The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កីឡាករ​ឃីក​បុកស៊ីង ៣ នាក់ ត្រូវ​វ៉ៃ​ដណ្តើម​មេដាយ​មាស រីឯ​ក្រុម​ទូក​រ៉ូអ៊ីង បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ជូន​កម្ពុជា​មុន​គេ

កីឡាករ​ឃីក​បុកស៊ីង ៣ នាក់ ត្រូវ​វ៉ៃ​ដណ្តើម​មេដាយ​មាស រីឯ​ក្រុម​ទូក​រ៉ូអ៊ីង បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ជូន​កម្ពុជា​មុន​គេ

Content image - Phnom Penh Post
កីឡាករ លន បញ្ញា បាន​ទាត់​ទៅលើ​កីឡាករ​ថៃ Rodnok Ophat ក្នុងការ​ប្រកួតឃីក​បុកស៊ីង។ សហ​ការី

កីឡាករ​ឃីក​បុកស៊ីង ៣ នាក់ ត្រូវ​វ៉ៃ​ដណ្តើម​មេដាយ​មាស រីឯ​ក្រុម​ទូក​រ៉ូអ៊ីង បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ជូន​កម្ពុជា​មុន​គេ

ភ្នំពេញៈ ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង ទូច រ៉ាឆាន់ ដែល​គេ​ស្គាល់​ថា ជា បឺត សង្ឃឹម ព្រម​ទាំង លន បញ្ញា និង កាន់ ម៉េងហុង នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៃ​ប្រភេទ​កីឡា​ឃីក​បុកស៊ីង នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ដើម្បី​ស្វែង​រក​មេដាយ​មាស​ដំបូង​គេ​ឱ្យ​កម្ពុជា​ក្នុង​​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ​ ២០២១ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

នៅ​មុន​ដណ្តើម​បាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ទាំង បឺត សង្ឃឹម, លន បញ្ញា និង កាន់ ម៉េងហុង សុទ្ធ​តែ​បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ​ទៅ​តាម​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​ជ័យជម្នះ ទាំង​ការ​ប្រកួត​វគ្គ​ជម្រុះ ៨ នាក់​ចុង​ក្រោយ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ អ្នក​ទាំង​ ៣ នេះ សុទ្ធ​តែ​ត្រូវ​​ប្រឈម​ជាមួយ​កីឡាករ​របស់​​ថៃ និង​វៀតណាម។

តាម​រយៈការ​ប្រកួត​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ កាល​ពី​ល្ងាច និង​យប់​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បឺត សង្ឃឹម ​បាន​ក្លាយជា​បេក្ខភាព​ដំបូង​គេ​ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម និង​ភាព​រីករាយ​​ដល់​អ្នក​គាំទ្រ​កម្ពុជា ដោយ​រូប​គេ​បាន​​យក​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី Seaw Wei Sheng ដោយ​ពិន្ទុ​ដាច់​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ដើម្បី​កក់​កៅអី​នៅវគ្គ​ផ្តាច់ព្រ័ត្រ​បាន​មុន​គេ។
ចំណែក លន បញ្ញា ដែល​ឡើង​ប្រកួតគូ​​បន្ទាប់​នោះ កាន់​តែ​​ធ្វើ​​ឱ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ខណៈ​រូប​គេ​អាច​ដណ្តើម​បាន​ជ័យជម្នះ សម្រាប់​ការ​ប្រកួត ​២ ​ទឹក​ចុង​ក្រោយ ដើម្បីលុប​ចោល​ការ​ស្មើ​ពិន្ទុ​គ្នា ១-១ ក្នុង​ទឹកទី១ និង​ទទួល​បាន​ជ័យជម្នះ​ លើ​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​​របស់​​ប្រទេស​ថៃ Rodnok Ophat ដោយ​ពិន្ទុ សម្រាប់​វិញ្ញាសា​ទម្ងន់ ៦៧ ​គីឡូក្រាម​នោះ។

