ក្រុងប៊ែរឡាំង: ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Rodrigo Zalazar គឺជាអ្នកដែលស៊ុតគ្រាប់បាល់ជ័យជម្នះ ខណៈក្រុម Schalke វាយបកចំពោះការតាមពីក្រោយក្រុម St. Pauli ២ គ្រាប់ រហូតអាចយកឈ្នះ ៣-២ ដើម្បីដណ្ដើមបានសិទ្ធិឡើងទៅក្របខ័ណ្ឌ Bundesliga វិញ កាលពីថ្ងៃសៅរ៍។
កីឡាការបម្រុង Zalazar បានប្រែក្លាយកីឡដ្ឋាន Veltins Arena របស់ក្រុង Gelsenkirchen ឱ្យទៅជាមានភាពអ៊ឹកធឹក (អ្នកគាំទ្រត្រេកអរពេក) នៅពេលដែលរូបគេបានទម្លុះសំណាញ់ទីរបស់អតីតក្លិបរបស់ខ្លួន Pauli ដើម្បីបំពេញបង្គ្រប់យ៉ាងបរិបូរណ៍ សម្រាប់ការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ហើយបញ្ជូនក្រុម Schalke ឱ្យវិលទៅកាន់លីគកំពូលវិញ។
ដោយនាំមុខដាច់ ២ ពិន្ទុ នៅទីកំពូលតារាងនៃលីគកម្រិតទី២ របស់អាល្លឺម៉ង់ ពេលចាប់ផ្តើមប្រកួត ក្រុម Schalke ត្រូវការឈ្នះជាចាំបាច់ ដើម្បីទទួលបានការដំឡើងទៅលីគទី១ ជាមួយនឹងការប្រកួតនៅសល់ ១ ដងទៀត និងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។
ពួកគេទំនងជាជួបនូវការខកចិត្តទៅហើយ ពេលខ្សែប្រយុទ្ធ Igor Matanovic បានស៊ុតបញ្ចូលទី ២ គ្រាប់យ៉ាងលឿន ដែលជួយឱ្យក្រុមភ្ញៀវនាំមុខ ២-០ ក្រោយហ្គេមដំណើរការត្រឹមតែ ១៧ នាទី តែយ៉ាងណា បានតបតវិញយ៉ាងល្អនៅវគ្គទី២ ដោយបាល់ ២ គ្រាប់របស់ខ្សែប្រយុទ្ធ Simon Terodde ដែលគ្រាប់ទី១ បានពីការទាត់ប៉េណាល់ទី និងគ្រាប់ទី២ បានពីការឆក់ឱកាសពីកំហុសរបស់ខ្សែការពារ ដើម្បីឱ្យក្រុមម្ចាស់ផ្ទះតាមស្មើ ២-២ វិញ។
ខ្សែប្រយុទ្ធ Marcel Beifus របស់ក្រុម Pauli បានបណ្ដោយឱ្យឱកាសមាស ក្នុងការស្ដារការនាំមុខឡើងវិញបាត់បង់ឥតការ មុនពេលការស៊ុតដ៏គួរឱ្យស្ងើចរបស់កីឡាករ Zalazar បានបញ្ចប់ទាំងស្រុងនូវការវាយបកយ៉ាងអស្ចារ្យ ដែលគ្រាប់បាល់នោះបានធ្វើឱ្យអ្នកគាំទ្រ ៦០ ០០០ នាក់មានអារម្មណ៍រំជើបរំជួរកអ្វីថ្លែងមិនបាន។
ជ័យជម្នះនេះ នាំក្រុម Schalke ឱ្យវិលទៅ Bundesliga វិញ ក្នុងការប្រឹងប្រែងលើកទី១ បន្ទាប់ពីត្រូវបានកាត់ចោលជាលើកដំបូង ក្នុងរយៈពេល ៣៣ ឆ្នាំ កាលពីរដូវកាលកន្លងទៅ។ បរាជ័យនេះ កប់យ៉ាងជ្រៅនូវក្ដីសង្ឃឹមរបស់ក្រុម Pauli ក្នុងការដណ្ដើមបានសិទ្ធិឡើងទៅលីគកំពូល តែការប្រជែងយកកៅអីឡើងស្វ័យប្រវត្តិ ១ ទៀត និងចំណាត់ថ្នាក់សម្រាប់ការទាត់ចាញ់ធ្លាក់ នៅមិនទាន់បាត់បង់នោះទេ។
នាល្ងាចថ្ងៃសៅរ៍នោះ ក្រុម Hamburg, Darmstadt និង Werder Bremen កំពុងមាន ៥៧ ពិន្ទុស្មើគ្នា ជាមួយនឹងការឈរនៅចំណាត់ថ្នាក់តាមលំដាប់លំដោយ គឺទី២ ទី៣ និងទី៤៕ AFP/VN