ភ្នំពេញៈ ​ក្រុម​ជម្រើស​ជាតិ​កីឡា​វ៉ូវីណាម​កម្ពុជា បាន​ចាប់​ផ្តើម​ការ​ប្រកួត​ប្រជែង​ថ្ងៃ​ដំបូង​ក្នុង​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ​ ២០២១​ ដែល​កំពុង​ដំណើរការ​នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ជា​មួយ​ការ​ដណ្តើម​បាន​ទាំង​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ដ៏​គួរ​ឱ្យ​រំភើប​បំផុត ខណៈ​ប្រភេទ​កីឡា​នេះ បាន​ក្លាយ​ជា​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ សម្រាប់​កម្ពុជា​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​មាស ជា​បន្ត​ទៀត ដើម្បី​ឈាន​​ទៅ​សម្រេច​គោលដៅ ក្នុង​ការ​ឈ្នះ​មេដាយ​មាស​ឱ្យ​បាន​ច្រើន​ជាង ៤ នៃ​ការ​​​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០១៩។

បើ​ទោះបី​ជា ក្រុម​ជម្រើស​ជាតិ​វ៉ូវីណាម មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​សិង្ហបុរី កាល​ឆ្នាំ​ ២០១៥ ស៊ីហ្គេម​នៅ​​ម៉ាឡេស៊ី កាល​ឆ្នាំ​ ២០១៧ និង​ស៊ីហ្គេម​នៅ​ហ្វីលីពីន កាលពី​ឆ្នាំ​ ២០១៩ ប៉ុន្តែ​​​សម្រាប់​ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ស៊ីហ្គេម​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ពួក​គេ​នៅ​តែ​អាច​បង្ហាញ​ភាព​ខ្លាំង ដូច​កាល​ដែល​ក្រុម​មួយ​នេះ បាន​រួម​គ្នា​ឈ្នះ​មេដាយ​មាស​ ២ ប្រាក់​ ១ និង​សំរឹទ្ធ​ ៧ សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ស៊ីហ្គេម​នៅ​​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​ ២០១៣។

តាមរយៈ​ការ​ប្រកួត​សម្តែង​ជា​ក្រុម (នារី ១ បុរស ៣ មាន​អាវុធ) កាល​ពី​ម្សិលមិញ​នេះ កីឡាការិនី ប៉ាល់ ឆរស្មី រួម​ទាំង​កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និង​ ប្រាក់ សុវណ្ណនី បាន​បង្ហាញ​បច្ចេកទេស​សម្តែង​បាន​យ៉ាង​ល្អ និង​ទទួល​បាន​ពិន្ទុ​សរុប​ខ្ពស់​ជាង​គេ គឺ​ចំនួន​ ២៦៩ ខណៈ​​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​ធ្វើ​បាន ២៦៤​ ពិន្ទុ ឥណ្ឌូនេស៊ី​បាន​ ២៥៧ ពិន្ទុ ឡាវ​បាន​ ២៥៤​ ពិន្ទុ មីយ៉ាន់ម៉ា​បាន​ ២៥២ ពិន្ទុ និង​ក្រុម​ថៃ បាន​ត្រឹម​២៥១ ​ពិន្ទុ ដែល​ឈរ​នៅលេខ​​ ៦ ក្រោយ​គេ។

ជាមួយ​លទ្ធផល​នៃ​ការ​ប្រកួត​នេះ បាន​ជួយ​ក្រុម​វ៉ូវីណាម​កម្ពុជា ទទួល​បាន​មេដាយ​មាស យ៉ាង​រំភើប​បំផុត ខណៈ​វៀតណាម​បាន​មេដាយ​ប្រាក់ និង​ឥណ្ឌូនេស៊ី បាន​មេដាយ​សំរឹទ្ធ ហើយ​ជ័យជម្នះ​នេះ បាន​បង្ហាញ​ឱ្យ​យ៉ាង​ច្បាស់​ថា ក្រុម​កម្ពុជា​នៅ​តែ​ធ្វើ​បាន​ល្អ​ផ្តាច់​គេ​លើ​វិញ្ញាសា​សម្តែង​ជា​ក្រុម​នេះ ព្រោះ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៣ ​កីឡាការិនី ប៉ាល់ ឆរស្មី ,លី បូរ៉ាមី, ប្រាក់ សុវណ្ណនី និងកីឡាករ សាន សុជាតិ ក៏​បាន​រួម​គ្នា ឈ្នះ​បាន​មេដាយ​មាស​ លើ​វិញ្ញាសា​នេះ​ដូច​គ្នា។

ជាមួយ​គ្នា​នេះ កីឡាការិនី សុខ សុភី ក៏​ដណ្តើម​បាន​មេ​ដាយ​ប្រាក់ ទម្ងន់​ ៥៥​ គ.ក្រ​របស់​នាង​ដែរ។ សុភី ត្រូវ​បាន​ចាប់​ឆ្នោត​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ហើយ​ការ​ប្រកួត​ក្នុង​វគ្គ​​នេះ សុខ សុភី បាន​យក​​ឈ្នះ​លើ​កីឡាការិនី​របស់​ហ្វីលីពីន ដោយ​ពិន្ទុ ៧-៦ នៅ​ក្នុង​ការ​​ថែម​ ១ ​នាទី​ចុង​ក្រោយ ខណៈ​អ្នក​ទាំង ២ បាន​ស្មើ​គ្នា​ ៦-៦ ក្រោយ​បញ្ចប់​ការ​ប្រកួត​​ ៣ ទឹក​នោះ ប៉ុន្តែ​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាការិនី​​របស់​កម្ពុជា​​រូប​នេះ បាន​ចាញ់​កីឡាការិនី​របស់​ម្ចាស់​ផ្ទះ​វៀតណាម​ដោយ​ពិន្ទុ​ដាច់ ១០-០។

ចំណែក​​កីឡាការិនី ប៉ាល់ ឆរស្មី និង​កីឡាការិនី ពៅ សុខា ដែល​ប្រកួត​លើ​វិញ្ញាសា​សម្តែង​​ការពារ​ខ្លួន​អាវុធ​នោះ បាន​ទទួល​ត្រឹម​មេដាយ​សំរឹទ្ធ ហើយ​តាម​លទ្ធផល​នេះ បាន​បង្ហាញ​ថា សម្រាប់​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​វ៉ូវីណាម​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​ ១ ប្រាក់​ ១ និងសំរឹទ្ធ​ ១។

បន្ថែម​ទៅ​លើ​លទ្ធផល​​ដ៏​ល្អ​នៅ​ថ្ងៃ​បើក​ឆាក​នេះ កីឡាករ ទិន ឌិត (សែន រ៉ាដេត) ដែល​ប្រកួត​ទម្ងន់​ ៥៥ ​គីឡូក្រាម និង​កីឡាការិនី ជុក សុម៉ាលី ដែល​​​ប្រកួត​ក្នុង​ទម្ងន់​ ៦៥ ​គីឡូក្រាម ក៏​បាន​កក់​មេដាយ​សំរឹទ្ធ​នៅ​ក្នុង​ដៃ​រួច​រាល់​ផង​ដែរ ខណៈ​អ្នក​ទាំង​ ២ នេះ បាន​ចាប់​ឆ្នោត​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​នោះ ហើយ​ក្រុម​វ៉ូវីណាម​កម្ពុជា ក៏​នៅ​មាន​វិញ្ញាសា​ប្រកួត​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រកួតប្រជែង​យក​មេដាយ​បន្ថែម​ទៀត​ផង​ដែរ៕