យ៉ាងណា​មិញ កីឡាករ​វ័យ​ក្មេង កាន់ ម៉េងហុង បាន​​ទទួល​ការ​សរសើរ​មិន​ដាច់​របស់​ជន​រួម​ជាតិ​ពី​ការ​ប្រកួត​ដ៏​វៃ​ឆ្លាត​របស់​គេ។ បើ​ទោះបី​ជា ម៉េងហុង បាន​ចាញ់​ប្រៀប​កីឡាករ​របស់​ម៉ាឡេ​ស៊ី Awang Marajaya Awangku Abdul Rahman ដោយ​ពិន្ទុ​ដាច់ ៣-០ នៅ​ក្នុង​ទឹកទី​១ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​របស់​កម្ពុជា​រូប​នេះ ​បាន​បង្កើន​ការ​វ៉ៃ​សម្រុក ធ្វើ​ឱ្យ​គូ​ប្រកួត​ម្នាក់​នេះ គាំង និង​ត្រូវ​អាជ្ញា​កណ្តាល​រាប់​នៅ​ទឹក​ទី​២ ដើម្បី​ឈ្នះ​ ៣-០ វិញ ហើយ​នៅ​ទឹកទី​៣ ម៉េងហុង បន្ត​ឈ្នះពិន្ទុ ៣-០ ទៀត ដើម្បី​​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

Content image - Phnom Penh Post
កីឡាករ ផន សុភាន និង ជៅ សំរេច បានឈ្នះមេដាយសំរឹទ្ធ។

យ៉ាងណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​មេដាយ​មាស​នៅ​ថ្ងៃ​សុក្រ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កីឡាករ​​របស់​កម្ពុជា​ទាំង​ ៣​ នេះ នឹង​ត្រូវ​ធ្វើ​ការងារ​កាន់​តែ​ធ្ងន់ ដោយ​ក្នុង​នោះ បឺត សង្ឃឹម ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​ថៃ Arunno Sivapan ដែល​បាន​ទម្លាក់​កីឡាករ​ឡាវ នៅ​វគ្គ​ ១/២ ​ផ្តាច់​ព្រ័ត្រ ហើយ កាន់ ម៉េងហុង ក៏​ត្រូវ​ជួប​ថៃ Sungnoi Chaiwat ផង​ដែរ ដែល​គេ​ម្នាក់​នេះ មាន​សមត្ថភាព​ខ្លាំង ព្រោះ​អាច​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ Duong Danh Hoat ដោយ​ពិន្ទុ​ដាច់ ៣-០ ទាំង​ ៣ ទឹក​តែ​ម្តង។

ចំណែក លន បញ្ញា ត្រូវ​ជួប​កីឡាករ​របស់​ម្ចាស់​ផ្ទះ​វៀតណាម Nguyen The Huong ដែល​បាន​ទម្លាក់​កីឡាករ​ម៉ាឡេស៊ី Kiang Athachai ក្នុង​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ សន រ៉ាគីម បាន​បាត់បង់​ឱកាស​ត្រឹម​វគ្គ ​១/២ ​ផ្តាច់ព្រ័ត្រ ក្រោយ​ចាញ់​ពិន្ទុ​​កីឡាករ​ថៃ Santidongsakun Chaleamlap ក្នុង​​ទម្ងន់​ ៦៣​ គីឡូក្រាម ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ។ តែ​ទោះ​បីជា​យ៉ាងណា សន រ៉ាគីម មាន​មេដាយ​សំរឹទ្ធ​រួច​ហើយ គឺ​ប្រសើរ​ជាង​ជើង​ខ្លាំង ឈុត វ៉ាន់ថង, ខាំ ខ្លានាង ព្រម​ទាំង​កីឡការិនី នៅ ស្រីពៅ និង ទូច ចាន់វត្តី ដែល​សុទ្ធ​តែ​បាន​ចាញ់ និង​ធ្លាក់​ក្នុង​វគ្គជម្រុះ​ ៨ ​នាក់​ដំបូង។

ដោយ​ឡែក កីឡាករ​ទូករ៉ូអ៊ីង ផន សុភាន និង ជៅ សំរេច ​បាន​ក្លាយ​ជា​បេក្ខភាព​ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ជា​ផ្លូវការ​ជូន​កម្ពុជា​មុន​គេ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើកទី​៣១​ ឆ្នាំ​ ២០២១ នេះ គឺ​អ្នក​ទាំង​ ២ នាក់​នេះ បាន​ឈ្នះ​មេដាយ​​សំរឹទ្ធ​ស្ទួន សម្រាប់​ការ​ប្រកួត​កីឡា​ទូក​រ៉ូអ៊ីង​លើ​វិញ្ញាសា​គូ​បុរស M2X កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​មេដាយ​មាស​លើ​វិញ្ញាសា​នេះ បាន​ទៅ​លើ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​វៀតណាម​លេខ ២ ​បាន​ទៅ​ក្រុម​សិង្ហបុរី និង​លេខ​ ៣ ស្ទួន ​ជាមួយ​កម្ពុជា​បាន​លើ​កីឡាករ​របស់​ថៃ៕

-

អត្ថបទគួរចាប់អារម្មណ៍