ក្រុងលីវើភូល: ក្រុម Everton កំពុងជួយប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យ បន្ទាប់ពីកីឡាករ Rico Henry និង Ivan Toney របស់ក្រុម Brentford បានរាយការណ៍ថា សមាជិកគ្រួសាររបស់ពួកគេ ត្រូវបានរំលោភបំពាន ដោយការប្រើពាក្យពេចន៍រើសអើងពូជសាសន៍ អំឡុងពេលដែលក្រុមរហស្សនាម «The Bees» (សត្វឃ្មុំ) មានជ័យជម្នះ ៣-២ លើក្រុមម្ចាស់ផ្ទះ នៅឯទឹកដី Goodison Park កាលពីថ្ងៃអាទិត្យ។
ខ្សែការពារ Henry ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ដែលនាំឱ្យក្រុម Everton ស្ថិតក្នុងហានិភ័យ នៃការកាត់ចោលនោះ បានប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីការប្រកួតនោះ ដើម្បីអំពាវនាវឱ្យមានការស៊ើបអង្កេត ចំពោះហេតុការន៍នេះ។
«ជាធម្មតា ខ្ញុំមិននិយាយដល់រឿង ដែលមិនប៉ះពាល់ដល់រាងកាយខ្ញុំ ឬគ្រួសាររបស់ខ្ញុំទេ តែនៅពេលដែលឃើញម្តាយរបស់ខ្ញុំ មានទឹកមុខស្រងូតស្រងាត់ បន្ទាប់ពីត្រូវអ្នកគាំទ្ររបស់ក្រុម Everton ប៉ុន្មាននាក់ ប្រើពាក្យសម្ដីរើសអើងជាតិសាសន៍ បានធ្វើឱ្យខ្ញុំឆេះដុំតែម្ដង (ខឹងសម្បា)»។ នេះជាការរៀបរាប់របស់កីឡាករ Henry នៅលើបណ្ដាញសង្គម Twitter។
កីឡាករវ័យ ២៤ ឆ្នាំ បានបន្តថា៖ «ខ្ញុំនឹងធ្វើអ្វីៗ ដើម្បីពួកគេ និងធ្វើអ្វីក៏ដោយ ដែលនាំឱ្យមានការដាក់ទោសតិចតួច។ រឿងនេះមិនអាចទទួលយកបានទេ ហើយត្រូវតែមានស៊ើបអង្កេតភ្លាមៗ»។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Toney ក៏បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនដែរថា៖ «សម្រាប់បុគ្គល ដែលរំលោភបំពាន ដោយការប្រើប្រាស់ពាក្យពេចន៍រើសអើងពូជសាសន៍ ចំពោះគ្រួសារខ្ញុំ ខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បីឱ្យមានការដាក់ទោសទណ្ឌ ចំពោះអ្នក ដែលសមនឹងត្រូវទទួលបានបែបហ្នឹង»។
ដើម្បីជាការឆ្លើយតបចំពោះបណ្ដាញសង្គមរបស់កីឡាករ Toney ក្រុម Everton បានលើកឡើងថា៖ «គ្មានកន្លែង សម្រាប់ការរើសអើងជាតិសាសន៍នោះទេ មិនថា នៅក្នុងវិស័យបាល់ទាត់ ឬក៏ក្នុងសង្គម។ យើងកំពុងជួយដល់ក្រុមប៉ូលិស នៅតំបន់ Merseyside ដើម្បីធានាបានថា បុគ្គលនោះ ត្រូវបានកំណត់អត្តសញ្ញាណ និងដោះស្រាយ ដោយសមរម្យ»។
ងាកមកលទ្ធផលវិញ បរាជ័យនេះ បានធ្វើឱ្យរយៈពេល ៦៨ ឆ្នាំរបស់ក្រុម Everton ដែលមិនធ្លាប់ធ្លាក់ពីលីគកំពូល នៅតែស្ថិតក្នុងហានិភ័យ ដោយក្រុមរបស់លោក Frank Lampard មានគម្លាត ២ពិន្ទុប៉ុណ្ណោះ ពីលើក្រុម ដែលត្រូវទម្លាក់ទៅលីគទី ២ ខណៈដែលការប្រកួត នៅសល់ ២លើកទៀត៕ VN