ភ្នំពេញ៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នាជា​ថ្នាក់​ដឹកនាំ ក្រុម​ការងារ​គ្រូ​បង្វឹក បុគ្គលិក ក៏​ដូច​ជា​កីឡាករ កីឡាការិនី​ទាំងអស់​ នៃ​ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន មាន​ក្តី​សោក​សង្រេង​ ព្រម​ទាំង​ក្តី​សោក​ស្តាយ​​ជា​​ខ្លាំង ​ចំពោះ​មរណភាព​របស់ លោក​ឧកញ៉ា ឬទ្ធី សំណាង ប្រធាន​​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន ដែល​បាន​ទទួល​អនិច្ចកម្ម នាថ្ងៃ​ទី ​១១ ខែ​ ឧសភា ឆ្នាំ​ ២០២២ នេះ ដោយ​រោគាពាធ»។

នេះជា​សេចក្តី​ប្រកាសដំណឹង ​របស់​ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន កាលពី​ព្រឹក​ថ្ងៃពុធ​នេះ ហើយ​ដំណឹង​ដ៏រន្ធត់ នៃ​កាស្លាប់​​របស់​លោក​ឧកញ៉ា ឬទ្ធី សំណាង ដោយ​រោគាពាធ ក្នុង​អាយុ​ត្រឹម​៤១​ឆ្នាំ បាន​ធ្វើ​ឱ្យគ្រប់​គ្នា នៅ​ក្នុង​វិស័យបាល់ទាត់​កម្ពុជា​ ពិសេស​ក្រុម​គ្រួសារ​បាល់​ទាត់​ភ្នំពេញក្រោន មានការ​សោកសង្វេគ​ខ្លាំង ដែលបាន​បាត់បង់​ថ្នាក់​ដឹកនាំ និងជាមនុស្សម្នាក់ ដែល​បានលះ​បង់យ៉ាងច្រើន ដើម្បី​បណ្តុះបណ្តាល​យុវជន​ថ្នាក់​ថ្នាល​ជា​ច្រើន​នាក់ សម្រាប់ទ្រទ្រង់ដល់​​វិស័យ​បាល់​ទាត់ នៅកម្ពុជា រូប​នេះ។

សេចក្តីប្រកាស​នេះ បាន​បន្ត​ថា៖​ «យើង​ខ្ញុំ​ទាំង​អស់​គ្នា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សែន​ក្រៀម​ក្រំ និង​សោក​ស្តាយ​អាឡោះ​អាល័យ​បំផុត​ជាមួយ លោក​ជំទាវ ភូ ឈាលីន និងក្រុម​គ្រួសារ​នៃ​សព ដែល​បាន​បាត់​បង់​ស្វាមី កូន​ប្រុស កូន​ប្រសារ និង​ឪពុក ដែល​ជា​ទី​គោរព​ស្រឡាញ់​បំផុត»។

ក្រុមគ្រួសារ​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​បន្ថែម​ថា៖ «សម្រាប់​គ្រប់ៗ​គ្នា នៅ​ក្លិប​ភ្នំពេញក្រោន មរណភាព​របស់លោក​ឧកញ៉ា ឬទ្ធី សំណាង គឺ​ជា​ការ​បាត់​បង់ នូវ​ឥស្សរជន​មួយ​រូប​ដែល​ប្រកប​ដោយ​គុណធម៌ ព្រហ្មវិហាធម៌ ព្រម​ទាំង​ភាព​ជា​អ្នក​ដឹកនាំ ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន ចំពោះ​សង្គម​ជាតិ ជា​ពិសេស​ការ​រួម​ចំណែក​កសាង​នូវ​សមិទ្ធផល​ជា​បន្ត​បន្ទាប់​ក្នុង​វិស័យ​កីឡា​បាល់​ទាត់​ជាតិ វិស័យ​អប់រំ និង​មនុស្ស​ធម៌​ជា​ដើម ដែល​លោក​ឧកញ៉ា តែង​តែង​ចូល​រួម​​យ៉ាង​សកម្ម ​នា​ពេល​កន្លង​មក»។

«អស់​រយៈ​កាល​ជាង ១០​ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់ លោក​ឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​គ្រួសារ​មួយ​របស់​លោក ហើយ​លោក​តែងតែ​ទូន្មាន និង​ចង្អុល​បង្ហាញ​នូវ​មាគ៌ាល្អៗ ដល់​យើង​ទាំង​អស់​គ្នា ជាមួយ​និង​ទស្សនា​ទានថា យើង​ជា​គ្រួសារ​តែ​មួយ ដែល​មាន​គោលដៅ​ដូចគ្នា ឆន្ទៈ​ដូចគ្នា ហើយ​ត្រូវ​តែ​រួម​ចិត្ត រួម​កម្លាំង​គ្នា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ដែល​​យើង​​ប្រាថ្នា​ចង់​បាន»។

សេចក្តី​ប្រកាស​របស់​ក្លិប​ភ្នំពេញ​ក្រោន បាន​បញ្ជាក់​ថា៖ «ក្នុង​ស្មារតី​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សូម​ប្តេជ្ញា​ថែ​រក្សា​នូវ​ទស្សនវិស័យ និង​បន្ត​វីរភាព​ ដែល​លោក​ឧកញ៉ា ឬទ្ធី សំណាង សម្រេច​បាន ​ចំពោះ​ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន ជាទី​ដែល​លោក​បាន​ចំណាយ​នូវ​កម្លាំង​កាយចិត្ត រួម​ទាំង​ធនធាន​ជា​ច្រើន ដើម្បី​កសាង​ជា​ប្រយោជន៍​ សម្រាប់​វិស័យ​បាល់​ទាត់ និង​ជា​ពិសេស ​សម្រាប់​អ្នកគាំទ្រ​ក្លិប​ភ្នំពេញក្រោន ​ជាទី​ស្រឡាញ់​របស់​លោក។ យើង​ខ្ញុំ សូម​បួង​សួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង សូម​បាន​បដិសន្ធិ​ក្នុង​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ»៕