ក្រុងមេនឆេស្ទ័រ: ក្រុមមេឃខៀវ Manchester City មិនបានឱ្យឃើញនូវសញ្ញានោះឡើយ នៃផលប៉ះពាល់ពីការប្រកួត នៅក្របខ័ណ្ឌ Champions League នាចុងសប្តាហ៍ ដែលអាចបង្ហាញពីការកំណត់ ក្នុងការប្រជែងដណ្តើមពាន ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលពួកគេ បានបន្លាយការនាំមុខរបស់ពួកគេ នៅទីកំពូលតារាងរហូតដល់ ៣ ពិន្ទុ។
ក្រុម Man City បានសំពងក្រុម Newcastle ឥតត្រាប្រណី ៥-០ សម្រាប់ការប្រកួត ក្នុងកីឡដ្ឋាន Etihad របស់ខ្លួន បន្ទាប់ពីក្រុមហង្សក្រហម Liverpool របូតពិន្ទុ នៅទឹកដី Anfield ជាលើកដំបូង គិតតាំងពីខែតុលា ដោយការលេងស្មើ ១-១ ជាមួយនឹងក្រុម Tottenham Hotspur (Spurs)។
ការរបូតពិន្ទុរបស់ក្រុម Spurs ក៏បណ្ដោយឱ្យក្រុមកាំភ្លើងធំ Arsenal បើកការនាំមុខកាន់តែទូលាយដល់ទៅ ៤ ក្នុងការប្រកួតប្រជែងតំណែងលេខ ៤ ដើម្បីដណ្ដើមសិទ្ធិទៅលេង Champions League រដូវកាលក្រោយ។ នៅឯបាតតារាងឯនោះវិញ នេះគឺជាចុងសប្ដាហ៍របស់ក្រុម Everton ដោយសារពួកគេ ទទួលបានជ័យជម្នះដ៏កម្រ នៅផ្ទះរបស់ក្រុម Leicester ខណៈដែលក្រុម Burnley និង Leeds សុទ្ធតែចាញ់ដូចគ្នា។
យ៉ាងណាក្ដី AFP ផ្នែកកីឡា សម្លឹងឃើញ ៣ចំណុចគួរឱ្យចាប់អាម្មណ៍ ពីការប្រកួត នៅ Premier League នាចុងសប្ដាហ៍កន្លងមកនេះ។
-ពានរបស់ក្រុម Man City នឹងមិនអាចដណ្ដើមបាន
ក្រុម Man City អាចនឹងបានគ្រវែងកៅអី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ Champions League ចោល ដោយបានបណ្ដោយឱ្យការនាំមុខ ២គ្រាប់ លើក្រុម Real Madrid រលាយបាត់យ៉ាងគួរឱ្យសោកស្ដាយ កាលពីពាក់កណ្តាលសប្តាហ៍ តែពួកគេ កំពុងបដិសេធ ក្នុងការព្រលែងពានរង្វាន់ នៅ Premier League របស់ពួកគេឱ្យរបូតចេញពីដៃ។
ក្រុម Liverpool អាចយកបានដល់ទៅ ៤០ពិន្ទុ ពីការប្រកួត ដែលអាចបាន ៤២ពិន្ទុ នៅ Premier League មុននឹងត្រូវបានទប់ស្មើដោយក្រុម Spurs នេះ តែយ៉ាងណា ពួកគេ នៅមិនទាន់ជាបង្ហាញនូវការធ្លាក់ទម្រង់លេងនោះឡើយ។
«ប្រសិនបើមនុស្សមួយចំនួន បានសង្ស័យពីពួកយើង បញ្ជាក់ថា ពួកគេមិនស្គាល់ក្រុមនេះច្បាស់នោះទេ»។ នេះជាការលើកឡើងរបស់លោក Pep Guardiola ចំពោះការតបតរបស់ក្រុម Man City។
របៀបនៃការទទួលជ័យជម្នះនេះ ក៏បានធ្វើឱ្យក្រុម Man City មានប្រៀបលើគ្រាប់បាល់ចំណេញផងដែរ ដោយពេលនេះ លើសក្រុម Liverpool ដល់ទៅ ៤គ្រាប់ ដែលមានន័យថា ពួកគេប្រហែលជាត្រូវការតែ ៦ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួតចុងក្រោយចំនួន ៣លើករបស់ខ្លួន ដើម្បីធានាការឈ្នះពានរង្វាន់ជាលើកទី ៤ ក្នុងរយៈពេល ៥ឆ្នាំ។

-ក្រុម Man United រងការអាម៉ាស់ទៀត
ដោយក្រឡេកមើលការភាពខ្ទេចខ្ទី នៃរដូវកាលដ៏វែងអន្លាយរបស់ក្រុមបិសាចក្រហម Manchester United បន្ទាប់ពីរងការអាម៉ាស់ ជាមួយនឹងបរាជ័យ ៤-០ នៅផ្ទះរបស់ក្រុម Brighton កីឡាករ Bruno Fernandes បានទទួលស្គាល់ថា ក្រុមដ៏គួរខ្មាសអៀនរបស់ខ្លួន សមនឹងទទួលបាននូវការស្អប់ខ្ពើម (មិនពេញចិត្តយ៉ាងខ្លាំង) ពីអ្នកគាំទ្រ ដែលពេញដោយការខឹងសម្បាឥតឧបមា។
