​ក្រុងប៉ារីស​: Dorna ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​កម្មវិធី​ប្រណាំង​ម៉ូតូ​ពិភពលោក MotoGP កាលពី​ថ្ងៃ​អង្គារ បាន​ឆ្លើយតប​ទៅនឹង​សេចក្ដី​រាយ​​ការណ៍ដែលថា ក្រុម​ប្រណាំង Suzuki កំពុង​គិតគូរ​ពី​ការចាក​​ចេញ ដោយ​ប្រាប់ថា ក្រុមហ៊ុន​ផលិត​ថា ពួកគេ​ត្រូវតែ​ប្រកាន់​​ខ្ជាប់​តាម​កិច្ចសន្យា​របស់ខ្លួន​។​

«​ក្រុមហ៊ុន Dorna Sports បាន​ទាក់ទង​ទៅ​រោងចក្រ​ផលិត​ជា​ផ្លូវការ ដើម្បី​រំឭក​ពួកគេ​ថា លក្ខខណ្ឌនៃ​កិច្ចសន្យា​របស់​ពួកគេ ដើម្បី​ប្រណាំងក្នុង​កម្មវិធី MotoGP មិន​អនុញ្ញាតឱ្យ​ពួកគេ ធ្វើការ​សម្រេច​ជា​ឯកតោភាគី​នោះទេ​»​។ នេះ​ជាការ​ឱ្យដឹងពី​ក្រុមហ៊ុន​រៀបចំតាមរយៈ​សេចក្ដីប្រកាស​របស់ខ្លួន​។​

​ការព្រមាន​នេះ កើតមានឡើង បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍នៅលើ​គេហទំព័រ​ឯកទេស Motorsports.com ដែលថា ប្រធាន​ក្រុម Suzuki បានធ្វើ​ការជួបជុំ​សមាជិក​ទាំងអស់​នៃ​ក្រុម​ប្រណាំង MotoGP កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​និយាយ​ពី​ការសម្រេច​របស់​ក្រុម ក្នុង​ការចាក​​ចេញពី​ការប្រកួតប្រជែងជា​បន្តបន្ទាប់​នៅ​ចុងឆ្នាំ​នេះ​។​

Suzuki ធ្លាប់បាន​ចាកចេញ​ពី​ការប្រណាំង MotoGP រួចហើយ នៅ​បញ្ចប់​ឆ្នាំ ​២០១១ មុន​ត្រឡប់មក​ចូលរួម​ប្រកួត​វិញ ក្នុង​ឆ្នាំ ​២០១៥​។ យ៉ាងណាក្ដី Dorna មិនបាន​ច្រានចោល​ពី​លទ្ធភាព ដែល​ក្រុម​ប្រណាំង​របស់​ជប៉ុន​មួយ​នេះ នឹង​ដើរចេញ​ម្ដងទៀត​នោះទេ​។​

​ក្នុង​សេចក្ដីប្រកាស​ដដែល​នោះ Dorna បាន​បន្តទៀតថា​៖ «​ក្រុម Suzuki គួរតែ​ដកខ្លួន បន្ទាប់ពី​មានការ​ព្រមព្រៀង រវាង​ភាគី​ទាំង ២​។ Dorna នឹង​សម្រេច​ជ្រើសរើស​ចំនួន​អ្នក​​ប្រណាំង និង​ក្រុម​ប្រណាំង​ដ៏​ល្អ​បំផុត ដើម្បី​ចូលរួមក្នុង​កម្មវិធី MotoGP ចាប់ពី​ឆ្នាំ​ ២០២៣ តទៅ​»​។​

Dorna បានឱ្យដឹង​ទៀតថា នៅ​បន្ត​ទទួលបាន​ការចាប់​​អារម្មណ៍​ខ្ពស់​ពី​ក្រុម​ផលិត​ផ្លូវការ និង​ក្រុម​ប្រណាំង​ឯករាជ្យ​មួយចំនួន ដែល​កំពុង​រង់ចាំ​ចូលរួម​បើកបរ​លើផ្លូវ​ប្រណាំង ក្នុង​កម្មវិធី MotoGP ហើយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​នេះ បាន​បន្ថែមថា ចំណាប់អារម្មណ៍​ពី​ភាគី​ទាំងនេះ ត្រូវបាន​បញ្ជាក់​អះអាង​ឡើងវិញ នៅ ២៤ ​ម៉ោង​កន្លងមកនេះ​។​

​ក្នុង​យុគសម័យ​ការប្រណាំង​កម្លាំង​ម៉ាស៊ីន ៥០០​ សេ​សេ​នេះ អតីត​អ្នកបើកបរ ដូចជា​លោក Barry Sheene, Marco Lucchinelli, Franco Uncini, Kevin Schwantz និង Kenny Roberts Jr. សុទ្ធតែ​ធ្លាប់​ឈ្នះ​ជើងឯក ពេល​កំពុង​កាច់ចង្កូត​ឱ្យ​ក្រុម Suzuki​។​

​ចាប់តាំងពី​ក្រុមហ៊ុនបាន​វិល​មកវិញ ក្នុង​ឆ្នាំ ២០១៥ ពួកគេ​បានឈ្នះ​ជើងឯក​ម្ដងក្នុង​ឆ្នាំ ​២០២០ នៅពេលដែល​អ្នកបើកប​រ Joan Mir ឈរ​នៅ​ទី​កំពូល​តារាង​ពិន្ទុសរុប ដោយ​មិត្ត​រួម​ក្រុម Alex Rins ជាប់​លេខ ៣​។

​នៅក្នុង​តារាង​ចំណាត់ថ្នាក់​រដូវ​កាល​នេះ ក្រោយ​ឆ្លងកាត់ ៦ ​ដំណាក់កាល កីឡាករ Rins នៅ​លេខ ៤ ខណៈ Mir ដែល​ត្រូវបាន​ឱ្យដឹងថា ទំនងជា​អាច​ចូលរួម​ជាមួយ​ក្រុម Honda ឈរ​នៅ​លេខ ៦៕ AFP/VN