ក្រុងរ៉ូម: ក្រុម Inter Milan បានឈ្នះពាន ក្នុងកម្មវិធី Italian Cup ជាលើកទី៨ កាលពីថ្ងៃពុធ បន្ទាប់ពីមានជ័យជម្នះលើក្រុមគូប្រជែងចាស់ Juventus ក្នុងម៉ោងបន្ថែមពិសេស ៤-២ ខណៈដែលការប្រកួតនេះ ពេញទៅដោយការប៉ះទង្គិចគ្នា និងភាពចម្រូងចម្រាស។
ខ្សែបម្រើប្រយុទ្ធ Ivan Perisic ជួយឱ្យក្រុមដណ្ដើមបាននូវជ័យជម្នះដ៏គួរឱ្យរំភើប ជាមួយនឹងការស៊ុតបញ្ចូលទី ២គ្រាប់ផ្ទួនៗ ក្នុងរយៈពេលប្រមាណជា ៣នាទី នៃវគ្គទី១ ក្នុងម៉ោងបន្ថែមពិសេស តែការប្រកួតនេះ បានចងភ្ជាប់តែជាមួយនឹងការផ្ដល់បាល់ពិន័យ ១១ ម៉ែត្រ ដែលមើលទៅហាក់ដូចជាមិនធ្ងន់ធ្ងរ ដោយបង្ខំឱ្យហ្គេមត្រូវលេងលើសពី ៩០ នាទី បន្ទាប់ពីខ្សែបម្រើ Hakan Calhanoglu ទម្លុះសំណាញ់ទីជាមួយការទាត់បាល់ប៉េណាល់ទីលើកទី១ សម្រេច។
យ៉ាងណាក្ដី ក្រុម Juve សមនឹងបានគ្រាប់បាល់នាំមុខពិតមែន តាមរយៈការស៊ុតបញ្ចូលទីយ៉ាងលឿនពីកីឡាករ Alex Sandro និង Dusan Vlahovic នៅដើមវគ្គទី ២ នៃម៉ោងធម្មតា ហើយការសម្រេចចិត្តរបស់អាជ្ញាកណ្តាល លោក Paolo Valeri ក្នុងការផ្ដល់បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពី Lautaro Martinez បានដួល ក្រោយមានការប៉ះបន្តិចបន្តួចពីខ្សែការពារ Leonardo Bonucci បណ្ដាលឱ្យក្រុមរបស់លោក Massimiliano Allegri ខឹងសម្បា។
«ខ្ញុំតែងតែគិតថា យើងអាចធ្វើបានជានិច្ច ទោះបីជានៅពេលដែលយើង តាមពីក្រោយ ២-១។ យើងបានបាត់បង់ការគ្រប់គ្រងបន្តិច រយៈពេល ១០ ឬក៏ ១៥ នាទី តែយើងបានវាយបកវិញ ហើយខ្ញុំគិតថា យើងពិតជាសមនឹងទទួលបានជ័យជម្នះ»។ នេះជាសម្ដីរបស់កីឡាករ Perisic ដែលបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Mediaset។
សម្រាប់ក្រុម Inter វាគឺជាជោគជ័យម្ដងទៀត លើក្រុម Juve បន្ទាប់ពីការឈ្នះដ៏ចម្រូងចម្រាស ១ផ្សេងទៀត នៅទីក្រុងទូរីន កាលពីខែមុន បាននាំឱ្យពួកគេលើកពាន ក្នុងកម្មវិធី Italian Super Cup កាលពីដើមរដូវកាលនេះ ហើយគឺជាជ័យជម្នះ ដែលនឹងជួយជំរុញពួកគេឱ្យមានភាពរឹងមាំ ក្នុងការការពារតំណែងជើងឯក នៅក្របខ័ណ្ឌ Serie A របស់ពួកគេ។

ក្រុម Inter របស់លោក Simone Inzaghi តាមពីក្រោយក្រុម AC Milan ចំនួន ២ពិន្ទុ ហើយអាចនឹងប្រគល់ពាន Scudetto (Serie A) ឱ្យទៅក្រុមគូប្រជែងរួមក្រុងភ្លាម ប្រសិនបើមិនអាចយកឈ្នះក្រុម Cagliari ដែលកំពុងត្រូវបានគំរាមកំហែងដោយការកាត់ចោល នៅថ្ងៃអាទិត្យនេះទេនោះ។
ទន្ទឹមនឹងនោះ ក្រុម Juve មានតែការដណ្ដើមយកសិទ្ធិទៅលេង ក្នុងវគ្គជម្រុះ នៅក្របខ័ណ្ឌ Champions League ប៉ុណ្ណោះ ដើម្បីធ្វើការសម្ងែង សម្រាប់រដូវកាលឡើងចុះរបស់ពួកគេតែពួកគេ បានជ្រើសរើស ក្នុងការមិននិយាយអ្វីទាំងអស់ ពាក់ព័ន្ធនឹងការសម្រេចផ្ដល់បាល់ពិន័យ ១១ ម៉ែត្រ ដែលធ្វើពួកគេមិនបានឈ្នះពានរង្វាន់។
គ្រូបង្វឹករបស់ក្រុម Juve លោក Massimiliano Allegri បានលើកឡើងថា៖ «ក្រុម Inter កំពុងប្រជែងដណ្តើមពានលីគ ហើយយើងកំពុងតាមពីក្រោយពួកគេ។ យើងត្រូវបិទគម្លាតនោះ ដោយការខិតខំប្រឹងប្រែង និងសម្លឹងដល់ការរៀបចំក្រុមឱ្យមានរបៀបរៀបរយ»។
សម្រាប់ការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក្នុងម៉ោងធម្មតា ៩០នាទី ក្រុម Inter គឺជាអ្នកនាំមុខមុន នៅប្រមាណជា ៧ នាទី ដោយកីឡាករ Nicolo Barella មុនពេលក្រុម Juve តាមស្មើ នៅនាទីទី៥០ និងនាំមុខវិញម្ដង នៅនាទីទី៥២ ហើយក្រុមទាំង ២ ស្មើគ្នា ២-២ នៅនាទីទី៨០ ដែលគ្រាប់បាល់នោះ បានមកពីការទាត់បាល់ប៉េណាល់ទី ក្រោមការតវ៉ារបស់ក្រុមសេះបង្កង់៕ AFP/VN