ក្រុង​សេវីល​: ក្រុម Eintracht Frankfurt បាន​យក​ឈ្នះ​ក្រុម Rangers ក្នុង​លទ្ធផល ៥-៤ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​​កាត់​ក្ដី ដើម្បី​ឈ្នះ​ពាន​រង្វាន់ Europa League កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ទី​ក្រុង​សេវីល បាន​បញ្ចប់​ទៅ​ដោយ​ស្មើ​គ្នា ១-១ ក្រោយ​ត​ម៉ោង​បន្ថែម​ពិសេស ១៥ ​នាទី ២ ដង​។

កីឡាករ Aaron Ramsey គឺ​ជា​អ្នក​ទាត់​បាល់​អត់​ចូលទី​សម្រាប់​​ក្រុម​ Rangers ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​កាត់​ក្ដី​នេះ បន្ទាប់​ពី​ត្រូវ​បាន​ដូរ​ចូល ជាមួយ​នឹង​ការ​នៅ​សល់​តែ ៣ ​នាទី​ទៀត​នៃ​ម៉ោង​បន្ថែម​នោះ មុន​ពេល​កីឡាករ Rafael Borre បំប៉ោង​សំណាញ់​ទី​គ្រាប់​បាល់​ជ័យជម្នះ ដើម្បី​ផ្ដល់​នូវ​ភាព​​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ដល់​ក្រុម​អាល្លឺម៉ង់​ Frankfurt។

«ឥឡូវ​នេះ ​យើង​នឹង​ធ្វើ​ពិធី​ឆ្លង​អបអរ​ សម្រាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​»​។ នេះ​ជា​សម្ដី​គ្រូ​បង្វឹក​របស់​ក្រុម Frankfurt លោក Oliver Glasner​។

ខ្សែ​ប្រយុទ្ធ Borre គឺ​ជា​វីរបុរស​នៃ​ការ​ប្រកួត​នា​រាត្រី​នេះ ដោយសារ​មុន​នឹង​ស៊ុត​បាល់​ជ័យជម្នះ​នោះ រូប​គេ​ក៏​ជាអ្នក​រក​បាន​នូវ​គ្រាប់​បាល់​តាម​ស្មើ ចំពោះ​គ្រាប់​បាល់​បើក​ឆាក​របស់ Rangers ដែល​ស៊ុត​ដោយ​កីឡាករ Joe Aribo ខណៈ​ដែល​​ក្រុម Frankfurt បាន​ឈ្នះ​ពាន​នៅ​អឺរ៉ុប​ជា​លើក​ដំបូង គិត​ចាប់​ពី​ឆ្នាំ​ ១៩៨០ និង​បាន​កក់​កៅអី​នៅ​​ក្របខ័ណ្ឌ​ Champions League ក្នុង​វគ្គ Group Stage (វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល) នា​រដូវកាល​ក្រោយ​។

«​ខ្ញុំ​បាន​សុបិន​ពី​យប់​នេះ ពោល​ជា​​រាត្រី​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លិប និង​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​។ វា​ជា​ពាន​រង្វាន់​លើក​ដំបូង​​របស់​ខ្ញុំ​នៅ​អឺរ៉ុប។ ខ្ញុំ​នឹង​រក្សា​​ការ​ចងចាំ​នេះ​រៀង​រហូត​​»។ នេះ​ជា​ការ​និយាយ​របស់​កីឡាករ​សញ្ជាតិ​កូឡុំប៊ី Borre​។

អ្នក​ចាំទី Kevin Trapp របស់​ក្រុម Frankfurt បាន​និយាយ​ថា​៖ «​យើង​ គឺ​ជា​វីរ​បុរស​ទាំង​អស់​គ្នា​។ បើ​មិន​មាន​អ្នក​គាំទ្រ​ទេ យើង​នឹង​មិន​អាច​សម្រេច​បាន​នូវ​ជោគជ័យ​នេះ​ឡើយ​»។

ក្លិប​ទាំង ២ កំពុង​សម្លឹង​ដល់​ការ​ឈ្នះ​ជើង​ឯក​ជា​លើក​ទី២ ដូចគ្នា​នៅ​អឺរ៉ុប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ ដោយ​ក្រុម​របស់​ស្កុតឡេន Rangers គិត​តាំង​ពី​ឈ្នះ​ពាន Cup Winners'' Cup ក្នុង​ឆ្នាំ​ ១៩៧២ ហើយ​ក្រុម Frankfurt គិត​តាំង​ពី​ពេល​ដែល​ពួក​គេ​លើក​ពាន UEFA Cup​ រយៈពេល ៤២ ​ឆ្នាំ​កន្លង​ទៅ៕ AFP/VN