ភ្នំពេញៈ ​ក្រុម​ជម្រើសជាតិ​ចំបាប់​កម្ពុជា​បាន​បំបែក​ភាព​ទាល់​ច្រក ដើម្បី​ដណ្តើម​បាន​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​កីឡា​​​ស៊ីហ្គេម​ជាថ្មី​វិញ​ហើយ ​បន្ទាប់​ពី​ក្រុម​មួយ​នេះ បាន​ខកខន​ទាំង​ការ​ប្រកួត និង​ការ​​​ឈ្នះ​បាន​មេដាយ​មាស សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​អស់​រយៈពេល​ជិត​​ ១០ ឆ្នាំ កន្លង​មក​នេះ។

តាម​ប្រវត្តិ​នៃ​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ គឺ​ក្រុម​តំណាង​ឱ្យ​កម្ពុជា​នេះ បាន​បង្កើត​កំណត់ត្រា​នៃ​ការ​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​បំផុត និង​ជា​លើក​ដំបូង​នៅ​ពេល​ពួក​គេ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា​កាល​ឆ្នាំ​ ២០១៣ ដោយ​កាល​នោះ ក្រុម​ចំបាប់​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​ ៤ ប្រាក់ ២ និង​សំរឹទ្ធ​ចំនួន​ ៤ ហើយ​មេដាយ​មាស​ទាំង​ ៤ ​នោះ រក​បាន​ដោយ​កីឡាករ ឌន សៅ ក្នុង​ទម្ងន់​ ១២០ គីឡូក្រាម កៅ ចេងហុង ទម្ងន់ ​៨៤​ គីឡូក្រាម ព្រម​ទាំង​កីឡាការិនី ចូវ សុធារ៉ា ទម្ងន់​ ៤៤ គ.ក្រ និង និ សំណាង ក្នុង​ទម្ងន់​ ៦៣ ​គីឡូក្រាម។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០១៥ នៅ​សិង្ហបុរី និង​ស៊ីហ្គេម ឆ្នាំ​ ២០១៧ នៅ​ម៉ាឡេស៊ី គឺ​ម្ចាស់​ផ្ទះ​ទាំង ២​ ប្រទេស​នេះ មិន​បាន​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ចំបាប់​ឱ្យ​ចូលរួម​ប្រកួត​នោះ​ទេ។ ចំណែក​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន គឺ​ក្រុម​ចំបាប់​កម្ពុជា​មិន​មាន​លទ្ធភាព​ដណ្តើម​បាន​មេដាយ​មាស និង​ប្រាក់​ទៀត​ទេ ដោយ​ពួក​គេ​បាន​​ត្រឹម​មេដាយ​សំរឹទ្ធ​ចំនួន ​៥ ​ប៉ុណ្ណោះ។

តែ​ទោះបី​ជា​យ៉ាងណា​ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ ដែលកំពុង​ធ្វើ​នៅ​ប្រទេស​វៀតណាម​នា​ពេល​នេះ ក្រុម​ចំបាប់​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ ១៥ ប្រភេទ​ទម្ងន់​របស់​ពួក​គេ ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​មាស​ ១ ប្រាក់​ ១ និងសំរឹទ្ធ ​៤ ដែល​មាន​ភាព​ប្រសើរ​ជាង​ការ​ប្រកួត​នៅ​ហ្វីលីពីន។

នៅ​ក្នុង​ការ​ប្រកួត​នេះ​កីឡាករ​កូន​កាត់​ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី គឺ​ជា​បេក្ខភាព​ដែល​បាន​ឈ្នះ​មេដាយ​មាស​ឱ្យ​កម្ពុជា បន្ទាប់​ពី​កីឡាករ​ចំបាប់​សេរី ទម្ងន់​ ១២៥ ​​គីឡូក្រាម​រូប​នេះ​បាន​​ យក​​ឈ្នះ​​លើ​កីឡាករ​របស់​វៀតណាម ដោយ​ពិន្ទុ​ដាច់ ១០-០ និង​បាន​បន្ត​​ឈ្នះកីឡាករ​ឡាវ ដោយ​ពិន្ទុ​ដាច់ ១០-០ ដូចគ្នា​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​វិលជុំ​ទាំង​ ២ ​​លើក​​របស់​ខ្លួន​នោះ។

