ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ នឹងត្រូវធ្វើការប្រកួតជាមួយក្រុមថៃនៅយប់ម៉ោង ៧ ថ្ងៃសៅរ៍នេះ ហើយនេះក៏ជាការប្រកួតកំណត់ជោគវាសនារបស់ក្រុមទាំង ២ ផងដែរ ថាតើក្រុមណាអាចដណ្តើមបាន ៣ ពិន្ទុបន្ថែម ដើម្បីបង្កើតឱ្យមានឱកាសឡើងវិញ ក្នុងការប្រជែងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមណាត្រូវបាត់បង់ឱកាស។
តាមរយៈការប្រកួត ២ លើកកន្លងមកនេះ ក្រុមជម្រើសជាតិថៃ និងកម្ពុជា បានបញ្ចប់ការប្រកួតដោយឈ្នះ ១ ចាញ់ ១ លើក និងមាន ៣ ពិន្ទុដូចគ្នា ដោយក្នុងនោះ ថៃ បានចាញ់ក្រុមម៉ាឡេស៊ី ២-១ តែបានឈ្នះក្រុមសិង្ហបុរីដល់ ៥-០ ចំណែកកម្ពុជាបានឈ្នះក្រុមឡាវ ៤-១ តែមកចាញ់ក្រុមសិង្ហបុរី ១-០ វិញ យ៉ាងឈឺចាប់បំផុត កាលពីយប់ថ្ងៃពុធ ហើយបើប្រៀបធៀបទៅលើការជួបក្រុមសិង្ហបុរីដូចគ្នា គឺត្រូវបានគេមើលឃើញថា កម្រិតលេងរបស់កម្ពុជានៅទាបជាងក្រុមថៃ។
តែទោះបីជាយ៉ាងណា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose មិនបានគិតថា ការជួបក្រុមថៃនៅថ្ងៃសៅរ៍នេះ កម្ពុជានឹងជួបសំណាងអាក្រក់ទៀតនោះទេ ដោយលោកបានលើកឡើងថា ការជួបក្រុមសិង្ហបុរីកន្លងមកនេះ កម្ពុជាមានឱកាសជាច្រើន ប៉ុន្តែពួកគេមិនអាចទាញយកប្រយោជន៍ពីឱកាសទាំងនោះបាន ខណៈស្ថានភាពខ្លះ យើងអាចស៊ុតបញ្ជូលទីបាននោះ ហើយនេះពិតជាសំណាងអាក្រក់សម្រាប់ក្រុមកម្ពុជា ដែលរឿងនេះបានកើតមានឡើង។
ក្នុងសន្និសីទកាសែត ក្រោយការប្រកួតជាមួយសិង្ហបុរី កាលពីយប់ថ្ងៃពុធនោះ បុរសជនជាតិជប៉ុន លោក Ryu Hirose បាននិយាយផ្តោតទៅដល់ការជួបក្រុមថៃថ្ងៃសៅរ៍ថា៖ «យើងនៅសល់ ២ ប្រកួតទៀត ហើយជាពិសេសការប្រកួតជាមួយក្រុម U23 ថៃ នាពេលឆាប់ៗនេះ។ យើងទើបទទួលបានមេរៀនបន្ថែមទៀត ហើយយើងនឹងលេងដោយភាពល្អឥតខ្ចោះ។ វានឹងក្លាយជាការប្រកួតដែលសន្យាថា នឹងមានការភ្ញាក់ផ្អើល ហើយនឹងអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ថ្ងៃនោះ»។
ជាមួយគ្នានេះ លោក Ryu Hirose ក៏សង្ឃឹមថា ក្រុមគោព្រៃជំទង់កម្ពុជានឹងអាចកែប្រែចំណុចខ្វះខាត ពេលពួកគេបានបង្កើតមានឡើងក្នុងការប្រកួតចាញ់សិង្ហបុរី ១-០ ផងដែរ។ លោកបានបញ្ជាក់ថា៖ «ភាពយល់ចិត្តគ្នារវាងខ្សែការពាររបស់ក្រុមកម្ពុជាក្នុងការប្រកួតជាមួយសិង្ហបុរី មិនសូវល្អទេ ហើយនេះគឺជាអ្វីដែលយើងព្រួយបារម្ភសម្រាប់ការប្រកួតក្រោយ តែសង្ឃឹមថា យើងនឹងយកឈ្នះលើបញ្ហាទាំងនេះបាន»។
ជាមួយគ្នានេះ គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Mano Polking ក៏បានជំរុញកូនក្រុមរបស់លោកឱ្យយកចិត្តទុកដាក់ខ្លាំងសម្រាប់ការប្រកួត ២ លើកចុងក្រោយ ជាមួយកម្ពុជា និងឡាវផងដែរ។ លោកបាននិយាយថា៖ «ខ្ញុំគិតថា ក្រុមទាំង ២ នេះ ខ្លាំងណាស់! យើងតែងតែគោរពពួកគេ ហើយខ្ញុំតែងតែណែនាំកីឡាករកុំឱ្យមានអំនួត ដើម្បីចៀសវាងកំហុស។ យើងនឹងត្រូវតស៊ូគ្រប់ការប្រកួត ព្រោះក្រុម U23 ថៃ នៅមានបញ្ហាជាច្រើន ដែលត្រូវជម្នះ និងកែលម្អ»។
លោក Mano Polking បន្ថែមថា៖ «U23 កម្ពុជាជាក្រុមក្មេងៗ ប៉ុន្តែរៀបចំបានល្អ រួបរួមគ្នាមានស្មារតីរួមជាក្រុម ដោយពួកគេមានការជួយជ្រោមជ្រែងពីក្រុមគ្រូបង្វឹកជនជាតិជប៉ុន ដែលមានបទពិសោធ ហើយពួកគាត់ក៏ជួយវិស័យបាល់ទាត់កម្ពុជា ឱ្យអភិវឌ្ឍផងដែរ ដែលអាចនិយាយបានថា ជាការកែប្រែមួយ ព្រោះពេលប្រកួតជាមួយឡាវ ពួកគេរៀបចំបានល្អ លេងបាល់ទាត់មានគុណភាព»៕