ក្រុង​ម៉ាឌ្រីដ​: ខណៈ​ដែល​ក្រុម​អធិរាជស Real Madrid ធ្វើ​ការ​អបអរ ចំពោះ​ការ​ឈ្នះជើង​ឯក នៅ​ក្របខ័ណ្ឌ La Liga របស់​ពួកគេ គ្រូ​បង្វឹក​លោក Carlo Ancelotti កំពុង​រៀប​ចំ​រួច​ហើយ ក្នុង​ការ​នាំ​យក​ថាម​ពល​ នៃ​ជោគ​ជ័យ​​នេះ ឆ្ពោះ​ទៅ​កាន់​​ការ​ប្រកួត​ជើង​ទី២ ក្នុង​វគ្គ ៤​ ក្រុម​ចុង​ក្រោយ នៅ​ក្រប​ខ័ណ្ឌ Champions League នៅ​ថ្ងៃ​ពុធ​​នេះ ទល់​នឹង​ក្រុម​មេឃខៀវ Manchester City​។

ក្រុម Real បាន​យក​ឈ្នះ​ក្រុម Espanyol ៤-០ កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​កីឡាករ​ទាំង​អស់​កំពុង​ធ្វើ​ការ​អបអរ នៅ​កន្លែង​បាញ់​ទឹក Plaza Cibeles បន្ទាប់​ពី​រថយន្ត​ក្រុង​បើក​ដំបូល បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ ឆ្លង​កាត់​ទី​ក្រុង តម្រង់​ទៅ​កាន់​រូប​សំណាក ដែល​កីឡាករ និង​អ្នក​គាំ​ទ្រ តែងតែប្រារព្ធ​ពិធី​ឆ្លង​ការ​លើក​​ពាន​រង្វាន់​​ដ៏ធំបំផុតរបស់ពួកគេ នៅ​ទី​នេះ​។

«​ហើយ​ឥឡូវ​នេះ ធ្វើ​ដំណើរ​ទៅ​យប់​ថ្ងៃ​ពុធ​។ មែន​ហើយ យើង​អាច​ធ្វើ​បាន​!»​។ លោក Ancelotti បាន​ស្រែក​ដាក់​អ្នក​ក្រុម​អ្នក​ដ៏​រីក​រាយ ដែល​ស្រែក​ត្រលប់​មក​វិញ​ថា​៖ «​មែន​ហើយ យើង​អាច​ធ្វើ​បាន!»​។​

មនុស្ស​ជា​ច្រើន បាន​សង្ស័យ​ថា តើ​ការ​ប្រារព្ធ​ពិធី​អប​អរ​នេះ គឺ​សមរម្យ ឬ​សម​ហេតុ​សម​ផល ឬអត់ នៅ​ពេល​ដែល​ពួកគេ ត្រូវមាន​ការ​ប្រកួតដ៏​ធំ​ទាំង ២ ជាមួយ​នឹង​ក្រុម Man City នៅ​ចន្លោះ​​បែប​នេះ ជា​ពិសេស បន្ទាប់​ពី​ក្រុម​របស់​លោក Pep Guardiola បានធ្វើ​ឱ្យ​ក្រុម​យក្ស​ក្រុង​ម៉ាឌ្រីដ ត្រូវ​ការ​នូវ​សកម្មភាព​សង្គ្រោះ ១​ទៀត ដោយ​ការ​ផ្ដល់​បរាជ័យ ៤-៣ ក្នុង​ហ្គេម​ជើង​ទី ១​។

លើស​ពី​ការ​បារម្ភ ចំពោះ​​ការ​​ប្រសើរ​ឡើង​វិញ ឬ​ការ​ហត់​នឿយ មាន​ការ​លើក​ឡើង​ថា ការ​និយាយ​ពី​ការ​ឈ្នះ​លីគ​កំពូល​អេស្ប៉ាញ​លើក​ទី ៣៥ ​ដោយសភាវគតិ អាច​នឹង​​កាត់​បន្ថយ​ភាព​ចាំ​បាច់ និង​ភាព​អន្ទះ​អន្ទែង​​ខ្លះ​ៗ​ ក្នុង​ការ​តាម​ប្រដេញ​ពានរង្វាន់ នៅ​អឺរ៉ុប ជា​លើក​ទី ១៤ នេះ​។

តែ​លោក Ancelotti មិន​មាន​ការ​សង្ស័យ​នោះ​ឡើយ​ថា ការ​ធ្វើ​ពិធី​អបអរ ដោយ​ភាព​វិជ្ជមាន និង​ថាមពល​ទាំងអស់ នឹង​ជួយ និង​មិន​រារាំង​ដល់​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រុម Real ដើម្បី​បាន​ឡើង​ទៅ​វគ្គផ្តាច់ព្រ័ត្រ Champions League ១​ផ្សេង​ទៀត​នោះ​ឡើយ​។

