ភ្នំពេញ: នៅ​ទីបំផុត ក្រុម​អត្តពលិក​កាយសម្ព័ន្ធ​កម្ពុជា អាច​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ សម្រាប់​​ការ​ឈ្នះ​មេដាយ​ជា​លើក​ដំបូង នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​ពួក​គេ​បាន​ហើយ បន្ទាប់​ពី​ក្រុម​អត្តពលិក​វ័យ​ក្មេង​របស់​កម្ពុជា​ទាំង​នេះ បាន​ឈ្នះ​មេដាយប្រាក់​ចំនួន​ ៣ និង​សំរឹទ្ធ​ ១ ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣១​ ឆ្នាំ​ ២០២១ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

សម្រាប់​ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​អេរ៉ូប៉ិច កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ក្រុម​អត្តពលិក​វ័យ​ក្មេង​របស់​កម្ពុជា​បាន​បង្ហាញ​ឱ្យ​គ្រប់គ្នា មើល​ឃើញ​ថា ការ​តស៊ូ​ព្យាយាម​ហ្វឹកហាត់​តាំង​ពី​កុមារភាព​របស់​ពួក​គេ គឺ​នៅ​ពេល​នេះ​អាច​ទទួល​បាន​ផ្លែផ្កា ជូន​ប្រទេស​ជាតិ​ហើយ បន្ទាប់​ពី​​កីឡាករ ហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និង​កីឡាការិនី ម៉ូ ស្រីពៅ បាន​រួម​គ្នា​បង្ហាញ​សមត្ថភាព​ប្រកួត​យ៉ាង​ស្ទាត់​ជំនាញ​លើ​វិញ្ញាសា Trio ដើម្បី​ឈ្នះ​បាន​មេដាយ​ប្រាក់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​។​

ជាមួយ​គ្នា​នោះ កីឡាករ ជឿន ចាន់បូរី ​ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញសា​ប្រកួត​​ឯកត្តជន​ផង​ដែរ ចំណែក​ការ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ កីឡាករ ហាស់ សុខហ៊ និង​កីឡាការិនី ម៉ូ ស្រីពៅ បាន​សហការ​គ្នា​យ៉ាង​ល្អ ដើម្បី​ឈ្នះ​មេដាយ​ប្រាក់​ ១ ​ទៀត ជូន​ជាតិ​នៅ​ក្នុង​លើ​វិញ្ញាសា​កាយសម្ព័ន្ធ​ជា​គូ​បុរស​-​នារី (Mixed Pair) ហើយ​កីឡាករ ហាស់ សុខហ៊ និង ម៉ូ ស្រីពៅ ដដែល​បាន​រួម​គ្នា​ជាមួយ​កីឡាករ ជឿន ចាន់បូរី​, ត្រន ប៊ុនធឿន និង​កីឡាករ ង៉ែត តុលា ដើម្បី​ឈ្នះ​បាន​មេដាយ​ប្រាក់ លើ​វិញ្ញាសា​ជា​ក្រុម​ផង​ដែរ​។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អត្តពលិក​របស់​លោក ដែល​បាន​ព្យាយាម​តាំង​ពី​មិន​ទាន់​​មាន​អ្វី​ជា​ដុំ​កំភួន​សោះ រហូត​ទទួល​បាន​ជ័យជម្នះ គឺ​ការ​ឈ្នះ​បាន​មេដាយ​ជា​ប្រវត្តិសាស្ត្រ​នៅ​ស៊ីហ្គេម​លើក​នេះ បន្ទាប់​ពី​ពួក​គេ​បាន​រង់ចាំ​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​។

លោក ណយ ផាណា បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​កីឡា​កាយសម្ព័ន្ធ​របស់​យើង ធ្លាប់​បាន​​ចូលរួម​ក្នុង​ស៊ីហ្គេម​នៅ​ប្រទេស​ហ្វីលីពីន តាំង​ពី​ឆ្នាំ​ ២០០៥ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​នោះ គឺ​មាន​ការ​លំបាក​ច្រើន ដោយសារ​កីឡាករ កីឡាការិនី និង​ធនធាន​នៃ​ចំណេះដឹង​​ផ្នែក​កាយសម្ព័ន្ធ​របស់​យើង នៅ​មាន​កម្រិត​តិចតួច​បំផុត ហេតុនេះ​មេដាយ ដែល​យើង​ទទួល​បាន​ពេល​នេះ យើង​ពិត​ជា​អរគុណ​ចំពោះ​ការ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​ដឹកនាំ ជាពិសេស​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ដាក់​ចេញ​នៅ​លក្ខណ​ពិសេស ដល់​ក្រុម​អត្តពលិក​ជម្រើសជាតិ​របស់​យើង»។​

