ក្រុង​ឡុងដ៍: អ្នក​ចាត់ការ​ក្រុម Everton លោក Frank Lampard ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មាន​អាកប្បកិរិយា​មិន​សម​រម្យ ដោយ​សហព័ន្ធ​បាល់ទាត់ (FA) របស់​អង់គ្លេស ចំពោះ​ការ​អត្ថាធិប្បាយ ដែល​គាត់​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​របស់​គាត់ បាន​ចាញ់​ក្រុម​គូ​ប្រជែង Liverpool ក្នុង​ជំនួប Merseyside Derby (ការប៉ះ​គ្នា​រវាង​ក្រុម ក្នុង​ក្រុង​តែ ១) ក្នុង​លទ្ធផល ២០ កាល​ពី​ខែ​មុន​។

លោក Lampard បាន​រិះ​គន់​អាជ្ញា​កណ្តាល លោក Stuart Attwell ដោយសារ​គាត់​មិន​បាន​ផ្តល់​បាល់​ពិន័យ ១១ម៉ែត្រ សម្រាប់​ការ​ប្រជែង​យក​បាល់​ពី​កីឡាករ Anthony Gordon របស់​ក្រុម Everton ដោយ​អ្នក​ចាត់​ការ​ក្រុម​រូប​នេះ បាន​លើក​ឡើង​ថា ការ​ទាត់​បាល់​ប៉េណាល់​ទី ត្រូវ​តែ​ប្រគល់​ឱ្យ ប្រសិន​បើ​ការ​ប្រជែង​បែប​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​កីឡាករ​របស់​ក្រុម Liverpool​។

«​វា​មាន​ការ​ចោទ​ប្រកាន់​​ថា រាល់​ការអធិប្បាយ​របស់​អ្នកចាត់​ការ បង្កើត​ឱ្យ​មាន​ជា​អាកប្បកិរិយា​មិន​សម​រម្យ ដោយសារ​ពួកគេ​បង្ហាញ​ពី​ភាព​លំអៀង និង​/​ឬ​​រិះ​គន់​​លើ​សុចរិត​ភាព​របស់​អាជ្ញាកណ្តាល ក្នុង​ការប្រកួត ឬ​​អាជ្ញា​កណ្តាល​ទូទៅ និង​/​ឬ​នាំឱ្យ​ហ្គេម​ទៅ​ជា​អាប់​ឱន ​ផ្ទុយ​នឹង​ច្បាប់​របស់ FA​»​​​។ នេះ​ជា​ការ​ឱ្យ​ដឹង​ពី FA​ កាល​ពី​ថ្ងៃ​ពុធ​។

លោក Lampard ដែល​ក្រុម Everton របស់​គាត់ កំពុង​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់ នៃ​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​ឧសភា ដើម្បី​ឆ្លើយ​តប​ចំពោះ FA៕ AFP/VN