The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Liverpool នៅ​ដេញ​តាម Man City មិន​ព្រម​លែង

Liverpool នៅ​ដេញ​តាម Man City មិន​ព្រម​លែង

Content image - Phnom Penh Post
Mohamed Salah របស់ក្រុមហង្សក្រហម ប្រជែងបាល់ជាមួយ Douglas Luiz របស់ក្រុម Aston Villa ក្នុងការប្រកួតកាលពីថ្ងៃទី ១០ ឧសភា។ រូបថត AFP

Liverpool នៅ​ដេញ​តាម Man City មិន​ព្រម​លែង

ក្រុងប៊ើមិងហេម: លោក Jurgen Klopp បាន​និយាយ​ថា ក្រុម​ហង្ស​ក្រហម​ Liverpool របស់​លោក នៅ​តែ​ដេញ​តាម​ដូច​មនុស្ស​វក់​ស្មារតី (មិន​គិត​អ្វី​ទាំង​អស់​) ពី​ក្រោយ​ក្រុម Manchester City នៅ​ទី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​អាច​វាយ​បក​ពី​ការ​នាំ​មុខ​ ១ គ្រាប់ រហូត​យក​ឈ្នះ​ក្រុម Aston Villa ២-១ កាល​ពី​យប់​ថ្ងៃ​អង្គារ​។

បច្ចុប្បន្ន ក្រុម​កំពូល​តារាង​ទាំង ២ មាន ៨៦ ​ពិន្ទុ​ស្មើ​គ្នា តែ​ក្រុម Man City នៅ​តែ​ឈរ​ទី ១ ដោយសារ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ហើយ​ព្រមទាំង​​នៅ​សល់ ១ ហ្គេម ក្នុង​ដៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Wolverhampton នា​យប់​ថ្ងៃ​ពុធ។

Liverpool អាច​នឹង​មាន​ការ​ភ្លាត់​ស្នៀត​ ១ ​ផ្សេង​ទៀត ​បន្ទាប់​ពី​ត្រូវ​បាន​ក្រុម Tottenham ទប់​ស្មើ ១-១ ក្នុង​ទឹក​ដី​ កាល​ពី​ចុង​សប្តាហ៍ ហើយ​បាន​​ចាប់​ផ្តើម ​ដែល​អាច​អាក្រក់​បំផុត​​នៅ​ពេល​ដែល​កីឡាករ Douglas Luiz បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Villa នាំ​មុខ បន្ទាប់​ពី​ហ្គេម ដំណើរការ​បាន ៣ ​នាទី។

តែ​ខ្សែ​ការពារ Joel Matip បាន​ជួយ​ឱ្យ​ក្រុម Liverpool តាម​ស្មើ​វិញ​យ៉ាង​លឿន ហើយ​ការ​តែត​យ៉ាង​ស្អាត​របស់​ខ្សែ​ប្រយុទ្ធ Sadio Mane នៅ​ប្រមាណ​ជា ២៥ ​នាទី មុន​ចប់​ការ​ប្រកួត​បាន​ស្រោច​ស្រង់​ក្រុម​ហង្ស​ក្រហម​ឱ្យ​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​​តាម​ប្រដេញ ចំពោះ​ការ​ឈ្នះ​ពាន​រង្វាន់ ៤ ជា​ប្រវត្តិសាស្ត្រ​ដដែល។

«​យើង​នៅ​តែ​តាម​ប្រដេញ ដូច​មនុស្ស​វក់​ស្មារតី​។ យើង​ត្រឹមតែ​ដឹង​ថា យើង​ត្រូវ​តែ​ឈ្នះ​ រឿង​នោះ​មិន​ផ្លាស់​ប្ដូរ​ជា​ដាច់​ខាត ហើយ​ឥឡូវ​នេះ យើង​ត្រូវ​ប្រសើរ​ជាង​នេះ ដើម្បី​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី FA Cup។ គ្មាន​​ត្រា​ប្រណី​អ្វី​ទាំង​អស់​»​។ លោក​ Klopp​ លើក​ឡើង។

យ៉ាង​ណាក្ដី ជ័យជម្នះ​បាន​កើត​ឡើង ជាមួយ​នឹង​ការ​ខាត​បង់​នៅ​ពេល​​ខ្សែ​បម្រើ Fabinho ដើរ​ខ្ញើច​ៗ​ចេញ​ពី​ទី​លាន ដោយសារ​របួស​សាច់ដុំ ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង ចំពោះ​រូប​គេ​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ FA Cup ជាមួយ​ក្រុម​ Chelsea នា​ថ្ងៃ​សៅរ៍ និង​នៅ​ក្របខ័ណ្ឌ Champions League ទល់​​នឹងក្រុម Real Madrid នៅ​ថ្ងៃទី​ ២៨ ខែ​ឧសភា។

ពាក់ព័ន្ធ​នឹង​របួស​របស់​ Fabinho លោក Klopp ប្រាប់​ថា​៖ «​​រូប​គេ​មាន​អារម្មណ៍​ថា មាន​បញ្ហា​សាច់​ដុំ តែ​មិន​ធ្ងន់​ពេក​នោះ​ទេ​។ រូប​គេ​មាន​ទំនុក​ចិត្ត​គួរ​សម​ តែ​ខ្ញុំ​មិន​ប្រាកដ​ពី​អ្វី​ដែល​ខ្ញុំ​អាច​​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​បាន​យ៉ាង​ម៉េច​ទេ និយាយ​​ដោយ​ត្រង់​»​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