ក្រុង​ឡុងដ៍​: ការព្យាយាម​ប្រជែង​​ជើង​ឯក នៃ​ក្របខ័ណ្ឌ Premier League របស់​ក្រុម​ Liverpool បាន​រង​នូវ​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ ដោយសារ​ស្មើ​ជាមួយ​ក្រុម Tottenham Hotspur (Spurs) ១-១ ក្នុង​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ថ្ងៃសៅរ៍ ហើយ​លទ្ធផល​នេះ ក៏​ធ្វើ​ឱ្យ​ការ​តាម​ប្រដេញ​របស់​ក្រុម​ហង្សក្រហម​ ដើម្បី​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​ ៤​ ក្នុង​ ១ រដូវ​កាល អាច​និយាយ​បាន​ថា រលាយ​បាត់​ស្ទើរ​ទាំងស្រុង​ហើយ ខណៈដែល​ក្រុម​បិសាច​ក្រហម Manchester United ឯ​នោះវិញ ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Brighton បំបាក់​យ៉ាង​ចាស់​ដៃ ៤-០។

ក្រុម Liverpool របស់​លោក Jurgen Klopp ក្នុង​នាម​ជាម្ចាស់​ផ្ទះ បាន​ភ្លាត់​តាម​ពី​ក្រោយ​ក្រុម​ភ្ញៀវ​ដោយសារ​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ Son Heung-min នៅ​ដើម​វគ្គ​ទី ២ មុន​ពេល​ខ្សែ​ប្រយុទ្ធ Luis Diaz ជួយ​ឱ្យ​តាម​ស្មើ​វិញ នៅ​ដំណាក់​កាល​ចុង​ក្រោយ នៃ​ការ​ប្រកួត នៅ​កីឡដ្ឋាន Anfield នេះ​។​​

ក្រុម Liverpool ដែល​បាន​លើក​ពាន​រង្វាន់ ១ កម្មវិធី​រួច​ហើយ គឺ League Cup និង​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ក្របខ័ណ្ឌ Champions League និង​កម្មវិធី FA Cup បាន​រំកិល​ឡើង​ទី​ឈរ​ទីកំពូល នៃ​តារាង​ពិន្ទុ​របស់​លីគ ជាមួយ​នឹង​គ្រាប់បាល់​​ចំណេញ​លើស​​ក្រុម​គូ​ប្រជែង​ Manchester City ដែល​ត្រូវប្រកួត ​នៅ​ថ្ងៃ​អាទិត្យនេះ ទល់​នឹង​ក្រុម Newcastle ក្នុង​កីឡដ្ឋាន Etihad របស់​ខ្លួន​។

លទ្ធផល​ នៃ​ការ​របូត​ពិន្ទុរបស់​ក្រុម Liverpool នេះ នឹង​ក្លាយ​ជា​ការ​ជំរុញ​ដ៏​មហាសាល​ដល់​ក្ដី​សង្ឃឹម​របស់​ក្រុម​មេឃខៀវ Man City ក្នុង​ការ​អាច​រក្សារ​តំណែង​ជើង​ឯក​របស់​ខ្លួនបាន ដ្បិត​​នៅ​សល់​តែ ៣ហ្គេម​ទៀត​ប៉ុណ្ណោះ សម្រាប់​ក្រុម​ទាំង ២ បន្ទាប់​ពី​ចុង​សប្ដាហ៍​នេះ​កន្លង​ទៅ​។​

Cristiano Ronaldo របស់ Man United មាន​ទឹក​មុខ​ស្រងូត​ស្រងាត់ អំឡុង​ការ​ប្រកួត នៅ Premier League ទល់នឹង Brighton កាល​ពី​ថ្ងៃ​សៅរ៍​។

