ​​ប្រកួត​មុនៗ តែ​គ្រាន់តែ​ខ្ញុំ​ធ្វើ​មិនបាន​ប៉ុណ្ណោះ​»​។ នេះ​ជាការ​​ពន្យល់​ប្រាប់​របស់​កីឡាការិនី Osaka៕ AFP/VN