​ក្រុង​ម៉ាឌ្រី​ដ​: លោក Carlo Ancelotti បាន​និយាយថា ប្រវត្តិសាស្ត្រ​របស់​ក្លិបបាន​ជួយ​ឱ្យ​ក្រុម​អធិរាជ Real Madrid របស់គាត់ សម្រេចបាន​នូវ​ការ​វាយបក ១ ​ទៀត នៅ​ក្របខ័ណ្ឌ Champions League ដើម្បី​ទម្លាក់​ក្រុម​មេឃ​ខៀវ Manchester City កាលពី​ថ្ងៃ​ពុធ ហើយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ១៣​ សម័យកាល ត្រូវ​ក្រុម​​ភ្ញៀវ​នាំមុខ ១-០ ក្នុង​ហ្គេម នៅ​យប់នោះ ហើយ​គ្រាប់​បាល់​រួម តាម​ពីក្រោយ ៥-៣ ក្នុង​ខណៈពេលដែល​ការប្រកួត សម្រាប់​វគ្គ ៤ ​ក្រុម​ចុង​ក្រោយនេះ កំពុង​ចូលដល់ នាទី​ទី​៩០ ទៅហើយតែ ២ ​គ្រាប់​របស់​ខ្សែបម្រើ​ស្លាប Rodrygo នៅ​ចុង​ម៉ោង និង ១​ គ្រាប់ ពី​ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់​ខ្សែប្រយុទ្ធ Karim Benzema ក្នុង​ម៉ោង​បន្ថែម​ពិសេស បាន​បញ្ជូន​ពួកគេ​ទៅ​បង្ហាញខ្លួន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ក្រុម Real ក៏​តាម​ពីក្រោយ រហូតដល់​អាច​យកឈ្នះ​ក្រុម Paris Saint-Germain ក្នុង​វគ្គ ១៦ ​ក្រុម និង Chelsea ក្នុង​វគ្គ ៨ ​ក្រុម​ដូចគ្នា​ដែរ ហើយ​បន្ទាប់ពី​សម្រេចបាន​នូវ​ការ​វាយបក​ដ៏​អស្ចារ្យ​នេះ​ជាថ្មីទៀត ក្រុម​យក្ស​នៃ​ក្រុង​ម្រ៉ា​ឌី​ដ ត្រូវ​ឡើងទៅ​ប្រឈម​ជាមួយ​ក្រុម​ជើងឯក ៦​ ដង នៅ​អឺរ៉ុប​នេះ គឺ​ហង្ស​ក្រហម Liverpool ដែលជា​ក្រុម​គីឡូ​ធ្ងន់​របស់​អង់គ្លេស​ ១​ ទៀត នា​ថ្ងៃទី ​២៨ ខែឧសភា នៅ​ក្រុងប៉ារីស ដើម្បី​ប្រជែង​គ្នា​ក្លាយជា​ក្រុមទី១ ប្រចាំ​ទ្វីប​រដូវ​កាល​នេះ​។​

«​ខ្ញុំ​មិនអាច​និយាយថា យើង​ធ្លាប់​ជាមួយនឹង​រឿង​បែបនេះ​នោះទេ តែ​អ្វីដែល​បានកើត​​ឡើង​យប់​នេះ (​យប់​ថ្ងៃ​ពុធ​) វា​ក៏បាន​កើតឡើង​ជាមួយ Chelsea និង​ក្រុម PSG ដូចគ្នា​»​។ លោក Ancelotti បាន​ប្រាប់​ទូរទស្សន៍ BT Sport បន្ទាប់ពី​បានក្លាយ​ជា​គ្រូបង្វឹក​ដំបូង​គេ ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ៥​ ដង ក្នុងការ​ប្រកួតប្រជែង​នេះ​។​

​អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​លី បន្តទៀតថា​៖ «​ប្រសិនបើ​អ្នក​ត្រូវ​និយាយថា ហេតុអ្វីវា​គឺជា​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប​នេះ ដែល​ជួយ​ឱ្យ​យើង​បន្តដំណើរ​ទៅមុខទៀត នៅពេលដែល​វា​ហាក់បីដូចជា​ពួកយើង​បាត់បង់​បង់​ឱកាស​ទាំងស្រុង​ហើយ​នោះ​។ ហ្គេម​ជិត​ដល់ទី​បញ្ចប់​ហើយ ហើយ​យើង​អាច​ស្វែងរក​ថាមពល​ចុងក្រោយ ដែល​យើង​មាន​»​។​

​ជ័យជម្នះក្នុង​លទ្ធផល​សរុប​ទាំង ២ ​ជើង ៦-៥ ជួយ​ឱ្យ​ក្រុម​អធិរាជ​ស ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​កំណត់ត្រា​លើក​ទី១៧ នៅ Champions League ខណៈដែល​លោក Ancelotti អាច​នឹង​បង្កើតបាន​នូវ​កំណត់ត្រា​ថ្មី នៃ​ការ​ឈ្នះ​ជើងឯក​អឺរ៉ុប ៤ ​ដង ក្នុងនាម​ជា​គ្រូបង្វឹក​។​

«​ខ្ញុំ​រីករាយ ដែល​បាន​ទៅ​បង្ហាញខ្លួន​នៅ​ទីនោះ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ក្រុងប៉ារីស ទល់នឹង​គូបដិបក្ខ​ដ៏​អស្ចារ្យ ១ ​ទៀត​។ យើង​ទម្លាប់​ជាមួយ​វា​ហើយ​។ វា​នឹង​ក្លាយជា​ហ្គេម​ដ៏​អស្ចារ្យ សម្រាប់​ការប្រកួត​បាល់ទាត់​»​។ នេះ​ជាការ​បន្ថែម​របស់លោក Ancelotti វ័យ ៦២ ​ឆ្នាំ ដែល​សំដៅ​ដល់​ការ​ប្រឈម​ជាមួយ​ក្រុម Liverpool​។​

​លោក Ancelotti ក៏បាន​ក្លាយជា​គ្រូបង្វឹក​ដំបូង​គេ​ផងដែរ ដែល​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប បន្ទាប់ពី​ក្រុម Real បាន​លើក​ពាន​របស់​ក្របខ័ណ្ឌ La Liga កាលពី​ចុង​សប្តាហ៍​មុន​៕ AFP/VN