ក្រុង​មីឡាន​: ក្រុម Cagliari បាន​បញ្ចប់​តំណែង​របស់​គ្រូ​បង្វឹក​លោក Walter Mazzarri កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ក្លិប នៅ​ក្របខ័ណ្ឌ Serie A កំពុង​ប្រឹង​ប្រែង​ប្រយុទ្ធ ដើម្បី​ជៀស​ឱ្យ​ផុត​ពី​ការ​កាត់​ចោល មុន​ពេល​មាន​ជំនួប​ដ៏​សំខាន់​ជាមួយ​នឹង​ក្រុម ដែល​កំពុង​ប្រជែង ដើម្បី​រស់​ដូចគ្នា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ក្រុម Cagliari បាន​ឱ្យ​ដឹង​ថា៖ «​លោក Mazzarri ត្រូវ​បាន​ដក​ចេញ​ពី​​តួនាទី​របស់​គាត់ ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម​ធំ​ហើយ»​។ ហើយ​ជាមួយ​គ្នា​នេះ បណ្ដាញ​សារព័ត៌មាន​នានា នៅ​អ៊ីតាលី បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា គ្រូបង្វឹក​របស់​ក្រុម​យុវជន លោក Alessandro Agostini នឹង​ទទួល​បន្ទុក​ជំនួស សម្រាប់​ការ​ប្រកួត ៣​លើក​ចុងក្រោយ នៃ​រដូវកាល​នេះ​។

លោក Mazzarri វ័យ ៦០​ឆ្នាំ ត្រូវ​បានបញ្ចប់​តំណែង បន្ទាប់​ពី​រង​បរាជ័យ ២-១ ក្នុងផ្ទះខ្លួន​ឯង ដោយសារ​ក្រុម Verona កាល​ពី​ថ្ងៃសៅរ៍ ដែល​ជាការ​ចាញ់​លើក​ទី ៧ ក្នុង​ចំណោម ៨ ការ​ប្រកួត​ចុង​ក្រោយ ពោល​គឺ​ធ្វើ​ឱ្យ​​ក្រុម​លេខ ១៧ Cagliari ត្រូវ​ក្រុម​នៅ​បាតតារាង​ទាំង ៣​ដក​ដង្ហើម​ក្បែរ​ក​របស់ខ្លួន​។

ចុង​សប្តាហ៍​នេះ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅផ្ទះ​របស់​ក្រុម Salernitana ដែល​ឈរ​ក្នុង​ចំណាត់​ចំណាត់​ថ្នាក់ត្រូវ​កាត់​ចោល ហើយ​ពេល​នេះ​មាន​គម្លាត​ខុស​គ្នា​តែ ២ពិន្ទុប៉ុណ្ណោះ​ជាមួយ​ក្រុម នៅ​តំបន់ Sardinian ក្រោយ​ស្មើ​ជាមួយ​ក្រុម Atalanta ១-១ កាល​ពី​យប់​ថ្ងៃ​ចន្ទ​។

១ប្រកួត​ផ្ដាច់​ព្រ័ត្រ (ចុងក្រោយ) នៃ​រដូវកាល របស់​ក្រុម Cagliari ត្រូវ​តទល់​ជាមួយ​ក្រុម​បាតតារាង Venezia ដែល​មាន​គម្លាត ៦​ពិន្ទុ ពី​ទីតាំង​សុវត្ថិភាព តែ​ក៏​នៅ​សល់ ១ហ្គេម ក្នុង​ដៃ​ផង​ដែរ​៕ AFP/VN