ក្រុងប៉ារីស: សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃចន្ទ បានធ្វើការបញ្ជាក់ថា ការប្រកួតជម្រុះ World Cup 2022 ដែលត្រូវបានពន្យារពេល រវាងប្រេស៊ីល និងអាហ្សង់ទីន នឹងត្រូវលេងឡើងវិញ បន្ទាប់ពីបានច្រានចោលការស្នើពីសហព័ន្ធរបស់ប្រទេសទាំង ២។
មន្ត្រីសុខាភិបាលរបស់ប្រេស៊ីល បានសម្រុកចូលទីលាន រយៈពេល ៧នាទី កាលពីថ្ងៃទី ៥ ខែកញ្ញា អំឡុងការប្រកួទ រវាងក្រុមយក្ស នៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) នៅទីក្រុងសៅប៉ូឡូ ដោយបានធ្វើឱ្យហ្គេមត្រូវបញ្ឈប់ និងបង្កឱ្យមានការប្រកែកតវ៉ាគ្នាយ៉ាងរញ៉ែរញ៉ៃ រវាងមន្ត្រី និងកីឡាកររបស់ក្រុម។
យោងតាមស្ថាប័នតាមដានសុខភាពជាតិ (ANVISA) របស់ប្រទេសប្រេស៊ីល កីឡាករអាហ្សង់ទីន ៤ នាក់ ដែលប្រកបអាជីពជាមួយក្លិប នៅអង់គ្លេស នាពេលនោះ គួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ ពីបទរំលោភលើនីតិវិធីទប់ស្កាត់ជំងឺកូវីដ ១៩។
FIFA កាលពីខែកុម្ភៈ បានបញ្ជាឱ្យធ្វើការប្រកួតឡើងវិញ និងពិន័យកីឡាករ Cristian Romero ហើយបន្ទាប់មកមិត្តរួមក្រុម Tottenham Hotspur គឺកីឡាករ Giovani Lo Celso និងព្រមទាំងកីឡាករ Emiliano Martinez របស់កីឡាករ Aston Villa និង Emiliano Buendia ចំនួន ២ប្រកួត។
ជាមួយគ្នានេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ ក៏បានធ្វើការពិន័យជាបន្តបន្ទាប់ ចំពោះសហព័ន្ធបាល់ទាត់ជាតិទាំង ២ ដូចគ្នាដែរ ដែលជំរុញឱ្យសហព័ន្ធទាំង ២ ប្តឹងឧទ្ធរណ៍។ គណៈកម្មាធិការផ្នែកវិន័យរបស់ FIFA បានតម្កល់ប្រាក់ពិន័យចំនួន ៥០ ០០០ ហ្វ្រង់ស្វីស ($៥០,៣៤២) ដែលត្រូវបានធ្វើ ចំពោះក្រុមទាំង ២ ដោយសារការផ្អាក នៃការប្រកួតនោះ។
តែយ៉ាងណាក្ដី ស្ថាប័ន បានកាត់បន្ថយចំនួនប្រាក់ពិន័យ ៥០ ០០០០ ហ្វ្រង់ស្វីស (ជាង $៥០ ម៉ឺន) ដាច់ដោយឡែកពីគ្នា ដោយ FA របស់ប្រេស៊ីលចំនួន ២៥ ០០០០ ហ្វ្រង់ស្វីស ($២៥១ ៩០០) ហើយបានបន្ថយការផាកពិន័យដំបូង ចំពោះ FA របស់អាហ្សង់ទីន ពាក់កណ្តាលចំនួន ២០ ០០០០ ហ្វ្រង់ស្វីស ($២០១ ៦០០)។
សហព័ន្ធបាល់ទាត់របស់ប្រទេសអាហ្សង់ទីន បាននិយាយថា ខ្លួននឹងស្នើសុំហេតុផល នៅថ្ងៃនេះ សម្រាប់ការសម្រេចចិត្តទាំង ២ មុនពេលប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលកីឡា ប្រឆាំងនឹងការផាកពិន័យជាលើកទី២ របស់ខ្លួន និងការលេងការប្រកួតឡើងវិញនេះ។
ទាំងក្រុមជម្រើសជាតិប្រេស៊ីល និងអាហ្សង់ទីន ដណ្ដើមបានសិទ្ធិទៅលេង ក្នុងព្រឹត្តិការណ៍ World Cup ដែលនឹងកើតឡើង នៅចុងឆ្នាំនេះ ក្នុងប្រទេសកាតា៕ AFP/VN