The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - FIFA ស៊ើប​អង្កេត​​សិទ្ធិ​របស់​កីឡាករ​​អេក្វាទ័រ ក្នុងវគ្គ​ជម្រុះ World Cup​

FIFA ស៊ើប​អង្កេត​​សិទ្ធិ​របស់​កីឡាករ​​អេក្វាទ័រ ក្នុងវគ្គ​ជម្រុះ World Cup​

Content image - Phnom Penh Post
Castillo (ឆ្វេង) របស់​អេក្វាទ័រ និង Jean Meneses របស់​ស៊ីលី កំពុង​ប្រជែង​បាល់​ជាមួយ​គ្នា អំឡុងការប្រកួតជម្រុះ World Cup 2022 កាល​ពី​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១​។

FIFA ស៊ើប​អង្កេត​​សិទ្ធិ​របស់​កីឡាករ​​អេក្វាទ័រ ក្នុងវគ្គ​ជម្រុះ World Cup​

ក្រុង​ប៉ារីស: សហព័ន្ធ​បាល់​ទាត់​ពិភពលោក (FIFA) បាន​ចាប់​ផ្តើម​ដំណើរ​ការ​នីតិវិធី​ផ្នែក​វិន័យ បន្ទាប់​ពី​ប្រទេស​អេក្វាឌ័រ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ដាក់​កីឡាករ ដែល​មិន​មាន​សិទ្ធិ​ឱ្យ​លេង ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ជម្រុះ​ដ៏​ជោគជ័យ​របស់​ពួកគេ សម្រាប់​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កាតា​។

ក្រុម​ជម្រើស​ជាតិ​ស៊ីលី ដែល​បាន​បរាជ័យ ក្នុងការ​ឡើង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង នៅ​ប្រទេស​កាតា នា​ចុងឆ្នាំ​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភព​លោក ដោយ​ចោទ​ប្រកាន់​ថា ខ្សែ​ការពារ​ស្លាប Byron Castillo មិនមែន​ជា​ជនជាតិ​អេក្វាទ័រ និង​កើត​នៅ​ប្រទេស​កូឡុំប៊ី​។

សហព័ន្ធ​បាល់ទាត់ នៃ​ប្រទេសស៊ីលី បាន​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​សំបុត្រ​កំណើត​ក្លែងក្លាយ និង​ការ​ប្រកាស​ពី​អាយុ និង​សញ្ជាតិ​ក្លែងក្លាយ។

កីឡាករ Castillo វ័យ ២៣ ឆ្នាំ បាន​លេង ក្នុង​វគ្គជម្រុះ​ចំនួន ៨ ​ហ្គេម ក្នុង​នោះ​រួម​ទាំង​ការ​ប្រកួត​របស់ក្រុម​អេក្វាទ័រទាំង​ ២ ​លើក ជាមួយ​នឹង​ក្រុម​ស៊ីលី ដោយ​លើក​ដំបូង ​ស្មើគ្នា ០-០ នៅ​ទី​ក្រុង​គីតូ កាល​ពី​ខែកញ្ញា ឆ្នាំ​ ២០២១ និង​​លើក​ទី ២ នា ២ ខែ​ក្រោយ​មក អេក្វាទ័រ ឈ្នះ ២-០ ក្នុង​ទី​ក្រុងសាន់ត្យាហ្គោ។

ប្រសិនបើ FIFA សម្រេច​ថា ក្រុម​អេក្វាទ័រ​ពិត​ជា​មាន​កំហុស ការ​ប្រកួត​ទាំង​នោះ អាច​នឹង​ត្រូវ​ចាត់ទុក​ជាមោឃ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ស៊ីលីហក់​ឡើង​ទៅឈរ ក្នុង​ចំណាត់​ថ្នាក់ ១​ចុង​ក្រោយ ក្នុង​ការ​បាន​សិទ្ធិ សម្រាប់​ព្រឹត្តិការណ៍ នៅ​ប្រទេស​កាតា ឆ្នាំ​ ២០២២​។

ក្រុម​ស៊ីលី បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ៧ ក្នុង​តារាង​ពិន្ទុ នៅ​ជម្រុះ World Cup សម្រាប់​តំបន់​អាមេរិក​ឡាទីន (អាមេរិកខាងត្បូង) ដោយមាន​គម្លាត ៧ ​ពិន្ទុ ពី​ក្រោយ​ក្រុម​អេក្វាទ័រ ដែល​ឈរ​នៅ​​លេខ ៤ ពោល​គឺ​ជា​ចំណាត់​ថ្នាក់​ចុងក្រោយ ក្នុង​ការ​បាន​សិទ្ធិ​ស្វ័យ​ប្រវត្តិ សម្រាប់​ការ​ហោះ​ហើរ​ទៅ​កាតា​។

ជាមួយ​គ្នា​នេះ ក្រុម​ស៊ីលី មាន ៥ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ ៤ ប៉េរូ ដែល​ឥឡូវនេះ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ជម្រុះចាញ់​ធ្លាក់​អន្តរទ្វីប ទល់នឹង​ក្រុម​ដែល​ឈ្នះ រវាង​ក្រុមអូស្ត្រាលី និង​អេមីរ៉ាត​អារ៉ាប់រួម ដើម្បី​ដណ្ដើម​កៅ​អី នៅ​ជុំ​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍​ World Cup។

«​FIFA បាន​សម្រេច​បើក​ដំណើរការ​នីតិវិធី​ផ្នែក​វិន័យ ពាក់ព័ន្ធ​នឹង​ការ​មិន​មាន​សិទ្ធិ​គ្រប់​គ្រាន់ ដែល​អាច​នឹង​ទំនង​ជា​បែប​ហ្នឹង​របស់​កីឡាករ Byron David Castillo Segura​»​។ នេះជា​ការឱ្យ​ដឹង​របស់​ស្ថាប័ន​គ្រប់​គ្រង​អន្តរជាតិ ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​។

សហព័ន្ធ​បាល់​ទាត់​របស់​អេក្វាទ័រ បាន​ឱ្យ​ដឹង​ថា កីឡាករ Castillo ត្រូវ​បាន​ចុះ​ឈ្មោះ​យ៉ាង​ត្រឹម​ត្រូវ​ជាមួយ​អាជ្ញាធរ​ផ្នែក​ច្បាប់ និង​មាន​ឯកសារ​ប្រចាំ​ជាតិ ដែល​មាន​ភាព​ត្រឹម​ត្រូវ​ស្រប​ច្បាប់​ទាំងអស់​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