បន្ថែម​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខ​ដឹកនាំ​ប្រទេស ដែល​បាន​ផ្តល់​ជូន​នៅ​យន្តហោះ​ពិសេស សម្រាប់​ដឹក​ជញ្ជូន​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ទៅ និង​ត្រឡប់​មក​វិញ ក្នុង​ស៊ីហ្គេម​លើក​នេះ លោក ណយ ផាណា បាន​បន្ត​ថា​៖ «​យើង​ពិត​ជា​អរគុណ​លោក​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជា​ប្រធាន NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ផ្ទាល់ និង​លោក​ឧកញ៉ា សុខ ហុង ជា​អនុប្រធាន ដែល​តែងតែ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​អនុសាសន៍ ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ជា​អ្នក​កាន់​ការងារ​ខាង​បច្ចេកទេស មាន​ផែនការ​ជាក់លាក់​»។

លោក​បាន​បន្ថែម​ថា​៖ «​ការ​ទទួល​បាន​មេដាយ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​យើង​មិន​ធ្លាប់​ទទួល​បាន​មេដាយ​នោះ​ទេ ហើយ​ការ​ទទួល​បាន​មេដាយ​នេះ គឺ​ស្ថិតនៅ​ក្រោម​ផែនការ​ជាក់លាក់ ដែល​យើង​បាន​ដាក់​ចេញ​ជា​យូរ​ឆ្នាំ​មក​ហើយ​។​ យើង​បាន​ខិតខំ បើ​ទោះបី​ជា​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូវីដ​​ ១៩ ក៏​យើង​ព្យាយាម​រក្សា​កីឡាករ កីឡាការិនី ហ្វឹកហាត់​ឱ្យ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ហើយ​ថ្នាក់​ដឹកនាំ​របស់​យើង ក៏​ដូចជា​រូប​ខ្ញុំ​ផ្ទាល់ តែងតែ​បាន​ទៅ​សួរ​សុខទុក្ខ និង​លើក​ទឹក​ចិត្ត​​ដល់​ពួក​គេ​»។

អគ្គលេខាធិការ លោក ណយ ផាណា បាន​ប្រាប់​ទៀត​ថា​៖ «​យើង​មាន​ផែនការ​ជាក់លាក់​ថា នៅ​ឆ្នាំ​នេះ យើង​ត្រូវ​រក​លទ្ធផល​មេដាយ​ជូន​ជាតិ​មាតុភូមិ និង​ដើម្បី​ឆ្ពោះទៅ​រក​លទ្ធផល​មួយ ដែល​យើង​រំពឹង​ទុក​នៅ​ក្នុង​ផែនការ គឺ​យើង​ត្រូវ​ស្វែងរក​មេដាយ​មាស​ ១ នៅ​ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ អ៊ីចឹង​បើ​ផ្អែក​ទៅ​លើ​លទ្ធផល​ពេល​នេះ យើង​រំពឹងថា យើង​នឹង​ធ្វើ​បានល្អ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​»​។

ចំណុច​សំខាន់ ដែល​ជួយ​ឱ្យ​ក្រុម​កាយសម្ព័ន្ធ​កម្ពុជា ឈ្នះ​បាន​មេដាយ​នៅ​ស៊ីហ្គេម​លើកនេះ ត្រូវ​បាន​លោក ណយ ផាណា ប្រាប់​បន្ថែម​ថា​ ៖ «​យើង​ក៏​អរគុណ​ចំពោះ​ការ​ផ្តល់​គ្រូបង្វឹក​អន្តរជាតិ ដែល​ខ្ញុំ​ផ្ទាល់​បាន​ទំនាក់ទំនង​ក្នុង​ការ​ហៅ​គ្រូ​បង្វឹក​បរទេស​ម្នាក់​មក ដើម្បី​ធ្វើ​ការ​បង្វឹក និង​ធ្វើ​ការ​សហការ​ជា​មួយ​គ្រូបង្វឹក និង​គ្រូ​ជំនួយ​កម្ពុជា ដោយ​គាត់​បាន​ជួយ​សម្រួល​ច្រើន និង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​នេះ ហើយ​ដោយ​ផ្អែក​តាម​ផែនការ​ជាក់លាក់ និង​លទ្ធផល​​នៅ​ពេល​នេះ យើង​សង្ឃឹម​ថា យើង​នឹង​ខិតខំ​ធ្វើ​ឱ្យ​បាន (ឈ្នះ​មេដាយមាស​) ទៅ​តាម​ផែន​ការ សម្រាប់​ឆ្នាំ​ ២០២៣»៕

វីដេអូ៖