ភ្នំពេញៈ ​កីឡាករ​តេក្វាន់ដូ WT វ៉ា មិថុនា បាន​ក្លាយ​ជា​បេក្ខភាព​ម្នាក់​ទៀត ដែល​ដណ្តើម​បាន​មេដាយ​មាស​ទី៤ ឱ្យ​កម្ពុជា សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ស៊ីហ្គេម​លើក​នេះ ចំណែក​ក្រុម​ចំបាប់​ទើប​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ ហើយ​ក្រុម​ប្រដាល់​គុន​ខ្មែរ ​ក៏​ដណ្តើម​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ និង​កក់​មេដាយ​សំរឹទ្ធ រួច​ជា​ស្រេច​ដូចគ្នា។​

តាមរយៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ វ៉ា មិថុនា បាន​ឈ្នះ​មេដាយ​មាស​លើ​ប្រភេទ​​ទម្ងន់​ក្រោម​ ៧៤ ​គ.ក្រ​ បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន ដោយ​ពិន្ទុ ៣៥-១៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នេះ​ក៏​​ជា​មេដាយមាស​ទី​៤ ដែល​កម្ពុជា​ដណ្តើម​បាន​ផង​ដែរ ខណៈ​មេដាយ​មាស​ ៣ ​ទៀត រក​បាន​ដោយ​កីឡាករ​ឃីកបុកស៊ីង ព្រមទាំង​ក្រុម​អត្តពលិក​ប៉េតង់ និង​ក្រុម​វ៉ូវីណាម។ ចំណែក​កីឡាការិនី ឈឿង អាលីហ្សា ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ប្រភេទ​កីឡា​តេក្វាន់ដូ​នេះ ក្នុង​ទម្ងន់​ក្រោម​ ៥៧ គីឡូក្រាម។

សម្រាប់​​ការ​ប្រកួត កាល​ពី​ម្សិលមិញ​នោះ​ដែរ កីឡាការិនី​ចំបាប់​ទម្ងន់​ ៥៧​ គីឡូក្រាម ឌិត សំណាង និង​កីឡាការិនី ជា កញ្ញា ដែល​ប្រកួត​ក្នុង​ទម្ងន់ ៦២ ​គីឡូក្រាម សុទ្ធ​តែ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​ចំបាប់​សេរី ប៉ុន្តែ​កីឡាការិនី​ សឿន នឿន ប្រកួត​ទម្ងន់​​ ៥៧ ​គីឡូក្រាម និង សម្បត្តិ វណ្ណៈ ដែល​ប្រកួត​​ទម្ងន់​​ ៥៣ គីឡូក្រាម មិន​ដណ្តើម​បាន​មេដាយ​នោះ​ទេ គឺ​អ្នក​ទាំង ​២ បាន​ចាញ់​ដូច​កីឡាករ ងួន មករា, យុន ប៊ុនណា, ឌន សៅ, កែវ សុភ័ក្រ្ត និង​​កីឡាករ អេង សេងលាង កាល​ពី​ថ្ងៃ​អង្គារ​ដែរ។

យ៉ាងណា​មិញ កីឡាករ​គុនខ្មែរ ឃុន បូរ៉ា (ឃីម បូរ៉ា) ​បាន​យក​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី ដោយ​ពិន្ទុ​ដាច់ ៣-០ ទាំង​ ៣​ ទឹក ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែក​កីឡាការិនី វី ស្រីឆាយ, សំ សំណាង, ម៉ឺយ ស៊ីង, ទួន ស្រីភីន និង​កីឡាករ​ទម្ងន់​ធ្ងន់ រុំ សំណាង (ព្រំ សំណាង) សុទ្ធ​តែ​បាន​ចាប់​ឆ្នោត​ឡើង​ទៅ​វគ្គ ១/២ ​​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​ដូច​គ្នា ប៉ុន្តែ​កីឡាករ សុខ រិទ្ធិ បាន​ចាញ់​​កីឡាករ​វៀតណាម​ដោយ​ពិន្ទុ ហើយ​កីឡាការិនី ឆា ចាន់់ដែង ​ត្រូវ​បាន​ថៃ វ៉ៃ​ឱ្យ​សន្លប់​នៅ​ទឹកទី​១៕