ក្រុង​ប៊ែរឡាំង: ក្រុម Borussia Dortmund បាន​ពង្រឹង​តំបន់​ការពារ​របស់ខ្លួន សម្រាប់​រដូវកាល​ក្រោយ ដោយ​ការ​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃចន្ទ យក​ខ្សែ​ការពារ​កណ្តាល​សញ្ជាតិ​អាល្លឺម៉ង់ Nico Schlotterbeck លើ​កិច្ច​សន្យា​រយៈ​ពេល ៥​ឆ្នាំ ពី​ Freiburg ដែល​ក្រុម​គូ​ប្រជែង នៅក្របខ័ណ្ឌ Bundesliga ជាមួយ​គ្នា​។

កីឡាករ​វ័យ ២២ឆ្នាំ ​បាន​ចូល​លេង ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ នៅ​រដូវ​កាល​នេះ ដោយ​ផ្អែក​លើ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ក្នុង​ក្រុម Freiburg នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​នេះ។

ក្លិបទាំង ២ មិន​បាន​បញ្ជាក់​អះអាង​ពី​តម្លៃ នៃ​ការ​ផ្ទេរនេះ​ទេ តែ​កាសែត​ប្រចាំថ្ងៃ «Bild» នៅ​អាល្លឺម៉ង់ បាន​ឱ្យ​ដឹង​ថា មានតម្លៃប្រហែល ២០លានអឺរ៉ូ ($២១ លាន)។

«​Nico Schlotterbeck គឺ​ជា​កីឡាករ​វ័យ​ក្មេង​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ដែល​បាន​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ៗ។ ទម្រង់លេង​របស់គេ​សមនឹង​ក្រុម Borussia Dortmund យ៉ាង​ល្អ​ឥតខ្ចោះ​»​។ នេះ​ជាការ​លើក​ឡើង​ពី​នាយក​កីឡាករ​របស់​ក្លិប លោក Michael Zorc​។

Schlotterbeck គឺ​ជា​ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់​ចុងក្រោយ​បង្អស់ ដែលផ្លាស់​ទៅ​ក្លិប Dortmund សម្រាប់​រដូវកាល​ក្រោយ បន្ទាប់​ពី​កីឡាករ Niklas Suele បាន​មក​ចូល​រួមជាមួយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ពី​ក្រុម Bayern Munich ក្នុង​ខែ​កុម្ភៈ​ ហើយ​ទាំង ២​នាក់ ត្រៀម​ធ្វើ​ជា​ដៃ​គូ​នឹង​គ្នា នៅ​តំបន់​ការពារកណ្ដាល នារដូវកាល​ក្រោយ​។

គ្រូបង្វឹក​លោក Marco Rose បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំបន់​ការពារ ត្រូវ​តែ​កែ​លម្អ បន្ទាប់​ពី​រង​បរាជ័យ ក្នុង​លទ្ធផល ៤-៣ កាល​ពី​ថ្ងៃសៅរ៍ ក្នុង​ទឹក​ដី​ខ្លួន​ឯង ដោយសារ​ក្រុម Bochum ដែល​លទ្ធផល​នោះ បាន​ឃើញថា ក្រុម Dortmund របូត​គ្រាប់​បាល់​ដល់​ទៅ ៥០​គ្រាប់ សម្រាប់​ការ​ប្រកួត ក្នុង​លីគ នារដូវកាល​នេះ​៕ VN