«​ការ​ប្រារព្ធពិធី​អប​អរ គឺ​ល្អ​សម្រាប់​ផ្លូវ​ចិត្ត នៅ​​គ្រប់​ផ្នែក​​ទាំង​អស់​។ យើង​ជា​អ្នក​អាជីព​។ យប់នេះ យើង​ចូលរួម​អបអរ​សាទរ​ទាំង​អស់​គ្នា​។ ថ្ងៃ​ស្អែក (ថ្ងៃ​អង្គារ) យើង​ហ្វឹកហាត់ ហើយ​ថ្ងៃពុធ យើង​មាន​ការ​ប្រកួត​សំខាន់​ ១​ទៀត​។ ប្រសិន​បើ​ក្នុង​អំឡុង​ពេល​ នៃ​ការ​ប្រារព្ធ​ពិធី​មាន​នរណា​ម្នាក់​ ​ដាច់​រលាត់​ប្រអប់​ជើង ឬ​ជើង​របស់​ពួក​គេ ល្អ​យល់​ស្រប តែ​វា​នឹង​មិន​មាន​រឿង​ហ្នឹង​កើត​ឡើង​ទេ​​»។ លោក Ancelotti បាន​លើក​ឡើង​។​

ក្រុមកីឡាករ​របស់ Real លើកបោះ​លោក Ancelotti ដើម្បី​ជាការ​អបអរ ចំពោះ​ការ​​ឈ្នះពាន La Liga លើក​ទី ៣៥ កាល​ពី​ថ្ងៃ​សៅរ៍។

ក្រុម​អធិរាជស បាន​អនុវត្ត​នូវ​ទម្លាប់​ស្រដៀង​គ្នា​នេះ មុន​ពេល​មាន​ការ​វាយ​បក​ ដ៏​អស្ចារ្យ​របស់​ពួកគេ​ទល់​នឹង​ក្រុម Paris Saint-Germain ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​។ បន្ទាប់​ពី​បាន​បំបាក់​ក្រុម Real Sociedad ក្នុង​កីឡដ្ឋាន Santiago Bernabeu កាល​ពី​ថ្ងៃ​សៅរ៍ មុន​ការ​ប្រកួត​ជើងទី ២ កីឡាករ​របស់ Real បាន​ដើរ​ត្រលប់​ទៅ​កាន់​ទី​លាន​វិញ​យ៉ាង​យូរ ក្រោយ​សំឡេង​កញ្ចែ​ចុងក្រោយ​បន្លឺឡើង ដើម្បី​ទះ​ដៃ​អបអរ និង​ស្រូប​យក​សំឡេង​ស្រែក​របស់​អ្នក​គាំទ្រ ដែល​ជំរុញ​ឱ្យ​ក្រុម​មាន​ការ​ជឿ​ជាក់​ថា ការ​វាយ​បក​អាច​សម្រេច​បាន​។

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម Man City គឺមាន​ភាព​ដោយ​ឡែក​ពី​ក្រុម PSG ពោល​គឺ​ជា​ក្រុម​ពេញលេញ​ជាង ឆ្លាតវៃ​ជាង និង​មាន​ការ​តាំង​ចិត្តជាង ដែល​នឹង​មិន​សូវ​ងាយ​រងគ្រោះ ចំពោះ​ភាព​អស្ចារ្យ​របស់​ក្រុម Real នៅ​អឺរ៉ុប​ និង​កម្លាំង​ដ៏​មហិមា នៃ​សន្ទុះ ដែល​ហាក់​ដូចជា​កំពុង​លុក​លុយ​ នៅ​ទឹកដី Santiago Bernabeu នៅ​រាត្រី​ប្រកួត​ដ៏​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុបនោះ​ឡើយ​​។

«​នៅ​ឯ​​ទឹក​ដី Bernabeu គ្មាន​អ្វី ដែល​ត្រូវ​បាត់បង់ (ចាញ់) ឡើយ​។ ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ តែ​មាន​វេទមន្ត​ពិសេស នៅ​ទឹក​ដី Bernabeu ដែល​ជួយ​អ្នក​»​។ សម្ដី​របស់​លោក Ancelotti បន្ទាប់​ពី​ក្រុម​ Real របស់​លោក វាយ​បក​ពី​ការ​នាំ​មុខ ២-០ រហូត​ដល់​យក​ឈ្នះ ៣-២ លើ​ក្រុម PSG បាន​វិញ សម្រាប់​​គ្រាប់​បាល់​សរុប​ទាំង ២​ជើង ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​​ Karim Benzema ស៊ុត​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់​) ក្នុង​វគ្គ​ទី ២ នៃ​ហ្គេម​នោះ​​៕ AFP/VN