ភ្នំពេញៈ ដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់របស់ក្រុមកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រូវបានបង្អាក់ ដោយក្រុមជម្រើសជាតិសិង្ហបុរី ខណៈក្រុមទើបចាញ់ ២ ប្រកួតជាប់ៗគ្នាមួយនេះ បានប្រើយុទ្ធសាស្រ្តការពារ បែបដាក់ឡានក្រុងនៅមុខទី ដើម្បីរក្សាការនាំមុខក្រុមកម្ពុជា ១-០ រហូតដល់ចប់ ៩០ នាទីពេញនោះ។
សម្រាប់ការប្រកួតជម្រុះប្រចាំពូលB កាលពីថ្ងៃពុធម្សិលមិញ ក្រុមគោព្រៃជំទង់កម្ពុជាបានធ្វើការដាក់សម្ពាធទៅលើក្រុមសិង្ហបុរីភ្លាមៗ ព្រោះពួកគេចង់បង្កើតភាពភ្ញាក់ផ្អើលតាមរយៈការរកគ្រាប់បាល់ឱ្យបានលឿន ដូចពេលយកឈ្នះក្រុមឡាវ ៤-១ កាលពីថ្ងៃចន្ទ ប៉ុន្តែភាពរីករាយសម្រាប់ក្រុម ដែលប្រើកីឡាករអាយុក្រោម ២៣ ឆ្នាំ សុទ្ធសាធមួយនេះ មិនបានកើតមាននោះទេ ព្រោះក្រុមសិង្ហបុរី បានប្រើទម្រង់លេងបិទ ដើម្បីរារាំងសម្ទុះការវាយសម្រុកនេះបាន។
ជាមួយគ្នានេះ ការធ្វើការវាយបកលឿនរបស់សិង្ហបុរីបានធ្វើឱ្យកម្ពុជា មានការបារម្ភផងដែរ ហើយការស៊ុតបាល់ឡងពីដៃ អ្នកចាំទី ហ៊ុល គីមហ៊ុយ យ៉ាងកៀកបំផុតរបស់កីឡាករសិង្ហបុរី Nicky បានធ្វើឱ្យអ្នកទស្សនាបុកពោះគ្រប់ៗគ្នា ប៉ុន្តែការស៊ុតនោះ ខុសគោលដៅ។
យ៉ាងណាក៏ដោយ ក្រុមកម្ពុជានៅតែបង្កើតឱកាសបានច្រើនជាងសិង្ហបុរី ហើយការអូសបាល់រំលងខ្សែការពារទាំង ៣ នាក់ ពីសំណាក់ខ្សែប្រយុទ្ធជាប្រធានក្រុម សៀង ចន្ធា គួរណាស់តែអាចរកបានគ្រាប់បាល់នាំមុខឱ្យកម្ពុជានៅនាទីទី២៤ ប៉ុន្តែ ចន្ធា មិនអាចឆ្កឹះបាល់យ៉ាងកៀកនោះ ផុតពីការចេញមកសង្គ្រោះរបស់អ្នកចាំទីក្រុមសិង្ហបុរី Zaiful បាននោះទេ។
នៅក្រោយការខកឱកាសនេះ ការវាយកបកលឿនៗរបស់ក្រុមសិង្ហបុរី ជាពិសេសការលើកបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធ Shah បានផ្តល់ឱកាសឱ្យកីឡាករលេខ ១០ Saifullanh ដែលឈរចាំនៅមុខទីស្រាប់នោះ លោតតែតបញ្ចូលទីបានយ៉ាងល្អ ដើម្បីជួយឱ្យក្រុមសិង្ហបុរីនាំមុខ ១-០ នៅនាទីទី២៦ ហើយនៅនាទីទី៤៩ ញាណ សុស៊ីដាន បានស៊ុតយ៉ាងពេញជើង ប៉ុន្តែបាល់នោះ បែរជាហោះទៅប៉ះបង្គោលទីដ៏គួរឱ្យសោកស្តាយបំផុត។
ចូលដល់តង់ទី២ ក្រុមកម្ពុជាក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda បានធ្វើការផ្លាស់ប្តូរសមាសភាពនៅតំបន់ប្រយុទ្ធភាគច្រើន ដោយក្នុងនោះខ្សែប្រយុទ្ធ សារ ទី, ម៉ៅ ពិសិដ្ឋ, មិន រតនៈ, គី រីណា និង វ៉ាំង ដាវីន សុទ្ធតែត្រូវបានដាក់ឱ្យលេងជាបន្តបន្ទាប់គ្នា ហើយកម្លាំងថ្មីនេះ បានរួមសហការគ្នាវាយសម្រុកទៅលើក្រុមសិង្ហបុរីយ៉ាងខ្លាំង។
នៅក្នុងរយៈពេល ៤៥ នាទី ក្នុងតង់ទី២ នេះ សិង្ហបុរីបានបាល់ដាច់តែម្តងទេ គឺនៅពេលខ្សែប្រយុទ្ធ Ryhan បានបាល់កាត់ពីមុខអ្នកចាំទី គីមហ៊ុយ ទៅឱ្យ Khairin នៅនាទី៧៥ ប៉ុន្តែកីឡាករទើបដាក់ឱ្យចូលលេងរូបនេះ ស៊ុតបាល់ដាច់ម៉ាត់ ប្រហែល ២ ម៉ែត្រ ពីទីនោះមិនចូល។
យ៉ាងណាមិញ នៅក្នុងតង់ទី២ នេះ ក្រុមកម្ពុជាបានវាយសម្រុកទៅលើតំបន់ការពាររបស់សិង្ហបុរីយ៉ាងខ្លាំង ហើយក៏បានបង្កើតឱកាសច្រើនដែរ បើទោះបីជា សិង្ហបុរីបានប្រើយុទ្ធសាស្ត្រដាក់ឡានក្រុងការពារនៅមុខទីក៏ដោយ ប៉ុន្តែរឿងដែលគួរសោកស្តាយបំផុតនោះ គឺទាំងខ្សែការពារ ជួន ចាន់ចាវ និង ម៉ៅ ពិសិដ្ឋ សុទ្ធតែបានតែត និងស៊ុតបាល់ទៅប៉ះបង្គោល និងរបារទី ខណៈការស៊ុតច្រើនគ្រាប់ទៀត ពិសេសការស៊ុតពេញជើងយ៉ាងកៀករបស់ សារ ទី ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីសិង្ហបុរី។
តាមរយៈការចាញ់ក្រុមសិង្ហបុរី ១-០ ដ៏គួរឱ្យសោកស្តាយនេះ បានធ្វើឱ្យកម្ពុជា កាន់តែមានសម្ពាធក្នុងការប្រជែងស្វែងរកឱកាសឡើងទៅវគ្គបន្ត ព្រោះ ២ ប្រកួត ដែលនៅសល់ ពួកគេត្រូវប្រឈមជាមួយក្រុមខ្លាំង ថៃ ដែលទើបលត់ សិង្ហបុរី ៥-០ និង ម៉ាឡេស៊ី ដែលបានយកឈ្នះក្រុមថៃ ២-១៕