ភ្នំពេញៈ វីរ​កីឡាការិនី​ជឺ​ជី​តស៊ូ ខាន់ ចេ​សា បាន​និយាយ​ដោយ ភាព​ជឿជាក់ថា ការវិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​កាល​​ពីថ្ងៃ​ព្រហស្បតិ៍ គឺ​ដើម្បី​ទៅ​ប្រជែង​យក​មេដាយមាស ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ហើយ​ជាមួយគ្នា ឪពុក​របស់​នាង លោក Peter Khan និង​ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា សុទ្ធតែ​ជឿជាក់ថា ចេ​សា នឹង​អាច​នាំយក​មេដាយមាសជូន​កម្ពុជាជាថ្មី​ម្តងទៀត​។​

​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បានបង្ហាញ​ភាព​រីក​​រាយ​ខ្លាំង ពេលធ្វើ​ដំណើរ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​​ភ្នំពេញ ជាមួយ​លោក Peter Khan និង​ជីដូន រួមទាំង​មិត្តភក្តិ​របស់​នាង ហើយ ខាន់ ចេ​សា នឹង​បន្តដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ ជាទី​កន្លែង ដែល​កញ្ញាត្រូវ​ប្រកួត​លើ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ ជាមួយ​មិត្ត​រួម​ក្រុម​ម្នាក់ទៀត គឺ​កីឡាការិនី ម៉ាប់ សុខ​ហួយ ដែល​ត្រូវ​ប្រកួត​ទម្ងន់ ​៥១,៥ ​គ​.​ក្រ​។​

​ខាន់ ចេ​សា បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​បានមក​ប្រទេស​កម្ពុជា ជាថ្មី​ម្តងទៀត ព្រោះ​ខ្ញុំ​បាន​ខក​ខានមក​ទីនេះ ជិត​ ៣​ ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ព្រោះនេះ​ជា​លើក​ទី​៣ ដែល​ខ្ញុំ​បាន​ប្រកួត​តំណាងឱ្យ​កម្ពុជា និង​ជា​លើក​ទី​២ ដែល​ខ្ញុំ​បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម ហើយ​ការ​ត្រឡប់មកវិញ​លើក​នេះ គឺ​ដើម្បី​ដណ្តើម​មេដាយមាស​ឱ្យ​កម្ពុជាម្តងទៀត​»​។​

​នៅមុន​ការធ្វើដំណើរ មក​ប្រកួត​ស៊ី​ហ្គេម លើក​នេះ ខាន់ ចេ​សា ធ្លាប់បាន​កំណត់ត្រា​ជា​ប្រវត្តិ​សាស្ត្រ សម្រាប់​កម្ពុជា​រួចមកហើយ ដោយ​កីឡាការិនីធ្លាប់​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​គ្រប់​កម្រិត​រូបនេះ ដណ្តើមបាន​មេដាយមាស ពី​ការប្រកួត​កីឡា​អាស៊ី នៅ​ឥណ្ឌូនេស៊ី ឆ្នាំ​ ២០១៨ រួច​បាន​បន្ត​ឈ្នះ​បាន​មេដាយមាសស៊ី​ហ្គេម កាលពី​ឆ្នាំ​ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​

​ចំពោះ​ការប្រកួត​លើក​នេះ ខាន់ ចេ​សា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការប្រកួត​ស៊ី​ហ្គេមលើក​នេះ នឹងមាន​ភាព​តានតឹង​ខ្លាំង ប៉ុន្តែ​គិត​តាំងពី​ខ្ញុំ​បានឈ្នះ​មេដាយមាស​ស៊ី​ហ្គេមលើកដំបូង នៅ​ហ្វីលីពីន កាលពី​ឆ្នាំ​ ២០១៩ រហូតមកដល់​ពេលនេះ គឺ​ខ្ញុំ​ទទួលបាន​បទពិសោធ​ប្រកួត​កាន់តែច្រើន ដែល​ធ្វើឱ្យ​សមត្ថភាព​របស់ខ្ញុំ មាន​ភាពប្រសើរ​ជាង​លើក​មុន ហេតុនេះ​ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​អាច​ឈ្នះ​បាន​មេដាយមាសស៊ី​ហ្គេម នៅ​វៀតណាមជាថ្មី​ម្តងទៀត​»​។​

​ចំណែក លោក Peter Khan ដែលជា​គ្រូបង្វឹក​ដ៏​ជំនាញ​ផ្នែក​កីឡា​ជឺ​ជិត​ស៊ូ​នេះ ក៏មាន​ការ​​ជឿជាក់ថា កូនស្រី​របស់លោក នឹង​ដណ្តើមបាន​មេដាយមាស​ផងដែរ​។ «​ពួកយើង​ពិតជា​សប្បាយរីករាយ សម្រាប់​ការ​​វិល​មក​ប្រកួត​តំណាងឱ្យ​កម្ពុជា នៅ​ស៊ី​ហ្គេម​លើក​នេះ ហើយ​វា​ក៏​ជា​លើក​ទី​៣ ផងដែរ ដែល​កូនស្រី​របស់ខ្ញុំ បាន​ក្លាយជា​អត្ត​ព​លិ​ក​ម្នាក់ ប្រកួត​តំណាងឱ្យ​កម្ពុជា ហើយ​ខ្ញុំ​ជឿថា ខាន់ ចេ​សា នឹង​នាំយកមក​នូវ​មោទន​​ភាព​ជូន​ដល់​កម្ពុជា តាមរយៈការដណ្តើមយក​មេដាយ​មាស សម្រាប់​ការប្រកួតនៅ​វៀតណាមលើក​នេះ​»​។​

​ជាមួយគ្នានេះ​លោក សេង ប៊ុន​សុង ដែល​ទើបត្រូវ​បានតែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​​ជឺ​ជី​តស៊ូ​កម្ពុជាបាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​ថ្មី ខ្ញុំ​ពិតជា​សប្បាយរីករាយ ដែល​កីឡាការិនី​ឆ្នើម​របស់​យើង ខាន់ ចេ​សា បានមក​ចូលរួម​ការប្រកួត​ស៊ី​ហ្គេមលើក​នេះ ហើយ​យើងនឹង​ព្យាយាម​ឱ្យ​អស់ពី​ចិត្ត ដើម្បី​ដណ្តើមយក​មេដាយមាស​ជូន​ប្រទេសជាតិ​របស់​យើង​។ ជាមួយគ្នានេះ តាម​បទពិសោធ និង​ជំនាញ​ផ្ទាល់ខ្លួន​របស់ខ្ញុំ និងតាម​ការសិក្សា​ស្រាវជ្រាវ ទៅលើ​ក្បាច់គុន​ទាំងអស់ នៅលើ​សកល​​លោក​នេះ ខ្ញុំ​មើលឃើញថា ខាន់ ចេ​សា ពិត​ជាមាន​ជំនាញ និង​មាន​ថ្វីដៃ​ដ៏​ល្អ សម្រាប់​ប្រភេទ​ទម្ងន់​របស់​នាង​»៕