ក្រុងឡុងដ៍: ក្លិប Chelsea FC បាននិយាយថា ក្រុមអ្នកវិនិយោគ ដែលដឹកនាំដោយសហម្ចាស់ក្លិប Los Angeles Dodgers (ក្លិបបេសបលអាជីព) លោក Todd Boehly នឹងទិញយកក្លិប នៅទីក្រុងឡុងដ៍មួយនេះ បន្ទាប់ពីបានយល់ព្រមតាមលក្ខខណ្ឌ ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃ ៤,២៥ ពាន់លានផោន ($៥,២ ពាន់លាន) ។
«ការលក់នេះ ត្រូវបានរំពឹងថា នឹងបញ្ចប់ នៅចុងខែឧសភានេះ ដោយផ្អែកលើការទទួលបាននូវការអនុម័ត នៃច្បាប់ចាំបាច់ទាំងអស់»។ នេះបើតាមការឱ្យដឹងបីក្លិបបាល់ទាត់ នៅអង់គ្លេស ក្នុងសេចក្ដីប្រកាសរបស់ខ្លួន កាលពីយប់ថ្ងៃសុក្រ។
ម្ចាស់ក្លិប Chelsea ដែលជាមហាសេដ្ឋីជនជាតិរុស្សី លោក Roman Abramovich បានដាក់ក្លិប នៅក្របខ័ណ្ឌ Premier League មួយនេះ ដើម្បីលក់ ក្នុងខែមីនា ដោយត្រឹមតែប៉ុន្មានថ្ងៃ មុនពេលគាត់ត្រូវបានដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីមានការលុកលុយលើប្រទេសអ៊ុយក្រែន។
បន្ទាប់ពីដំណើរការដេញថ្លៃយ៉ាងយូរ ដែលពាក់ព័ន្ធនឹងក្រុមអ្នកជំនួញជាច្រើន លោក Boehly និងមិត្តអ្នកវិនិយោគផ្សេងទៀតរបស់គាត់ ត្រូវបានជ្រើសរើស ដោយធនាគារ Raine Group នៅក្រុងញូវយ៉ក ដែលជាអ្នកគ្រប់គ្រងចាត់ចែង សម្រាប់ការលក់ដូររបស់ក្លិប Chelsea នេះ។
ក្រុមអ្នកជំនួញធំៗរបស់លោក Boehly នោះ រួមមានសហម្ចាស់ក្លិប Dodgers លោក Mark Walter មហាសេដ្ឋីស្វីស លោក Hansjoerg Wyss និងក្រុមហ៊ុនវិនិយោគអាមេរិក Clearlake Capital។
ក្នុងសេចក្ដីប្រកាសរបស់ក្លិប Chelsea បានបន្តថា៖ «ក្លិបបាល់ទាត់ Chelsea អាចបញ្ជាក់ថា លក្ខខណ្ឌត្រូវបានយល់ព្រម សម្រាប់ក្រុមម្ចាស់ក្លិបថ្មី ដែលដឹកនាំដោយលោក Todd Boehly, Clearlake Capital, Mark Walter និង Hansjoerg Wyss ដើម្បីទិញយកក្លិប»។
««ពីការវិនិយោគសរុប ដែលមានចំនួន ២,៥ពាន់លានផោន (ប្រមាណ $៣ពាន់លាន) វានឹងត្រូវបានយកទៅទិញភាគហ៊ុន ក្នុងក្លិប ហើយរាល់ប្រាក់ពីការលក់ដូរនេះ នឹងយកទៅផ្ញើ ក្នុងគណនីធនាគា នៅចក្រភពអង់គ្លេស ដែលត្រូវបានបង្កក ដោយមានគោលបំណង ដើម្បីបរិច្ចាគ ១០០ភាគរយ ក្នុងបុព្វហេតុមនុស្សធម៌ ដូចដែលលោក Roman Abramovich បានអះអាង»។ សេចក្ដីប្រកាស បានបន្ថែម។
ក្លិបបានបញ្ជាក់បន្ថែមទៀតថា៖ «ការយល់ព្រមពីរដ្ឋាភិបាលចក្រភពអង់គ្លេស នឹងត្រូវការជាចាំបាច់ ដើម្បីឱ្យប្រាក់ចំណេញ ត្រូវបានផ្ទេរពីគណនីធនាគារ នៅចក្រភពអង់គ្លេស ដែលត្រូវបានបង្កកនោះ»។
ហើយលើសពីនោះទៀត ក្លិបប្រាប់ថា ម្ចាស់ក្លិបថ្មី នឹងសន្យាផ្ដល់ប្រាក់វិនិយោគបន្ថែមទៀត ១,៧៥ពាន់លានផោន ($២,១៥ពាន់លាន) ដើម្បីផលប្រយោជន៍របស់ក្លិប។
លោក Boehly ក៏មានវត្តមានផងដែរ នៅពេលដែលក្រុមតោខៀវ Chelsea ប្រកួតស្មើជាមួយក្រុម Wolverhampton Wanderers ២-២ ក្នុងទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍៕ VN