ក្រុងម៉ៃអាមី: កីឡាករ Max Verstappen បានអបអរនូវការឈ្នះជាលើកទី៣ របស់ខ្លួន នៃរដូវកាលនេះ សម្រាប់ការប្រណាំងរថយន្ដ Formula One (F1)) 2022 ជាមួយនឹងជ័យជម្នះក្នុងកម្មវិធី Miami Grand Prix កាលពីថ្ងៃអាទិត្យ ដោយបន្ទាប់មកបានទាមទារឱ្យក្រុម Red Bull របស់ខ្លួន ដោះស្រាយជាមួយនឹងបញ្ហាដែលអាចទុកចិត្តបានភ្លាមៗ។
កីឡាករសញ្ជាតិហូឡង់ Verstappen ឈ្នះការប្រណាំង ៣ ដំណាក់កាលដែលរូបគេដល់ទីព្រ័ត្រដោយពេញលេញបរិបូរណ៍ នារដូវកាលនេះ តែបរាជ័យក្នុងការបញ្ចប់ទាំងស្រុងនៅប្រទេសបារ៉ែន និងអូស្ត្រាលី ដោយសារមានបញ្ហាទាក់ទងនឹងប្រេង។
បញ្ហាពាក់ទងនឹងទឹក និងចំណោទពាក់ព័ន្ធនឹងហ្វ្រាំងខាងក្រោយ បានក្លាយជាឧបសគ្គដល់កីឡាករ Verstappen ជាច្រើនជុំ ក្នុងវគ្គប្រកួតសាកល្បង កាលពីថ្ងៃសុក្រ នៅក្រុងម៉ៃអាមីនេះ ដែលធ្វើឱ្យរូបគេ មានព័ត៌មានតិចតួចពីផ្លូវប្រណាំង មុនការប្រណាំងដណ្ដើមទីតាំងនៅថ្ងៃសៅរ៍ ដែលរូបគេដណ្តើមបានចំណាត់ថ្នាក់លេខ ៣ នៅលើទីលានប្រណាំង។
ក្នុងការប្រណាំង កាលពីថ្ងៃអាទិត្យនេះ រូបគេអាចចូលយ៉ាងលឿន ទៅនៅពីមុខកីឡាករ Carlos Sainz របស់ក្រុមប្រណាំង Ferrari ហើយបន្ទាប់មក នៅជុំទី៩ បានវ៉ាកីឡាករ Charles Leclerc ដែលបានចាប់ផ្តើមការប្រណាំងជាមួយនឹងទីតាំងនាំមុខគេ។
«វាជាការត្រឡប់មកវិញបានល្អណាស់។ ខ្ញុំមិនបានធ្វើការចាប់ផ្តើមនូវការប្រណាំងសាកនោះឡើយ ដូច្នេះ ខ្ញុំមិនដឹងថា អ្វីដែលត្រូវរំពឹងទុក នៅក្នុងការចាប់ផ្តើមប្រណាំងឱ្យពិតប្រាកដនោះទេ។ តែយើងមានការចាប់ផ្តើមដ៏ល្អ ហើយខ្ញុំបានឃើញឱកាសក្នុងការទៅពីមុខ Sainz នៅកន្លែងបត់ ១ ដូច្នេះ ខ្ញុំបានព្យាយាម។ សំណាងល្អ វាទទួលបានផល»។ នេះជាសម្ដីរបស់កីឡាករ Verstappen។
ទោះបីជាកីឡាករវ័យ ២៤ ឆ្នាំ Verstappen ពិតជារីករាយជាមួយនឹងជ័យជម្នះលើកទី២៣ នៃអាជីពក្នុងការប្រណាំងនៅ F1 តែរូបគេមានភាពឆន្ទៈ ក្នុងការរំឭកដល់ក្រុមរបស់ខ្លួនថា ពួកគេត្រូវតែធ្វើហ្គេមរបស់ខ្លួនឱ្យបានប្រសើរទៀត។
Verstappen បន្តថា៖ «ខ្ញុំមានបញ្ហាជាច្រើន កាលពីថ្ងៃសុក្រ និងជាពិសេស (ការដណ្ដើមសិទ្ធិ ដើម្បីយកទីតាំង) កាលពីម្សិលមិញ។ ថ្ងៃនេះអ្វីៗ ល្អគ្រប់យ៉ាងជាមួយនឹងការចាប់ផ្តើមចេញដំណើរ តែវាក៏មានបញ្ហាដទៃដូចគ្នាដែរ។ ដូច្នេះ យើងគ្រាន់តែត្រូវដោះស្រាយឱ្យមាននូវភាពវិជ្ជមានពិតប្រាកដនៅចុងសប្ដាហ៍ ដោយមិនមានបញ្ហាអ្វីទាំងអស់»។
តែក្រោយបញ្ចប់ ៥ ដំណាក់កាល សម្រាប់ការប្រណាំង F1 រដូវកាលនេះ ឃើញថា កីឡាករ Leclerc នៅឈរទី ១ ក្នុងតារាងពិន្ទុសរុប ដោយមាន ១០៤ ពិន្ទុ ខណៈ Verstappen នៅលេខ ២ ជាមួយនឹងការមាន ៨៥ ពិន្ទុ ហើយអ្នកលេខ ៣ គឺកីឡាករ Sergio Perez របស់ក្រុម Red Bull ម្នាក់ទៀត ដែលមាន ៦៦ ពិន្ទុ៕ AFP/VN