
Mbappe របស់ PSG លើកអាវ ដែលមានលេខឆ្នាំ២០២៥ បង្ហាញដល់អ្នកគាំទ្រ នៅមុនហ្គេម នៅ Ligue 1 ទល់នឹង Metz កាលពីថ្ងៃសៅរ៍។ AFP
ក្រុងប៉ារីស: ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បាននិយាយថា រូបគេមានក្ដីសុខណាស់ ដែលបានសម្រេចចិត្តស្នាក់នៅបន្តក្នុងក្រុម Paris Saint-Germain បន្ទាប់ពីក្លិបប្រកាសថា កីឡាករជយលាភីពាន World Cup ជាមួយក្រុមជម្រើសជាតិបារាំង បដិសេធក្រុមអធិរាជស Real Madrid រួចរាល់ហើយ ដើម្បីបានពាក់ឯកសណ្ឋានរបស់ក្រុមអ្នកមាននៅបារាំងមួយនេះតទៀត រហូតដល់ឆ្នាំ ២០២៥។
«ខ្ញុំមានក្ដីសុខណាស់ ក្នុងការស្នាក់នៅបន្តទៀត ក្នុងប្រទេសបារាំង ក្នុងទីក្រុងប៉ារីស ក្នុងក្រុងកំណើតរបស់ខ្ញុំ»។ នេះជាសម្ដីរបស់កីឡាករ Mbappe ដែលនិយាយទៅកាន់អ្នកគាំទ្រនៅលើទីលានរបស់កីឡដ្ឋាន Parc des Princes មុនពេលរូបគេអបអរសាទរ ចំពោះកិច្ចសន្យាថ្មី ជាមួយនឹងការធ្វើបានហ៊ែតទ្រិក (ស៊ុត ៣ គ្រាប់) ក្នុងជ័យជម្នះ ៥-០ របស់ក្រុម PSG លើក្រុម Metz នៅឯការប្រកួតបិទឆាកនៃរដូវកាលរបស់ក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសៅរ៍។
ដោយឈរក្បែរប្រធានរបស់ក្លិប PSG លោក Nasser al-Khelaifi កីឡាករ Mbappe បាននិយាយបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបន្តធ្វើអ្វី ដែលខ្ញុំចូលចិត្តបំផុត ពោលគឺឈ្នះការប្រកួតបាល់ទាត់ និងពានរង្វាន់នានា ជាមួយអ្នកទាំងអស់គ្នា»។
ការធ្វើបានហ៊ែតទ្រិករបស់កីឡាករ Mbappe កាលពីថ្ងៃសៅរ៍ បានធ្វើឱ្យគ្រាប់បាល់សរុបរបស់គេនៅលីគសម្រាប់រដូវកាលនេះ មានចំនួនដល់ទៅ ២៨ គ្រាប់ ខណៈដែលរូបគេបានបញ្ចប់រដូវកាលក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅ Ligue 1 ជាលើកទី៤ ជាប់ៗគ្នា។
ការសម្រេចចិត្តនេះ បានបញ្ចប់សំឡេងខ្សឹបខ្សៀវជាហូរហែ ពាក់ព័ន្ធនឹងព័ត៌មានរបស់ខ្សែប្រយុទ្ធដ៏មានទេពកោសល្យវ័យ ២៣ ឆ្នាំ ក្នុងវិស័យបាល់ទាត់ពិភពលោករូបនេះ ដែលត្រូវក្រុមយក្សអេស្ប៉ាញ Real តាមបញ្ចុះបញ្ចូលអន្ទងចិត្តឱ្យព្រមទៅរួមក្រុមអស់ជាច្រើនខែ រហូតដល់មានសេចក្ដីរាយការណ៍ថា បានព្រមព្រៀងចុះកិច្ចសន្យាមួយ ដែលមានរួមបញ្ចូលទាំងលក្ខខណ្ឌលក់បន្តក្នុងតម្លៃ ១៥០ លានអឺរ៉ូ ($១៥៨ លាន) ទៀតផង។
កីឡាករ Mbappe មិនបានលាក់លៀមពីបំណងប្រាថ្នារបស់ខ្លួននោះឡើយ ក្នុងការបានលេងនៅថ្ងៃណាមួយឱ្យក្រុម Real ដែលនឹងប្រឈមជាមួយក្រុមហង្សក្រហម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុងប៉ារីស នាចុងសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបានក្លាយជាជើងឯកនៅក្របខ័ណ្ឌ La Liga ជាលើកទី៣៥។
តែក្រុម PSG ដែលបានឈ្នះជើងឯកលីគកំពូលរបស់បារាំងជាលើកទី១០ តែបានធ្វើឱ្យអ្នកគាំទ្រខឹងសម្បា ចំពោះការធ្លាក់ដោយសារក្រុម Real ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅ Champions League បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណារក្សាធនធានដ៏មានតម្លៃរបស់ខ្លួន។
«ខ្ញុំទើបបានដឹងថា រូបគេ (Mbappe) កំពុងស្នាក់នៅបន្តត្រឹមតែប៉ុន្មាននាទី មុនមានការប្រកាសរបស់ក្លិប»។ នេះជាការបញ្ជាក់ពីគ្រូបង្វឹករបស់ក្រុម PSG លោក Mauricio Pochettino ដែលត្រូវបានដឹងយ៉ាងទូលំទូលាយថា នឹងចាកចេញពីក្លិបនៅបញ្ចប់រដូវកាលនេះ បើទោះបីនៅសល់កិច្ចសន្យា ១ ឆ្នាំទៀតក៏ដោយ។
ពាក់ព័ន្ធករណីនេះ ប្រធានក្របខ័ណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ លោក Javier Tebas បានរិះគន់ដោយខឹងសម្បា កាលពីថ្ងៃសៅរ៍ថា ធនធានហិរញ្ញវត្ថុដ៏មហាសាលរបស់ម្ចាស់ក្លិប PSG បានក្លាយជាកត្តាជួយកំណត់ក្នុងការបញ្ចុះបញ្ចូលកីឡាករ Mbappe ឱ្យស្នាក់នៅប្រទេសបារាំងបន្ត។
«អ្វីដែលក្រុម PSG កំពុងធ្វើ ដោយការបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Mbappe ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងដែលពួកគេបានប្រកាសនូវការខាតបង់ ៧០០ លានអឺរ៉ូ ($៧៣៨ លាន) នៅប៉ុន្មានរដូវកាលថ្មីៗនេះ និងមានវិក្កយបត្រប្រាក់ឈ្នួលជាង ៦០០ លានអឺរ៉ូ ($៦៣៣ លាន) គឺជាការប្រមាថដល់កីឡាបាល់ទាត់»។ លោក Tebas បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមធ្វីធើរ។
ជាមួយគ្នានេះដែរ ក្របខ័ណ្ឌ La Liga បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងចាប់ផ្តើមដាក់ពាក្យបណ្តឹងជាផ្លូវការ ប្រឆាំងសកម្មភាពរបស់ក្រុម PSG នេះ ទៅកាន់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) អាជ្ញាធរហិរញ្ញវត្ថុ និងសារពើពន្ធរបស់បារាំង និងព្រមទាំងទៅកាន់ស្ថាប័នធ្វើការសម្រេចស្របច្បាប់នានា នៃសហភាពអឺរ៉ុប៕ AFP/VN