ក្រុងញូវយ៉ក​: ក្រុម​ហ៊ុន​ដាក់​ដេញ​ថ្លៃ​ទំនិញ​ចម្រុះ Sotheby''s បាន​និយាយ កាល​ពី​ថ្ងៃពុធ​ថា អាវ ដែល​វីរបុរស​បាល់​ទាត់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Diego Maradona ពាក់​ពេល​ស៊ុត​បញ្ចូល​ទី ២​ដង ទល់​នឹង​ក្រុម​អង់គ្លេស ក្នុងការ World Cup 1986 ក្នុង​នោះ​រួម​ទាំង​គ្រាប់​បាល់ដ៏​ល្បី​ល្បាញ «Hand of God» (ដៃ​អាទិទេព) ត្រូវ​បាន​ដេញ​ថ្លៃ ក្នុង​តម្លៃ $៩,៣ លាន ដែល​ជា​កំណត់​ត្រា សម្រាប់​​វត្ថុ​អនុស្សាវរីយ៍​របស់​វិស័យ​កីឡា​។

អ្នក​ដេញ​ថ្លៃ​ ៧​នាក់ បាន​ប្រជែង​គ្នា​យក​សម្លៀក​បំពាក់​នេះ ក្នុង​ការ​ដេញ​ថ្លៃ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ហើយ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​។ ក្រុម​ហ៊ុន​ Sotheby''s បាន​ឱ្យ​ដឹង តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ទិញ​នោះ​ទេ​។

«​អាវ​ប្រវត្តិសាស្ត្រ​នេះ គឺ​ជា​វត្ថុ​អនុស្សាវរីយ៍​រូបី ​នៃ​ពេល​វេលា​ដ៏​សំខាន់​១ មិន​ត្រឹម​តែ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សតវត្ស​ទី ​២០ នេះ​ទៀត​ផង​»​​។ ​

លោក Brahm Wachter ដែល​ជា​ប្រធាន​ប្រមូល​ទិញ​សម្លៀក​បំពាក់​ចាស់​ៗ​មាន​គុណភាព និង​​ទាន់សម័យ​របស់​ក្រុម​ហ៊ុន Sotheby''s បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស បន្ទាប់​ពី​ការ​លក់​នេះ​។

លោក Wachter បាន​បន្ថែម​ថា​៖ «​នេះ​អាច​ជា​អាវ​បាល់ទាត់ ដែល​ចង់​បាន​បំផុត​មិន​ធ្លាប់​មាន ក្នុង​ការ​យក​មក​ដាក់​លក់​ដេញ​ថ្លៃ ហើយ​ហេតុ​ដូច្នេះ វា​កំពុង​ស័ក្ដិ​សម ដែល​ឥឡូវ​នេះ វា​បាន​ជាប់​កំណត់ត្រា​ដេញ​ថ្លៃ សម្រាប់​វត្ថុ​ប្រភេទ​ណា​មួយ​របស់​កីឡា​នេះ​»​។

អាវ​នេះ ត្រូវ​បាន​កា្លយ​ជា​កម្មសិទ្ធិ​របស់​​អតីត​ខ្សែបម្រើ​លោក Steve Hodge ដែល​បាន​ប្តូរ​អាវ​របស់​គាត់​ជាមួយ​លោក Maradona បន្ទាប់​​ពី​ចប់​ការ​ប្រកួត ដែល​​ក្រុម​អង់គ្លេស​ចាញ់ ២-១។

លោក Hodge ដែល​ជីវប្រវត្តិ​របស់​គាត់ ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា «បុរស ពាក់​​អាវ​របស់ Maradona» មាន​រយៈពេល ២០​ឆ្នាំ​មក​ហើយ ដែល​បាន​ឱ្យ​ខ្ចី​អាវ​នេះ ដើម្បី​ដាក់​បង្ហាញ​ជា​សាធារណៈ នៅ​ឯ​សារមន្ទីរ​បាល់ទាត់​ជាតិ ក្នុង​ទី​ក្រុង​មេនឆេស្ទ័រ (Manchester)។

