
Chiellini របស់ Juventus ពរកូន ហើយគ្រវីដៃដាក់អ្នកគាំទ្រ ក្រោយចប់ការប្រកួត នៅ Serie A ទល់នឹង Lazio កាលពីថ្ងៃចន្ទ។
ក្រុងទូរីន: ខ្សែការពារ Giorgio Chiellini បានលាអ្នកគាំទ្ររបស់ក្រុមសេះបង្កង់ Juventus កាលពីថ្ងៃចន្ទ ក្នុងការប្រកួត នៅផ្ទះចុងក្រោយរបស់ខ្លួន សម្រាប់ក្រុមយក្សនៅក្រុងទូរីន (Turin) ខណៈដែលលទ្ធផលដ៏គួរឱ្យខកចិត្ត ២-២ ធ្វើឱ្យក្រុម Lazio ទទួលបានកៅអី ១ ក្នុងការបានទៅលេង នៅក្របខ័ណ្ឌ Europa League បន្ទាប់ពី ១ គ្រាប់របស់កីឡាករ Sergej Milinkovic-Savic ជួយឱ្យក្រុមភ្ញៀវតាមស្មើ នៅនាទីចុងក្រោយ។
អ្នកគាំទ្រ បាននាំគ្នាស្រែកថា «មានប្រធានក្រុមតែម្នាក់គត់» ខណៈដែលក្បាច់រាំដ៏ធំ ដែលពណ៌នាអំពីអាវលេខ ៣ របស់រូបគេ ត្រូវបានដាក់បង្ហាញ ក្នុងកន្លែងអង្គុយរបស់អ្នកទស្សនា នៅមុនការប្រកួត ហើយបន្ទាប់មក ពួកគេបានផ្ដល់ឱ្យកីឡាករ Chiellini នូវសំឡេងទះដៃអបអរយ៉ាងកងរំពង បន្ទាប់ពីគាត់ត្រូវបានប្តូរនៅនាទីទី១៨។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានលេងពេញ ១២០នាទី នៃការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Italian Cup ដែលក្រុម Juve ចាញ់ក្រុមគូប្រជែងស្រួចស្រាល់ Inter Milan កាលពីថ្ងៃពុធ បន្ទាប់ពីនោះ រូបគេបានប្រកាសថា នឹងចាកចេញពីក្រុម ក្រោយរួមរស់អស់រយៈពេល ១៨ឆ្នាំ ដែលរូបគេបានរួមចំណែក ក្នុងការជួយឱ្យឈ្នះពានរង្វាន់លីគចំនួន ៩ និងពានរង្វាន់ផ្សេងទៀតមួយចំនួន។
«វាជាថ្ងៃដ៏រំជួលចិត្តមួយ»។ នេះជាសម្ដីរបស់ Chiellini ដែលបាននិយាយទៅកាន់ប្រពព្វផ្សព្វផ្សាយ DAZN ដោយបន្ថែមទៀតថា រូបគេមានជំនឿថា រូបគេនៅតែអាចលេងបាល់ទាត់កម្រិតខ្ពស់បាន។
បន្ទាប់ពីការប្រកាសចាកចេញពីក្រុម Juve នោះ Chiellini បាននិយាយថា នឹងធ្វើការពិចារណាថា តើត្រូវព្យួរស្បែកជើងរបស់ខ្លួន ឬអត់ បន្ទាប់ពីបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិរួចហើយ។
«ខ្ញុំមិនទាន់ដឹងនៅឡើយទេ នាពេលនេះ។ ខ្ញុំត្រូវតែគិតពីរឿងនេះ។ វាមិនមែនជាការសម្រេចចិត្ត ដែលធ្វើឡើង ក្នុងរយៈពេលតែ ១ថ្ងៃនោះទេ»។ កីឡាករ Chiellini បានបន្ថែម៕