ចំណែក​មេដាយ​ប្រាក់ រក​បាន​ដោយ​កីឡាករ​កូន​កាត់​ខ្មែរ-អ៊ីរ៉ង់ ម៉ូ សារី ក្នុង​ការ​​​ប្រកួត​ក្នុង​ទម្ងន់​​ ៩៧​ គីឡូក្រាម។ ម៉ូ សារី បាន​ចាញ់​កីឡាករ​វៀតណាម​នៅ​វគ្គ​ជម្រុះ​ដំបូង ប៉ុន្តែ​គេ​បាន​យក​ឈ្នះ​កីឡាករ​របស់​ហ្វីលីពីន​ទើប​ដណ្តើម​បាន​មេដាយ​ប្រាក់​នេះ។ រីឯ​កីឡាការិនី ឌិត សំណាង និង​កីឡាការិនី ជា កញ្ញា រួម​ទាំង​​​កីឡាករ សឿន សុភាស់ និង ហេង វុទ្ធី​ ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​​ដូចគ្នា។

ប៉ុន្តែ​អតីត​ម្ចាស់​មេដាយ​មាស​ ៣ ​សម័យកាល ឌន សៅ ព្រម​ទាំង​កីឡាករ កែវ សុភ័ក្រ្ត, អេង សេងលាង, ងួន មករា, យុន ប៊ុនណា, អុល សៅហ៊ាង, ជុន ធួន ព្រម​ទាំង​កីឡាការិនី សឿន នឿន និង សម្បត្តិ វណ្ណៈ មិន ដណ្តើម​បាន​មេដាយ​នោះ​ទេ ហើយ​ជាមួយ​ការ​ឈ្នះ​បាន​ត្រឹម​មេដាយ​ ១ ​នេះ បាន​បញ្ជាក់​ថា ក្រុម​ចំបាប់​មិន​អាច​សម្រេច​គោល​ដៅ ដែល​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ដាក់​ចេញ​នោះ​ទេ ព្រោះ​គ្រូ​បង្វឹក​ជម្រើស​ជាតិ លោក កាង ដែនពិសិដ្ឋ បាន​ប្រាប់​មុន​ការ​ប្រកួត​ថា ​សម្រាប់​ស៊ីហ្គេម​លើក​នេះ​សហព័ន្ធ​បាន​​ដាក់​គោលដៅ​​​ដណ្តើម​ឱ្យ​​បាន​​មេដាស​​មាស​ ២។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​លទ្ធផល​នេះ លោក Casey Barnett អនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ ​បាន​ថ្លែង​ថា៖​ «តាម​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន​ ៣ ​ថ្ងៃ​នេះ យើង​ដណ្តើម​បាន​មេដាយ​មាស​ ១ ប្រាក់​ ១ និង​សំរឹទ្ធ​ ៤។ លទ្ធផល​នេះ​ វា​​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​ក្រុម​អត្តពលិក​យើង​ជាពិសេស​ពួក​គេ ​ត្រូវ​​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ក្នុង​​របត់​កូវីដ​​ ១៩ ដែល​មិន​បាន​ជួបជុំ​គ្រួសារ ប្រពន្ធ កូន​ គឺ​ពួក​គាត់​បាន​ទ្រាំ​តស៊ូ និង​ជម្នះ​រាល់​ការ​លំបាក ដើម្បី​ដណ្តើម​យក​មេដាយ​ជូន​ដល់​​ប្រទេស​ជាតិ។ ហេតុ​នេះ​យើង​ពិត​ជា​រីករាយ​ណាស់​សម្រាប់​លទ្ធផល​ការ​ឈ្នះ​បាន​មេដាយ​នៅ​ពេល​នេះ»៕