«​វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​លេង​ទល់​នឹង​គូប្រកួត​មួយ ដែល​មាន​កីឡាករ​កម្រិត​ពិភពលោក និង​អ្នក​ចាត់​ការ​លំដាប់​ពិភពលោក ខណៈ​ដែល​ពួក​គេ មាន​ពេល​ត្រៀម​ខ្លួន ១សប្ដាហ៍ ស្រប​ពេល​ដែល​ពួក​យើង​ ធ្វើ​ការ​ប្រកួត​រៀង​រាល់ ៣ថ្ងៃ​ម្ដង​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Klopp​។

អ្នក​ចាត់​ការសញ្ជាតិ​អាល្លឺម៉ង់ បាន​បន្ថែម​ថា​៖ «​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ មិន​អាច​ឆ្លង​កាត់​ចំពោះ​ការ​ខក​ចិត្ត​នេះយ៉ាង​ឆាប់​រហ័ស​នោះ​ឡើយ​ តែ​យ៉ាង​ណា មាន​ហ្គេម​ផ្សេង​ទៀត ដែល​ត្រូវ​លេង។ អ្វី ដែល​ត្រូវ​ធ្វើ គឺ​យើង​​ត្រឹមតែ​បន្ត​ដំណើរ​ទៅ​មុខ​ប៉ុណ្ណោះ​»​។​

ដោយ​ឡែក​ក្រុម Man United ត្រូវ​បន្ត​ស៊ូទ្រាំ​នឹង​ភាព​អាម៉ាស់​ជាច្រើន ក្នុង​រដូវកាល ១ នៃ​រដូវកាល​​ដ៏​គួរ​ឱ្យ​អាប់​ឱន​ជា​ច្រើន​របស់​ពួកគេ ក្នុង​រយៈ​ពេល​​ជាច្រើន​ទសវត្សរ៍​មកនេះ ហើយ​ការ​បរាជ័យ​របស់​ពួកគេ នៅឯ​ផ្ទះរបស់​ក្រុម Brighton គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ដ៏​អាក្រក់​បំផុត​ទាំង​នោះ​។

ក្រុម​បិសាច​ក្រហម​របស់​លោក Ralf Rangnick ត្រូវ​បាន​ធ្វើ​ឱ្យ​បែក​ខ្ញែក ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Moises Caicedo, Marc Cucurella, Pascal Gross និង Leandro Trossard សម្រាប់​ការ​ប្រកួត នៅ​កីឡដ្ឋាន Amex នេះ ហើយ​ប្រាកដ​ណាស់ ជាមួយ​នឹង​ការ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ៦ ក្រុម​យក្ស​ នៅ​ក្រុង​មេន​ឆេស្ទ័រ នឹង​បាត់​មុខ​ពី Champions League ជាលើក​ទី ៥ ក្នុង​ចំណោម ៣០ ​រដូវកាល​។​

ដោយ​មាន ៥៨​ពិន្ទុ និង​នៅសល់​តែ ១ហ្គេម​ទៀត ការ​រង​បរាជ័យ​ នៅ​ក្រៅ​ទឹក​ដី ជាលើក​ទី ៥ បន្ត​បន្ទាប់​គ្នា​របស់​ក្រុម Man United មាន​ន័យ​ថា ពួក​គេ​នឹង​បញ្ចប់​ជាមួយ​នឹង​ការ​មាន​ពិន្ទុ​សរុប​ទាប​បំផុត​ ក្នុង​យុគ​សម័យ​របស់​ Premier League​។

«​វា​គឺ​ជា​ការ​​មាន​ទម្រង់​លេង​ដ៏​អាក្រក់​មើល​បំផុត​។ ពី​នាទី​ដំបូង រហូត​ដល់​នាទី​ចុង​ក្រោយ​ វា​អត់​គ្រប់​គ្រាន់​នោះ​ទេ​ យើង​អាច​ត្រឹម​តែ​សុំ​អភ័យ​ទោស ចំពោះ​ទម្រង់​លេង​​នេះ និង​បរាជ័យ​ដ៏​អាម៉ាស់​នេះ​ប៉ុណ្ណោះ​»​។ លោក Rangnick បាន​លើក​ឡើង​៕ VN