អាវ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​របស់​លោក Maradona កាល​ពី World Cup 1986 ត្រូវ​បាន​ដាក់​តាំង​ឱ្យ​ដេញ​ថ្លៃ​ កាល​ពី​ថ្ងៃទី​២០ ខែមេសា​។

ការ​ប្រកួត ក្នុង​វគ្គ ​៨​ក្រុម​ចុង​ក្រោយ បាន​ក្លាយ​ជា​រឿង​គួរ​ចាប់​អារម្មណ៍ ក្នុង​ការ​និទាន ពី​វិស័យ​បាល់ទាត់​ ពាក់​ព័ន្ធ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​ ២​គ្រាប់​របស់​លោក Maradona ពោល​គឺ ១​គ្រាប់​​ល្បីល្បាញ និង ១គ្រាប់​​​អស្ចារ្យ​គួរ​ឱ្យ​ស្ងើច ​ក្នុង​កីឡដ្ឋាន Aztec របស់​ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក។

គ្រាប់​ដំបូង បាន​កើត​ឡើង​ បន្ទាប់​ពី​ចាប់​ផ្ដើម​​វគ្គ​ទី ២ ប្រមាណ​ជា​ ៥-៦​នាទី ដោយ​នៅ​ពេល​នោះ ​​លោក Hodge ដែល​នៅ​លើ​គែម​នៃ​ខ្សែបន្ទាប់​របស់​តំបន់​គ្រោះ​ថ្នាក់ បាន​ទៅ​​រារាំង​ការ​បញ្ជូន​បាល់​របស់​ក្រុមអាហ្សង់​ទីន ដោយ​ការ​លើក​ជើង​ទាត់​បាល់​ប្លាត​តម្រង់​ទៅ​ទី​របស់​ខ្លួន។

លោក Maradona ដែល​កំពុង​រត់​ចូល​ប្រអប់​គ្រោះ​ថ្នាក់​នោះ បាន​លោត​ប្រជែង​​ជាមួយ​អ្នក​ចាំ​ទី​របស់​អង់គ្លេស​​លោក Peter Shilton ហើយ​ទះ​បាល់​បញ្ចូល​ទី​។ ក្រោយមក​វីរ​បុរស​របស់​ក្រុម​អាហ្សង់ទីន​រូប​នោះ បាន​ប្រាប់​ថា គ្រាប់​បាល់​នោះ គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​​ ដែល​រួម​គ្នា​រវាង​​ក្បាល​របស់ Maradona និង​​ដៃ​របស់​អាទិទេព​។

ភ្លាម​ៗ​បន្ទាប់​ពី​នោះ លោក Maradona បាន​ធ្វើ​ឱ្យ​ខ្សែការពារ​របស់​ក្រុម​អង់គ្លេស ៥​នាក់ នៅ​ពី​ក្រោយ​ខ្លួន មុន​ពេល​អូស​បាល់​ញាក់​អ្នក​ចាំទី Shilton ហើយ​ស៊ុត​ទម្លុះ​សំណាញ់​ទី ដែល​គ្រាប់​បាល់​នោះ ត្រូវ​បាន​បោះ​ឆ្នោត​ជា​គ្រាប់ «Goal of the Century» (គ្រាប់​បាល់​ប្រចាំ​សតវត្សរ៍) នៅ​ក្នុងការស្ទង់មតិរបស់​សហព័ន្ធ​បាល់​ទាត់​ពិភពលោក (FIFA) កាល​ពី​ឆ្នាំ​២០០២​។

ក្រុម​ពពកស​អាហ្សង់ទីន បាន​បន្ត​ទៅ​ឈ្នះ ក្នុង​វគ្គផ្តាច់ព្រ័ត្រ​ទៀត ហើយ​លោក Maradona ដែល​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ក្នុង​ឆ្នាំ​២០២០ បាន​ក្លាយ​ជា​ជន ដែល​ទទួល​បាន​ការ​គោរព​បូជា នៅ​ប្រទេស​កំណើត​របស់​គាត់​៕ AFP/VN