ក្រុងវីឡារៀល​: លោក Jurgen Klopp បាន​លើក​ឡើង​ថា ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី ៣ ក្នុង​រយៈពេល ៥ ឆ្នាំ ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool មាន​អារម្មណ៍​ពិសេស​ដូច​កាល​លើក​ទី ១ អ៊ីចឹង បន្ទាប់​ពី​ក្រុម​របស់​គាត់ បាន​ជូន​ដំណើរ (បំផ្លាញ) ចំពោះ​ការ​វាយបក​ដ៏ខ្លាំង​ក្លា​ពី​ក្រុម Villarreal កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​រក្សា​ក្តី​សង្ឃឹម ក្នុង​ការ​បាន​ឈ្នះ​ពាន ៤ ក្នុង ១ ​រដូវកាល​បន្ត​ទៀត​។

ដោយ​កំពុង​តាម​ពី​ក្រោយ ២-០ សម្រាប់​លទ្ធផល ក្នុង​ហ្គេម​ជើង​ទី ១ នៃ​ការ​ប្រកួត​វគ្គ ៤ក្រុម​ចុង​ក្រោយ​​នេះ​ ក្រុម Villarreal បាន​ដុត​បញ្ឆេះ​ក្តី​សង្ឃឹម ក្នុង​ការ​ធ្វើ​ឱ្យ​មាន​លទ្ធផល​បញ្ច្រាស​វិញ​ដ៏​មិន​គួរ​ឱ្យ ជឿ សម្រាប់​ការ​ប្រកួត​ត្រឡប់​វិញ ក្នុង​កីឡដ្ឋាន Estadio de la Ceramica បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ Boulaye Dia បាន​បញ្ចប់​ទី នៅ​នាទីទី ៣ ហើយ​ខ្សែ​បម្រើ Francis Coquelin តែត​ម្រេច​ ១​គ្រាប់​ទៀត ដែល​នាំ​​ឱ្យ​មាន​លទ្ធផល​ស្មើ​គ្នា ២-២​។

តែ​លោក Klopp បានប្ដូរ​ខ្សែ​ប្រយុទ្ធ Luis Diaz ជំនួស Diogo Jota នៅ​ពេល​សម្រាក ១៥ នាទី ដើម្បី​អង្រួន​ឱ្យ (ធ្វើឱ្យ​) ក្រុម Liverpool មាន​ជីវិត​ជីវ៉ា​ឡើង​វិញ ហើយ​វា​​ក៏​បាន​ផល ដោយ​ក្រុម​ភ្ញៀវ ស៊ុត​បញ្ចូលទី​បាន​សម្រច ៣គ្រាប់​ផ្ទួន​ៗ ក្នុង​រយៈពេល​ប្រមាណជា​ ១២ នាទី តាមរយៈ​កីឡាករ Fabinho, Diaz និង Sadio Mane ដើម្បី​ធានា​បាន​នូវ​ជ័យជម្នះ ៣-២ ហើយ​សរុប​ទាំង ២​ ជើង ឈ្នះ ៥-២​​​។

«​វា​មាន​អារម្មណ៍​ដូច​កាល​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ដំបូង​អ៊ីចឹង ព្រោះ​វា​តែង​តែ​ពិសេស​ជានិច្ច ពោល​គឺ​ជា​ការ​ប្រកួត​ប្រជែង​របស់​ក្លិប​ល្អ​បំផុត ក្នុង​ពិភពលោក។ សូម​គោរពចំពោះ​ក្រុម​ Villarreal​។ កីឡដ្ឋាន​ដ៏​ពិសេស​អស្ចារ្យ និង​អ្វី ដែល​ពួកគេ​កំពុងធ្វើ​នៅ​ទីនេះ គឺ​មិន​គួរ​ឱ្យ​ជឿ​សោះ​។ វា​មាន​អារម្មណ៍​ពិសេស​ណាស់ ព្រោះ​វា​ពិបាក​ណាស់​សម្រាប់​ពួក​យើង​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Klopp​។

Diaz (ឆ្វេង) ដួល ក្រោយ​ស៊ុត​បញ្ចូលទី​ឱ្យ Liverpool ស្មើ Villarreal ២-២ ការប្រកួត នៅ Champions League កាល​ពី​ថ្ងៃ​អង្គារ។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់ លោក Klopp បាន​បន្ត​ថា​៖ «​វា​ទទួល​បាន​ភាព​ធំ​ធេង​ណាស់​ពី​ពួក​ក្មេងៗ (កីឡាករ)​។ មុន​ការ​ប្រកួត ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​អាន​ចំណង​ជើង ដែល​ថា​ទស្សនវិស័យ​បិសាច បាន​មាន​វត្តមាន នៅ​ទីក្រុង។ ខ្ញុំ​មិន​ចង់​ឱ្យ​យើង​ការពារ​លទ្ធផល​នេះ​ទេ តែ​ប្រឹង​ប្រែង​ប្រយុទ្ធ ដើម្បី​ឈ្នះ ហើយ​វគ្គ​​ទី ២ ​គឺ​​បែប​​នេះ​»​។

ក្រុម Liverpool នឹង​ឡើង​ទៅ​រង់ចាំ​ក្រុម ដែល​ឈ្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាប់​​គូ​ទី ២ រវាង​ក្រុម​អធិរាជស Real Madrid និង​ក្រុម​មេឃខៀវ Manchester City ដែល​ត្រូវ​ជួប​គ្នា នៅកីឡដ្ឋាន Santiago Bernabeu នា​ថ្ងៃពុធ​ននេះ ដោយ​ក្រុម Man City នាំ​មុខ ៤-៣ ពី​ការ​ប្រកួត​ជើង​ទី ១ កាល​ពី​សប្តាហ៍​មុន​។

មិន​ថា​ក្រុម​ Man City ឬ​ក្រុម Real នោះ​ឡើយ នឹង​ផ្តល់​នូវ​តេស្ដ​​សាក​ល្បង​ដ៏​តឹង​តែង​ជាង​ក្រុម Villarreal តែ​បន្ទាប់​ពី​មាន​បទ​ពិសោធន៍​បរាជ័យ នៅ​កីឡដ្ឋាន Anfield កាល​ពី​សប្តាហ៍​មុន ក្រុម​របស់​លោក Unai Emery បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ក្លៀវក្លា ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ស្រឡាំង​កាំង និង​បង្ហាញ​ឱ្យ​ឃើញ​ថា ហេតុ​អ្វី ដែល​ពួកគេ​អាច​ទម្លាក់​ក្រុម​យក្ស​ដល់​ទី ២ គឺ Juventus និង Bayern Munich ដើម្បីបាន​ឡើង​មក​កាន់​វគ្គ​នេះ​។

គ្រូបង្វឹក​របស់​ក្រុម Villarreal លោក Emery នៅ​តែ​មាន​មោទ​នភាព​ចំពោះ​ក្រុម ដោយ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​គ្មាន​ការ​សោក​ស្ដាយ​អ្វី​ទាំង​អស់​។ យើង​បាន​រៀន​សូត្រ​ពី​របៀប ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ដ៏​ល្អ​បំផុត​។ វា​មាន​ចម្លើយ​មួយ​ចំនួន ដែលគ្រាន់​តែ​យើង​តក​មិន​ឃើញ​ប៉ុណ្ណោះ​»​៕ VN