ភ្នំពេញ: ​លោក​ នេត សាវឿន នាយ​ឧត្តមសេនីយ៍​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​សាទរ​ចំពោះ​​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ដែល​ក្រុម​កីឡាករ​បាល់ទះ​លើ​ក្តារ​ជម្រើស​ជាតិ​កម្ពុជា​សម្រេច​បាន ក្រោយ​ពី​ពួក​គេ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ជា​ប្រវត្តិសាស្ត្រ និង​ជា​លើក​ដំបូង បើ​គិត​ចាប់​តាំង​ពី​ ១៩៨៣ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​ថ្ងៃ​សៅរ៍ ទី ​២១ ខែ​ឧសភា កន្លង​ទៅ​។

ក្នុង​ការ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​ ៣ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​បាល់ទះ​កម្ពុជា​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល និង​បំពេញ​ការ​សងសឹក​របស់​ពួក​គេ​លើ​ក្រុម​ជម្រើសជាតិ​ថៃ តាមរយៈ​ការ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​មេដាយ​មាស​ ៨​ សម័យកាល​មួយ​នេះ ក្នុង​លទ្ធផល​ ៣​ សិត ទល់​នឹង ២ ​សិត (២៥-២៣, ២២-២៥, ២៥-២២, ១៣-២៥ និង​ ១៥-១៣) ដើម្បី​ឈ្នះ​មេដាយ​សំរឹទ្ធ ជា​​លើក​ដំបូង ក្នុង​រយៈពេល​ ៣៩​ ឆ្នាំ​។

ក្រោយ​ពី​បាល់​ទះ​កម្ពុជា បាន​ឈ្នះ​មេដាយ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន លោក​ នេត សាវឿន បាន​សរសេរ​សារ​សាទរ​នៅ​​លើ​​​គណនី Facebook របស់​លោក​ថា​៖ «​ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ខ្ញុំ​សូម​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​សមិទ្ធផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា​យើង​ដែល​បាន​ទទួល​មេដាយ​សំរឹទ្ធ​ក្នុង​ការ​ប្រកួត SEA Games»។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​នេះ​គឺ​ជា​មោទនភាព​ជាតិ​ដ៏​ធំធេង ក្នុង​វិស័យ​​កីឡាបាល់​ទះ​របស់​យើង ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​កម្ពុជា​យើង ដែល​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ ចូលរួម​អបអរសាទរ​ចំពោះ កីឡាករ​ទាំងអស់​រួម​ទាំង​គ្រូបង្វឹក អាជ្ញាកណ្តាល ជំនួយការ និង​ប្រតិភូ​កីឡាករ​បាល់ទះ​កម្ពុជា​យើង​ទាំង​អស់ ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​»​។​

លទ្ធផល​នេះ ក៏​ជា​ការ​បំពេញ​ការ​សងសឹក​របស់​កម្ពុជា​លើ​ក្រុម​ជម្រើស​ជាតិ​ថៃ​ផង​ដែរ ក្រោយ​ពី​ពួក​គេ​បាន​ខ្ជះខ្ជាយ​ការ​នាំមុខ​ក្នុង​លទ្ធផល ២​ សិត ទល់​នឹង ០ មុន​នឹង​ចាញ់​ក្នុង​លទ្ធផល ៣ ​សិត ទល់​នឹង​ ២ ​សិត ក្នុង​ពេល​ក្រុម​ទាំង​ ២ បាន​ជួបគ្នា​ក្នុង​ពូល B នៃ​ការ​ប្រកួត​បាល់ទាត់​ទះ ផ្នែក​បុរស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

ជាមួយ​គ្នា​នេះ​ លោក ស សុខា អនុប្រធាន​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា ក៏​បាន​ចូលរួម​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​បាល់​ទះ​កម្ពុជា​ផង​ដែរ ដោយ​លោក​បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា​៖ «​ទោះបី​មិន​ទទួល​បាន​មេដាយ​មាស ក៏​ពិត​មែន ប៉ុន្តែ​នេះ​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយ​របស់​ក្រុម​កីឡា​បាល់​ទះ​ក្នុង​សាល​ជម្រើស​ជាតិ​បុរស​របស់​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​ជាពិសេស​»​។​

ដោយ​ឡែក ក្រុម​កីឡាករ​ហែល​ទឹក​ពាក់​ជើង​ទា​ជម្រើស​ជាតិ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ​ជា​លើក​ដំបូង ក្នុង​រយៈពេល​ ៤៩ ​ឆ្នាំ​ផង​ដែរ កាល​ពី​ថ្ងៃ​សៅរ៍ ដដែល​នោះ ក្រោយ​ពី​ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣​ លើ​វិញ្ញាសា ហែល​បណ្តាក់ ៤x២០០ ​ម៉ែត្រ (surface) នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ទីក្រុង​ហាណូយ។

នៅ​មុន​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០២១ លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ចន្ទ ទី ​២៣ ខែ​ឧសភា គិត​ត្រឹម​ល្ងាច​ម្សិលមិញ កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​សរុប ៨ ប្រាក់​ ១២ និង​សំរឹទ្ធ ៣៩៕