ខ្សែបម្រើ Fernandes និងក្រុមរបស់ខ្លួន ត្រូវបានបង្ខំស៊ូទ្រាំនឹងការស្រែកថា អ្នកមិនសមនឹងពាក់អាវនេះ និងការប្រមាថមើលងាយផ្សេងទៀតពីអ្នកគាំទ្ររបស់ក្រុម Man United នៅ កីឡដ្ឋាន Amex កាលពីថ្ងៃសៅរ៍។
ក្រុមបិសាចក្រហមរបស់លោក Ralf Rangnick ត្រូវបានធានាថា នឹងបញ្ចប់រដូវកាលជាមួយនឹងពិន្ទុទាបបំផុតរបស់ពួកគេ នៃយុគសម័យរបស់ Premier League ហើយមិនអាចមានឱកាស ក្នុងការដណ្ដើមសិទ្ធិ សម្រាប់ទៅលេង នៅ Champions League ទៀតទេ។ កីឡាករ Fernandes គឺជាប្រធានក្រុមរបស់ Man United សម្រាប់ការបរាជ័យដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរដូវកាលមួយ ដែលពោរពេញទៅដោយលទ្ធផលដ៏អាម៉ាស់ ហើយរូបគេមិនបានលើកជាលេសអ្វីនោះឡើយ សម្រាប់បរាជ័យនេះរបស់ពួកគេ។
«អ្វី ដែលយើងបានធ្វើថ្ងៃនេះ អ្វី ដែលខ្ញុំបានធ្វើថ្ងៃនេះ គឺមិនល្អគ្រប់គ្រាន់ ក្នុងការពាក់អាវរបស់ក្រុម Man United នោះឡើយ ហើយខ្ញុំទទួលយកការនិយាយបែបនេះ។ អ្នកគាំទ្រ បានមើលឃើញនូវលទ្ធផលមិនល្អជាច្រើន ក្នុងក្រុមរបស់ពួកគេ នារដូវកាលនេះ។ ពួកគេគាំទ្រពួកយើងរហូតដល់ទីបញ្ចប់ជាមួយនឹងសំឡេងស្រែកខុសៗគ្នា។ អ្វីក៏ដោយ ដែលពួកគេចង់គិត គឺជារឿងត្រឹមត្រូវសមរម្យ សម្រាប់ពួកគេ»។ នេះជាសម្ដីរបស់កីឡាករ Fernandes។
ការដណ្ដើមបានសិទ្ធិទៅលេង នៅក្របខ័ណ្ឌទី ២ របស់អឺរ៉ុប Europa League គឺជាសមិទ្ធផលដ៏ល្អបំផុតរបស់ក្រុមលេខ ៦ Man United អាចធ្វើបាន នៅមុនការមកដល់របស់អ្នកការថ្មី លោក Erik ten Hag ដែលចែកផ្លូវជាមួយក្រុម Ajax នៅបញ្ចប់រដូវកាលនេះ។

-ក្រុម Everton បញ្ចប់ឧបសគ្គរារាំងផ្លូវរបស់ពួកគេ
ក្រុម Everton ឈ្នះការប្រកួតក្រៅផ្ទះលើកចុងក្រោយ នៅ Premier League គឺនៅក្នុងខែសីហា ដែលនៅពេលនោះលោក Rafael Benitez ចាប់ផ្ដើមធ្វើតួនាទីដោយជ័យជម្នះ ដើម្បីយកឈ្នះលើការសង្ស័យ ចំពោះការតាំងតាំងគាត់ តែរយៈពេល ៩ខែ ជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលគិតចាប់តាំងពីត្រូវបានដកតំណែងជាយូរមកហើយ និងការដណ្ដើមបានត្រឹមតែ ២ពិន្ទុ ក្នុងដំណើរផ្លូវ នៃការលេង ១៤ហ្គេម ទីបំផុត ក្រុមស្ករតាំងម៉ែ បានយកឈ្នះឧបសគ្គ ដែលមករាំងផ្លូវពួកគេ មិនឱ្យឡើងផុតពីតំបន់គ្រោះថ្នាក់។
ខ្សែការពារ Vitalii Mykolenko និង Mason Holgate គឺជាអ្នកស៊ុតបញ្ចូលទីដ៏មិនគួរឱ្យជឿសោះ ក្នុងជ័យជម្នះ ២-១ លើក្រុម Leicester ដែលលទ្ធផលនេះ ជួយឱ្យក្រុម Everton ឥឡូវនេះ នាំមុខ ១ពិន្ទុលើក្រុម នៅតំបន់ត្រូវកាត់ចោល ជាមួយនឹងការសល់ ១ហ្គេម ក្នុងដៃ។
ក្រុម Everton របស់លោក Frank Lampard ក៏នឹងមានទំនុកចិត្តកាន់តែខ្ពស់ផងដែរ ក្នុងការបន្លាយការនាំមុខនោះ ជាមួយនឹងការធ្វើដំណើរទៅសួរសុខទុក្ខក្រុមដែលធ្លាក់រួចហើយ Watford នៅពាក់កណ្ដាលសប្ដាហ៍នេះ មុនពេលបើកទ្វាររបស់កីឡដ្ឋាន Goodison Parkស្វាគមន៍ក្រុម Brentford និង Crystal Palace៕ AFP/VN